សៀមរាប ៖ មហាជន ជាពិសេសបណ្តាអ្នកលេងអ៊ីនធឺណេតនៅកម្ពុជា បានសម្តែងការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្នុងពេលដែលពួកគេបានឃើញវត្តមាន របស់តារាភាពយន្តហូលីវូដលោកស្រី Angelina Jolie ដើរកម្សាន្ត នៅលើទឹកដីសៀមរាបអង្គរ ប្រទេសកម្ពុជា។

លោកស្រី Angelina Jolie ក៏ធ្លាប់មកស្រុកខ្មែរ ក្នុងគោលបំណងថតកុន និងធ្វើកិច្ចការងារសប្បុរសធម៌នានា ជាបន្តបន្ទាប់ កាលពីពេលកន្លងទៅ ខណៈពេលលោកស្រី ក៏ជាជាតិជាតិខ្មែរមួយរូប ដែលទទួលបានសញ្ញាតិខ្មែរ ប្រមាណជាជិត២០ឆ្នាំមកហើយ។
នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ នេះផេកហ្វេសប៊ុកដែលមានឈ្មោះថា Angelina Jolie/ Angie ក៏បានបង្ហោះរូបភាពសកម្មភាពនានា របស់តារាភាពយន្តរូបនេះ ជាមួយនឹងការភ្ជាប់សារថា Angelina Jolie នៅក្នុងតំបន់អង្គរវត្ត នៃប្រទេសកម្ពុជា ។
រូបភាពទាំងនេះ ត្រូវបានមហាជនកម្ពុជានាំគ្នាចែកចាយ ពេញបណ្តាញសង្គមហ្វេសប៊ុកយ៉ាងព្រោងព្រាត ដោយអមជាមួយនឹងពាក្យពេចន៍ នៃការស្វាគមន៍ការវិលមកកាន់ប្រទេសកម្ពុជាជាថ្មី ពីកំពូលតារាសម្តែងហូលីវូដអ្នកស្រី Angelina Jolie នាពេលនេះ ។

ទោះជាយ៉ាងណា គេនៅមិនទាន់ដឹងច្បាស់ទេថា ការមកកម្ពុជារបស់លោកស្រី Angelina Jolie នាពេលនេះមានគោលបំណងអ្វីនោះឡើយ ប៉ុន្តែកន្លងមកលោកស្រីធ្លាប់បានលើកឡើងថា លោកស្រីនឹងវិលមកកាន់កម្ពុជាជាថ្មី ក្នុងអំឡុងឆ្នាំ២០២២ ។
ការវិលមកស្រុកខ្មែរជាថ្មី របស់លោកស្រីនាពេលនេះ ទំនងជាលោកស្រីនឹងចូលរួមធ្វើកិច្ចការងារមួយចំនួន ដែលលោកស្រីមានគម្រោងទុក មកជាយូរមកហើយ ដែលនោះជាកិច្ចការទាក់ទងផ្នែកសង្គម និងការងារមនុស្សធម៌ ក្នុងពេលដែលលោកស្រី ក៏ធ្លាប់បង្ហាញគម្រោងការងារទាំងអស់នោះ ដល់បណ្តាញសារព័ត៌មានអន្តរជាតិមួយចំនួនផងដែរ។
គួរបញ្ជាក់ថា កំពូលតារាហូលីវូដលោកស្រី Angelina Jolie ទទួលបានសញ្ជាតិខ្មែរ កាលពីអំឡុងឆ្នាំ២០០៥ និងមានផ្ទះមួយក្នុងស្រុកសំឡូត នៃខេត្តបាត់ដំបង។ លោកស្រី ក៏បានទទួលយកកូនខ្មែរម្នាក់មានឈ្មោះថា Maddox ទៅចិញ្ចឹម តាំងពីកុមាររូបនោះមានវ័យ៧ខែ ខណៈបច្ចុប្បន្ន Maddox មានវ័យប្រមាណ២០ឆ្នាំហើយ ហើយក៏ត្រូវបានលោកស្រី ខិតខំបណ្តុះបណ្តាលលើផ្នែកសិល្បះដូចជាលោកស្រីផងដែរ៕ រក្សាសិទ្ធិដោយ ៖ សំណាង SV




