Monday, September 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លែងកូនត្រីពូជចម្រុះចូលក្នុងបឹងត្រពាំងក្រម ដើម្បីបង្កើនផលស្តុកធម្មជាតិសរុបមានចំនួន៣០ ០០០ក្បាល ស្ថិតនៅភូមិសាទុំ ខេត្តត្បូងឃ្មុំ

ខេត្តត្បូងឃ្មុំ ៖ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិម្ម រុក្ខាប្រមាញ់ និងនេសាទ តាមការចង្អុលបង្ហាញពី ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា និងតាមការណែនាំពីឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត បានអញ្ជើញជាអធិបតីភាពក្នុងពិធីលែងកូនត្រីពូជចម្រុះចូលក្នុងបឹងត្រពាំងក្រម ស្ថិតនៅភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

ពិធីនេះ រៀបចំដោយអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មទឹកសាប មជ្ឈមណ្ឌលស្រាវជ្រាវ និងផលិតពូជវារីសត្វមេគង្គលើ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តត្បូងឃ្មុំ ខណ្ឌរដ្ឋបាលជលផលត្បូងឃ្មុំ មន្ត្រីកសិកម្មឃុំ រដ្ឋបាលស្រុកមេមត់ អាជ្ញាធរមូលដ្ឋាន សហគមន៍ជម្រកត្រីត្រពាំងក្រម និងប្រជាពលរដ្ឋ ហើយបានលែងនូវកូនត្រីពូជចម្រុះចូលក្នុងបឹងត្រពាំងក្រម ដើម្បីបង្កើនផលស្តុកធម្មជាតិសរុបមានចំនួន៣០ ០០០ក្បាល រួមមាន ត្រីក្រាញ់ ចំនួន១០ ០០០ក្បាល ត្រីអណ្តែងទន់ ចំនួន៧០០០ក្បាលត្រីឆ្ពិន ត្រីកាហែ និងត្រីច្រកែង ចំនួន១៣ ០០០ក្បាល។

នាឱកាសនេះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានអំពាវនាវដល់អាជ្ញាធរពាក់ព័ន្ធ និងសហគមន៍ជម្រកត្រីត្រពាំងក្រម ឱ្យមានការអភិវឌ្ឍ និងអភិរក្សលើវិស័យជលផល ក៏ដូចជាប្រជាពលរដ្ឋ រួមគ្នាជំរុញការអភិវឌ្ឍ និងថែរក្សា ការពារ អភិរក្សលើវិស័យជលផលឱ្យមានចីរភាព ខណៈលែងកូនត្រីចំនួន៣ម៉ឺនក្បាល។ ជាពិសេសត្រូវ ជំរុញការអភិវឌ្ឍមច្ឆាជាតិ ក្នុងខេត្តត្បូងឃ្មុំ ឱ្យបានល្អប្រសើរ ក្រោមពាក្យស្លោក «ទាំងអស់គ្នាដើម្បីត្រី ត្រីដើម្បីទាំងអស់គ្នា»។

ទន្ទឹមនឹងនេះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា ការលែងកូនត្រីនេះ គឺសារសំខាន់បំផុត សម្រាប់បំផុសស្មារតី ប្រជាពលរដ្ឋ អាជ្ញាធរពាក់ព័ន្ធ និងវិស័យឯកជន ឱ្យចូលរួមយ៉ាងសកម្ម ក្នុងសកម្មភាពថែរក្សា ការពារ អភិរក្ស និងបង្កើនផល ស្តុកធនធានជលផល ក្នុងបឹងធម្មជាតិ ឱ្យកាន់តែសម្បូរឡើងថែមទៀត សម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ កាត់បន្ថយភាពក្រីក្រ និងបង្កើនជីវភាពរស់នៅផងដែរ។

ជាមួយគ្នានោះ ឯកឧត្តមអនុរដ្ឋលេខាធិការ ក៏បានធ្វើការណែនាំដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ខណ្ឌរដ្ឋបាលជលផល ត្រូវចាត់វិធានការឱ្យបានម៉ឺងម៉ាត់បន្ថែមទៀត ចំពោះជនល្មើស បំផ្លាញព្រៃលិចទឹកនៅគ្រប់ទីកន្លែង និងកិច្ចការពារកន្លែងអភិរក្សជលផល ដោយបន្តការងារបង្ក្រាបបទល្មើសជលផលជាប្រចាំ ពោលគឺត្រូវចាត់វិធានការគ្រប់បែបយ៉ាង ដោយផ្តោតសំខាន់ ទៅលើបទល្មើសដែលបំផ្លិចបំផ្លាញខ្លាំង ដូចជាឧបករណ៍ឆក់ ឧបករណ៍ស្បៃមុង និងការប្រើសារធាតុពុល ដើម្បីចាប់ត្រីជាដើម៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×