Sunday, May 11, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា សម្តែងការខកចិត្ត ចំពោះការបែកធ្លាយ នូវរបាយការណ៍ដែលធ្វើឡើង ដោយក្រុមអ្នកជំនាញក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ

ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានចេញសេចក្តីបំភ្លឺចំពោះអត្ថបទរបស់គេហទំព័រ NK News មានចំណងជើងថា «ចារកម្មកូរ៉េខាងជើងបានបើកដំណើរការសណ្ឋាគារ កាស៊ីណូ និងភ្នាក់ងារទេសចរណ៍នៅកម្ពុជា» ចេញផ្សាយកាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ ធ្វើឡើងដោយក្រុមអ្នកជំនាញក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលត្រូវបានបង្កើតឡើង ដោយអនុលោមតាមសេចក្តីសម្រេច របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ លេខ ១៨៧៤ (២០០៩) តាមរយៈស្ថានបេសកកម្មអចិន្រ្តៃយ៍របស់កម្ពុជា ប្រចាំនៅអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក ដូចខាងក្រោម៖

«ឯកឧត្តម ឯកអគ្គរាជទូត ! សូមអរគុណចំពោះអ៊ីម៉ែលរបស់ឯកឧត្តម។ ខ្ញុំបានអានកំណត់ទូតរបស់ស្ថានបេសកកម្មរបស់ ឯកឧត្តម និងអត្ថបទរបស់គេហទំព័រ NK News ពាក់ព័ន្ធនឹងករណីលោក គឹម ចុលសុក ដែលចេញផ្សាយកាលពីថ្ងៃទី ១៥ ខែកុម្ភៈ យ៉ាងល្អិតល្អន់។ ខ្ញុំមានការខកចិត្តយ៉ាងខ្លាំងដូចលោកដែរ ចំពោះការបែកធ្លាយនូវរបាយការណ៍របស់គណៈកម្មការ (Panel) ដែលនឹងត្រូវបញ្ចប់នៅពេលខាងមុខ ទៅកាន់ក្រុមអ្នកសារព័ត៌មាន ដោយគ្មានការអនុញ្ញាត។ របាយការណ៍នៅតែត្រូវបានរក្សាជាការសម្ងាត់។ វានៅជាសេចក្ដីព្រាងនៅឡើយ ដែលបច្ចុប្បន្នស្ថិតនៅក្រោមការត្រួតពិនិត្យដោយរដ្ឋសមាជិក នៃគណៈកម្មាធិការ ១៧១៨ មុនពេលដាក់ស្នើជាផ្លូវការទៅកាន់ក្រុមប្រឹក្សាសន្តិសុខនៅចុងសប្តាហ៍ក្រោយ។ ខ្ញុំសូមគូសបញ្ជាក់ជូនថា មិនមាននរណាម្នាក់នៅក្នុងគណៈកម្មការ បាននិយាយជាមួយក្រុមអ្នកសារព័ត៌មាន អំពីខ្លឹមសារនៃរបាយការណ៍ចុងក្រោយរបស់យើងនោះទេ ហើយយើងក៏មិនបានចែករំលែកផ្នែកណាមួយ នៃរបាយការណ៍នេះជាមួយក្រុមអ្នកសារព័ត៌មានដែរ។
យើងមិនអាចផ្សព្វផ្សាយជាសាធារណៈ នូវផ្នែកណាមួយនៃសេចក្ដីព្រាងរបាយការណ៍របស់យើងបានទេ រហូតដល់វាត្រូវបានអនុម័តដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ទោះបីជាយ៉ាងណាក៏ដោយ ខ្ញុំសូមធានាជូនឯកឧត្តមថា ខ្លឹមសារនៃរបាយការណ៍នេះឆ្លុះបញ្ចាំងយ៉ាងច្បាស់លាស់ នូវអ្វីដែលអាជ្ញាធរកម្ពុជាបានប្រាប់ទៅគណៈកម្មការ អំពីលោក គឹម ចុលសុក និងសកម្មភាពរបស់គាត់ ក៏ដូចជាការស៊ើបអង្កេត និងវិធានការនានាដែលកម្ពុជាបានអនុវត្ត ក្នុងន័យច្បាស់លាស់ និងត្រឹមត្រូវ។ ខ្ញុំសោកស្ដាយដែលខ្ញុំមិនអាចធ្វើអត្ថាធិប្បាយ លើការអះអាងណាមួយផ្សេងទៀតដែលលើកឡើងនៅក្នុងរបាយការណ៍របស់ NK News ឬក៏លើសច្ចៈភាពនៃអ្នកដែលបានរួមចំណែកលើរបាយការណ៍នោះទេ។ ខ្ញុំអាចយល់យ៉ាងច្បាស់ថា ហេតុអ្វីបានជាអាជ្ញាធរកម្ពុជាមានការព្រួយបារម្ភចំពោះការប្រើពាក្យពេជន៍មួយចំនួននៅក្នុងអត្ថបទនេះ។ សូមធានាអះអាងថា គណៈកម្មការបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរបស់ខ្លួនជាមួយអាជ្ញាធរកម្ពុជាលើករណីនេះ ហើយនឹងមិនធ្វើអ្វីដែលបង្កគ្រោះថ្នាក់ដល់កិច្ចសហប្រតិបត្តិការបែបនេះនៅពេលអនាគត ដោយបង្កើតការអះអាងដែលគ្មានមូលដ្ឋានច្បាស់លាស់នៅក្នុងរបាយការណ៍របស់ខ្លួននោះទេ»៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

×