Sunday, May 11, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ចគយ បង្ក្រាបរថយន្ត Lexus ២០គ្រឿង អត់ពន្ធ និងពាក់ផ្លាកលេខក្លែងក្លាយ ដើម្បីធ្វើកំណត់ហេតុ បង់ពន្ធ ទៅតាមនីតិវិធីច្បាប់គយ

ភ្នំពេញ៖ រថយន្ត២០គ្រឿងដែលអត់ពន្ធ និងពាក់ផ្លាកលេខក្លែងក្លាយ នៅខេត្តត្បូងឃ្មុំ ក្រចេះ និងមណ្ឌលគិរី ត្រូវបានកម្លាំងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានសហការជាមួយកម្លាំងសមត្ថកិច្ច ចុះបង្ក្រាបរឹបអូស នាំយកមករក្សាទុកជាបណ្ដោះអាសន្ន នៅទីតាំងគយចល័តតំបន់៦ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដើម្បីធ្វើកំណត់ហេតុ បង់ពន្ធ ទៅតាមនីតិវិធីច្បាប់គយ។

ការចុះបង្ក្រាបនេះធ្វើឡើងតាមអនុសាសន៍របស់លោក គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា លើករណីផុតសុពលភាព នៃការបន្ធូរបន្ថយប្រាក់ពន្ធនាំចូល១០% ចំពោះរថយន្តចង្កូតឆ្វេង ដែលមានស្រាប់នៅក្នុងស្រុក និងដោយមានការចង្អុលបង្ហាញ ពីលោកអគ្គនាយករង និងជាប្រធាននាយកដ្ឋានបង្ការនិងបង្រ្កាបបទល្មើស។

លោក ព្រាប គារ៉ាត ប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៦ បានដឹកនាំមន្ត្រីក្រោមឱវាទ សហការជាមួយមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចុះបង្ក្រាបលើរថយន្តចង្កូតឆ្វេងអត់ពន្ធ នៅក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ ខេត្តក្រចេះ និងខេត្តមណ្ឌលគិរី ដោយបានសហការជាមួយ មន្ត្រីកងរាជអាវុធហត្ថ និងមន្ត្រីស្នងការរដ្ឋាននគរបាលក្នុងខេត្តនីមួយៗ ដោយមានការសម្របសម្រួល ពីព្រះរាជអាជ្ញាទាំងបីខេត្ត។

ជាលទ្ធផលរយៈពេលបួនថ្ងៃមន្ត្រីគយតំបន់៦ បង្ក្រាបបានរថយន្តអត់ពន្ធពាក់ផ្លាកលេខក្លែងក្លាយ រួមមាន៖ ខេត្តត្បូងឃ្មុំ មានរថយន្ត Lexus RX 330 ចំនួន៤គ្រឿង រថយន្តLexus RX 400H ចំនួន២គ្រឿង និងរថយន្តLexus RX 350 ចំនួន១គ្រឿង។ ខេត្តក្រចេះ មានរថយន្ត Lexus RX 330 ចំនួន៤គ្រឿង។ ខេត្តមណ្ឌលគិរី មានរថយន្ត Lexus RX 330 ចំនួន៥គ្រឿង និងរថយន្ត Lexus RX 400H ចំនួន៤គ្រឿង សរុបទាំងអស់ មានរថយន្តចំនួន ២០ គ្រឿង។

រថយន្តចំនួន២០គ្រឿងនេះ សមត្ថកិច្ចគយបាននាំយកមករក្សាទុក ជាបណ្ដោះអាសន្ន នៅទីតាំងគយចល័តតំបន់៦ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដើម្បីធ្វើកំណត់ហេតុបង់ពន្ធ ទៅតាមនីតិវិធីច្បាប់គយ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×