ជាការពិតណាស់ កាលពីពេលកន្លងៗទៅ តារាស្រីដ៏ល្បីឈ្មោះលំដាប់ពិភពលោក Angelina Jolie គេតែងឃើញបង្ហាញវត្តមានជារឿយៗនៅលើទឹកដីប្រទេសកម្ពុជា ដើម្បីបំពេញបេសកកម្មសប្បុរសធម៌ និងការថតភាពយន្តជាដើម។ ហើយវត្តមាននេះផងដែរ ក៏ព្រោះតែក្តីស្រឡាញ់ដែលអ្នកស្រីមានចំពោះប្រទេសកម្ពុជា និងប្រជាជនខ្មែរ។
ដោយឡែកថ្មីៗនេះ បណ្តាអ្នកគាំទ្រ និងក៏ដូចមហាជននៅលើបណ្តាញសង្គម ពិតមានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីបានឃើញវត្តមានរបស់តារាហូលីវូដដ៏ល្បីល្បាញលំដាប់ពិភពលោក Angelina Jolie នៅលើទឹកដីអង្ករ។ បើតាមប្រភពចែករំលែកបានឲ្យដឹងថា តារាស្រីដ៏ឆ្នើម Angelina Jolie មកបានមកប្រទេសកម្ពុជា កាលពីថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២២នេះ ប៉ុន្តែ គេក៏មិនដឹងថាការអញ្ជើញមកលើកនេះរបស់អ្នកស្រី ក្នុងគោលដៅទេសចរណ៍ ឬបំពេញបេសកកម្មអ្វីណាមួយនោះទេ។
តែយ៉ាងណាមិញ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលដ៏មិននឹកស្មាននោះ បើតាមប្រភពបានបង្ហើបឲ្យដឹងថា តារាហូលីវូដ Angelina Jolie មកលេងប្រាសាទអង្គរវត្ត កាលពីម្សិលមិញនេះ គឺបន្ទាប់ពីផ្ទេរមរតកជាង ១២០ លានដុល្លារ ទៅអោយកូនចិញ្ចឹមជាជនជាតិខ្មែរឈ្មោះថា Maddox Jolie-Pitt អាយុ ២១ ឆ្នាំ គឺជាមនុស្សដ៏មានភព្វសំណាងតែម្នាក់គត់ក្នុងចំណោមបងប្អូនចិញ្ចឹម ៦ នាក់ ដែលបានស្នងទ្រព្យសម្បត្តិជាងរយលានដុល្លារនេះ។
គួរបញ្ជាក់ឲ្យដឹងផងដែរថា Maddox ដែលមានឈ្មោះដើមថា រ័ត្ន វិបុល កើតឆ្នាំ ២០០០ ត្រូវបានអ្នកស្រី Angelina Jolie ព្រោះតែមាននិស្ស័យ បានទទួលយកធ្វើជាកូនចិញ្ចឹម ចេញពីមណ្ឌលកុមារកំព្រាមួយកន្លែង ខណៈអ្នកស្រី ធ្វើដំណើរទស្សនកិច្ចជាមួយអង្គការសហប្រជាជាតិ កាលពីអំឡុងឆ្នាំ២០០២៕ រក្សាសិទ្ធិដោយ៖ លឹម ហុង








