Wednesday, January 21, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តើកម្លាំងយោធាអ៊ុយក្រែន អាចទល់នឹងកងទ័ពរុស្ស៊ីបានទេ ក្រោយប្រធានាធិបតីពូទីន បញ្ជាឲ្យចូលឈ្លានពាន?

រដ្ឋធានីគៀវ ៖ បន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ បានសម្រេចចិត្តចុះហត្ថលេខា លើក្រឹត្យថ្មីមួយ ទទួលស្គាល់ អំពីឯករាជភាព នៅក្នុងលើតំបន់លូហាន់ស្ក៍ (Luhansk) និង ដូណែតស្ក៍ (Donetsk) គ្រប់គ្រងោយក្រុមបំបែកខ្លួន គាំទ្រដោយក្រុងមូស្គូ នៅភាគខាងកើត ប្រទេសអ៊ុយក្រែន ភ្លាម ធ្វើឲ្យមនុស្សជាច្រើន តែងតែចង់ដឹង កាន់តែខ្លាំងឡើង អំពីសមត្ថភាពរបស់កងទ័ពអ៊ុយក្រែន ថាតើមានសមត្ថភាព អាចការពារទឹកដីរបស់ខ្លួន ទប់ទល់នឹងការឈ្លានពាន ពីមហាអំណាចរុស្ស៊ី បានដែរឬទេ?

មុននឹងឈានដល់ការលើកឡើង អំពីកម្លាំងយោធារបស់ប្រទេស ធ្លាប់ជារដ្ឋចំណុះឲ្យអតីតសហភាពសូវៀត ទាំង២នេះ យើងក៏គួរក្រឡេកមើល ថយក្រោយ ទៅអតីតកាល ដោយនិយាយត្រួសៗបន្ដិចសិន ជាពិសេស នៅក្នុងអំឡុងសង្រ្គាមត្រជាក់ មុននឹងការដួលរលំ នៃសហភាពសូវៀតដ៏មានឥទ្ធិពលខ្លាំងក្លាបំផុត នៅក្នុងប្លុកកុម្មុយនីស្ដ។

នៅក្នុងអំឡុងសង្គ្រាមត្រជាក់នោះ ពិភពលោក ត្រូវបានពុះហែកចែកភូមិសាស្រ្ដនយោបាយរវាងប្លុកកុម្មុយនីស្ដ ដឹកនាំសហភាពសូវៀត និង លោកសេរី ដឹកនាំដោយសហរដ្ឋអាមេរិក។ ដោយឡែក ប្រទេសប្រកាន់យកគោលការណ៍នយោបាយអព្យាក្រិតនិយម នៅលើពិភពលោក នាសម័យនោះ គឺមានតិចតួចណាស់។ ចំណែកការប្រឈមមុខដាក់គ្នា រវាងប្លុកទាំង២នេះ ក៏មានសភាពខ្លាំងក្លាបំផុតផងដែរ។

ជាមួយគ្នានេះ មនុស្សជាតិ នៅទូទាំងពិភពលោក នាសម័យនោះ មានការព្រួយបារម្ភ កាន់តែខ្លាំងឡើង ជុំវិញការផ្ទុះសង្គ្រាមលោកលើកទី៣ ដោយសារ ទាំងមហាអំណាចលោកសេរី និង មហាអំណាចកុម្មុយនីស្ដ សុទ្ធតែប្រកួតប្រជែង នៅក្នុងការផលិតអាវុធមហាប្រល័យលោក រហូតធ្វើឲ្យពិភពលោកទាំងមូល មានអាវុធនុយក្លេអ៊ែរ ជាង១០ ០០០គ្រាប់ ដែលអាចកម្ទេចភពផែនដីទាំងមូលបានយ៉ាងងាយបំផុត។

ទោះជាយ៉ាងណា ពិភពលោក នៅតែមានភ័ព្វសំណាងល្អបំផុត មិនធ្លាក់ចូលទៅក្នុងគ្រោះមហន្ដរាយនោះឡើយ ដោយសារទាំងប្លុកសេរី និង ប្លុកកុម្មុយនីស្ដ បានព្រមព្រៀងគ្នា កាត់បន្ថយនូវការរត់ប្រណាំង លើការផលិតអាវុធមហាប្រល័យលោក។ នៅទីបំផុត សហភាពសូវៀត ក៏បានដួលរលំ នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ១៩៩១ ក្រោមស្នាដៃរបស់លោកខាងលិច។

សហភាពសូវៀត ត្រូវបានបង្កើតឡើង នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ១៩២២ ដោយមានឈ្មោះជាផ្លូវការ «សាធារណរដ្ឋសង្គមនិយមសហភាពសូវៀត» ហើយមានផ្ទៃដី ទំហំជាង ២២,៤លានគីឡូម៉ែត្រការ៉េ ដោយមានរដ្ឋជាចំណុះ ចំនួន១៥ រួមមាន រដ្ឋអាមេនៀ (Armenia) រដ្ឋអាហ្សែបៃហ្សង់ (Azerbaijan) រដ្ឋបេឡារុស (Belarus) រដ្ឋអេស្ដូនី (Estonia) រដ្ឋហ្សកហ្ស៊ី (Georgia) រដ្ឋកាហ្សាក់ស្ថាន (Kazakhstan) រដ្ឋគីជីស្ថាន ( Kyrgyzstan) រដ្ឋឡាតវៀ (Latvia) រដ្ឋលីស៊ូអានៀ (Lithuania) រដ្ឋម៉ូលដូវ៉ា (Moldova) រដ្ឋរុស្ស៊ី (Russia) រដ្ឋតាជីគីស្ថាន (Tajikistan) រដ្ឋធើកមេនីស្ថាន (Turkmenistan) រដ្ឋអ៊ុយក្រែន (Ukraine) និង រដ្ឋអ៊ុយប៊េគីស្ថាន (Uzbekistan) ។

ក្រោយការដួលរំលំ នៃសហភាពសូវៀត នោះមក រដ្ឋទាំង១៥នោះ បានផ្ដាច់ខ្លួន ក្លាយជាប្រទេសឯករាជ្យ។ លុះក្រោយមក ប្រទេស ចំនួន៣ ធ្លាប់ជារដ្ឋចំណុះឲ្យអតីតសហភាពសូវៀត ក៏ក្លាយជាសមាជិករបស់អង្គការណាតូ រួមមាន ឡាតវៀ (Latvia) លីស៊ូអានៀ (Lithuania) និង អេស្ដូនី (Estonia) ។

ដោយឡែក អ៊ុយក្រែន វិញ ក្រោយពេល រុស្ស៊ី ជារដ្ឋខ្លាំងក្លា ចាប់តាំងពីសម័យសហភាពសូវៀត មកនោះ បានប្រើប្រាស់កម្លាំងយោធា រឹបអូសយកឧបទ្វីបគ្រីមៀ (Crimea) របស់ខ្លួន នៅភាគខាងត្បូង ប្រទេស កាលពីអំឡុងឆ្នាំ២០១៤ ហើយគាំទ្រដល់ក្រុមចលនាបះបោរបំបែករដ្ឋ ភាគច្រើននិយាយភាសារុស្ស៊ី នៅភាគខាងកើត ប្រទេស រហូតបានផ្ទុះសង្រ្គាមដាក់គ្នា បណ្ដាលឲ្យមានអ្នកបាត់បង់ជីវិត ជាង ១៤ ០០០នាក់ នោះមក ក្រុងគៀវ ក៏មានគោលបំណងចង់ចូលជាសមាជិករបស់អង្គការណាតូ។

ជាមួយនឹងការពង្រីកខ្លួនរបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ហៅកាត់ «ណាតូ» តាមភាសាអង់គ្លេស ឬ «អូតង់» តាមភាសាបារាំង ) ទៅកាន់តំបន់អឺរ៉ុបខាងកើត ជាពិសេស លើប្រទេស ធ្លាប់ជារដ្ឋ ចំណុះឲ្យអតីតសហភាពសូវៀត នោះ បានធ្វើឲ្យរុស្ស៊ី មានការព្រួយបារម្ភ យ៉ាងខ្លាំង អំពីបញ្ហាសន្ដិសុខ និង ភូមិសាស្រ្ដនយោបាយរបស់ខ្លួន។ ជាមួយនឹងការព្រួយបារម្ភនេះ រុស្ស៊ី បានបញ្ជូនកងទ័ពរបស់ខ្លួន ទៅកាន់ព្រំដែនរបស់ខ្លួន ឡោមព័ទ្ធជុំវិញប្រទេសអ៊ុយក្រែ រហូតធ្វើឲ្យមហាអំណាចលោកខាងលិច ជាពិសេស សហរដ្ឋអាមេរិក មានការព្រួយបារម្ភ កាន់តែខ្លាំងឡើង អំពីលទ្ធភាព នៃការឈ្លានពានរបស់រុស្ស៊ី ទៅលើប្រទេសជិតខាងមួយនេះ។ ស្របគ្នានឹងសកម្មភាពយោធារុស្ស៊ីនោះ ក្រុងមូស្គូ ក៏បានទាមទារឲ្យលោកខាងលិច ធានាដល់សន្ដិសុខរបស់ខ្លួន ហើយហាមឃាត់អ៊ុយក្រែន ចូលជាសមាជិករបស់ណាតូ។

ក្រោយពេល រុស្ស៊ី បានបង្កើនកម្លាំងទ័ពរបស់ខ្លួន កើនដល់ ជាង ១៥០ ០០០នាក់ ឡោមព័ទ្ធជុំវិញប្រទេសអ៊ុយក្រែន ហើយនោះ មហាអំណាចលោកខាងលិច កាន់តែព្រួយបារម្ភបន្ថែមទៀត អំពីការឈ្លានពានរបស់ក្រុងមូស្គ ទៅលើប្រទេសធ្លាប់ជារដ្ឋចំណុះឲ្យអតីតសហភាពសូវៀតមួយនេះ ។ បើទោះជាយ៉ាងណា ក្រុងមូស្គូ អះអាងថា ខ្លួនមិនមានគោលបំណងឈ្លានពានប្រទេសអ៊ុយក្រែ ក្ដី តែនៅទីបំផុត លោក វ៉្លាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៊ី កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ បានចុះហត្ថលេខា លើក្រឹត្យថ្មីមួយ ទទួលស្គាល់ អំពីឯករាជភាព នៅលើតំបន់ចំនួន២របស់ក្រុមបំបែកខ្លួន គាំទ្រដោយក្រុងមូស្គូ នៅភាគខាងកើត ប្រទេសអ៊ុយក្រែន ហើយបញ្ជាកងទ័ពរុស្ស៊ី ចូលឲ្យទៅគ្រប់គ្រងតំបន់នោះ ក្រោមលេស «រក្សាសន្ដិភាព»។

ការសម្រេចចិត្តរបស់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បាននាំឲ្យក្រុមប្រឹក្សាសន្ដិសុខរបស់អង្គការសហប្រជាជាតិ ហៅកាត់ UNSC កោះប្រជុំជាបន្ទាន់មួយ កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ ហើយក៏បានថ្កោលទោសដល់ក្រុងមូស្គូ យ៉ាងខ្លាំងផងដែរ។ សកម្មភាពរបស់វិមានក្រឹមឡាំង រឹតតែបង្កឲ្យមានភាពតានតឹង កាន់តែខ្លាំងឡើង ជុំវិញវិបត្ដិតំបន់អឺរ៉ុបខាងកើត រវាងរុស្ស៊ី និង មហាអំណាចលោកខាងលិច។

វិបត្ដិដ៏ធ្ងន់ធ្ងរនេះ នាំឲ្យមានការចោទជាសំណួរថា ក្នុងករណី រុស្ស៊ីឈ្លានពានបែបនេះ តើកងទ័ពអ៊ុយក្រែន មានសមត្ថភាព អាចការពារទឹកដីរបស់ខ្លួន ទប់ទល់នឹងការឈ្លានពានរបស់រុស្ស៊ី បានដែរឬទេ?

បើនិយាយពីកម្លាំងយោធា នាពេលបច្ចុប្បន្ននេះ រុស្ស៊ីនៅតែជាប្រទេសមហាអំណាចយោធា មិនចាញ់នឹងសម័យសហភាពសូវៀតប៉ុន្មាននោះឡើយ។ ខាងក្រោមនេះ ជាការប្រៀបធៀប រវាងកម្លាំងយោធា និង ការចំណាយថវិកាជាតិ លើវិស័យការពារប្រទេស រវាងប្រទេសអ៊ុយក្រែន និង រុស្ស៊ី៖

អ៊ុយក្រែន ៖ រុស្ស៊ី ៖

I-ផ្ទៃដីប្រទេស I-ផ្ទៃដីប្រទេស

៦០៣ ៥៤៨គីឡូម៉ែត្រការ៉េ ១៧ ០៨៩ ២៤៦គីឡូម៉ែតការ៉េ

(នេះយោង តាមWikipedia)

-រដ្ឋធានី ៖ -រដ្ឋធានី ៖

គៀវ មូស្គូ

II-ប្រធានធិបតី៖ II-ប្រធានធិបតី៖

លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី លោក វ៉្លាឌីមៀរ ពូទីន

-ប្រជាពលរដ្ឋ -ប្រជាពលរដ្ឋ

ប្រហែល៤៣,៣១លាននាក់ ជិត ១៤៧លាននាក់

-ផលិតផលក្នុងស្រុកសរុប(ឬGDP) -ផលិតផលក្នុងស្រុកសរុប(ឬ GDP)

២០៣,៩ពាន់លានដុល្លារអាមេរិក ១,៧១លានលានដុល្លារអាមេរិក

III-អំណាចយោធាលើលោក III-អំណាចយោធាលើលោក

លំដាប់លេខ២២ លំដាប់លេខ២

-ចំណាយការពារជាតិក្នុង១ឆ្នាំៗ -ការចំណាយការពារជាតិក្នុង១ឆ្នាំៗ

១១,៨៧ពាន់លានដុល្លារអាមេរិក ៤៨ពាន់លានដុល្លារអាមេរិក

IV-ទាហានសរុប -ទាហានសរុប

៥៦០ ០០០នាក់ ៣ ០១៥ ០០០នាក់

-ទាហានស្រ្ដី -ទាហានស្រ្ដី

៦០ ០០០នាក់ ៥០ ០០០នាក់

-ទាហានសកម្ម -ទាហានសកម្ម

២០០ ០០០នាក់ ១ ០១៥ ០០០នាក់

-ទាហានបម្រុង -ទាហានបម្រុង

២៥០ ០០០នាក់ ២ ០០០ ០០០នាក់

-រថក្រោះប្រយុទ្ធ -រថក្រោះប្រយុទ្ធ

២ ៥៩៦គ្រឿង ២១ ៩២១គ្រឿង

-រថពាសដែក -រថពាសដែក

១២ ៣០៣គ្រឿង ៥១ ៤៥២គ្រឿង

-រថយន្ដអូតូប្លង់ដេ -រថយន្ដអូតូប្លង់ដេ

៤ ៧៥០គ្រឿង ១០ ២១៥គ្រឿង

-យានការពារគ្រាប់មីន -យានការពារគ្រាប់មីន

៥០គ្រឿង ១០ ២៦០គ្រឿង

-រថយន្ដពាសដែក -រថយន្ដពាសដែក

១០ ១៧៥គ្រឿង ២២ ៩៦៤គ្រឿង

-កាំភ្លើងផ្លោងសរុប -កាំភ្លើងផ្លោងសរុប

៣ ១០៧គ្រឿង ១៤ ១៤៥គ្រឿង

-យានបាញ់រ៉ុក្កែត -យានបាញ់រ៉ុក្កែត

៦៦៤គ្រឿង ៤០៥០គ្រឿង

V-កងទ័ពអាកាស V-កងទ័ពអាកាស

-យន្ដហោះសរុប -យន្ដហោះសរុប

៣២៥គ្រឿង ៤ ២០៨គ្រឿង

-យន្ដហោះប្រយុទ្ធ -យន្ដហោះប្រយុទ្ធ

៨០គ្រឿង ៩៤៧គ្រឿង

-យន្ដហោះវាយប្រហារ -យន្ដហោះវាយប្រហារ

២៩គ្រឿង ៨៤៩គ្រឿង

-យន្ដហោះប្រើប្រាស់ពហុមុខងារ -យន្ដហោះប្រើប្រាស់ពហុមុខងារ

៨៣គ្រឿង ៦៥៣គ្រឿង

-យន្ដហោះសម្រាប់ហ្វឹកហ្វឺន -យន្ដហោះសម្រាប់ហ្វឹកហ្វឺន

៨៥គ្រឿង ៥៩២គ្រឿង

-យន្ដហោះទម្លាក់គ្រាប់បែកយុទ្ធសាស្រ្ដ -យន្ដហោះទម្លាក់គ្រាប់បែកយុទ្ធសាស្រ្ដ

គ្មាន ១៣៥គ្រឿង

-យន្ដហោះប្រភេទ AWACS -យន្ដហោះប្រភេទ AWACS

គ្មាន ៤១គ្រឿង

-យន្ដហោះប្រឆាំងសង្គ្រាមអេឡិកត្រូនិក -យន្ដហោះប្រឆាំងសង្គ្រាមអេឡិកត្រូនិក

គ្មាន ៧គ្រឿង

-យន្ដហោះឈ្លបយកការណ៍ -យន្ដហោះឈ្លបយកការណ៍

៣គ្រឿង ៣៤គ្រឿង

-ដ្រូន ឬ UAV -ដ្រូន ឬ UAV

៧៤គ្រឿង ហើយបញ្ជាទិញ៤៦គ្រឿង ៤ ០០០គ្រឿង រួមទាំងការបញ្ជាទិញ

-យន្ដហោះដឹកជញ្ជូនយោធា -យន្ដហោះដឹកជញ្ជូនយោធា

៣២គ្រឿង ៤៧៣គ្រឿង

-យន្ដហោះចាក់សាំងលើអាកាស -យន្ដហោះចាក់សាំងលើអាកាស

គ្មាន ១៩គ្រឿង

VI-ឧទ្ធម្ភាគចក្រសរុប VI-ឧទ្ធម្ភាគចក្រសរុប

១៤៥គ្រឿង ១ ៥៧៣គ្រឿង

-ឧទ្ធម្ភាគចក្រវាយប្រហារ -ឧទ្ធម្ភាគចក្រវាយប្រហារ

៣៤គ្រឿង ៦៥២គ្រឿង

VII-កងទ័ពជើងទឹក VII-កងទ័ពជើងទឹក

-នាវាចម្បាំងសរុប -នាវាចម្បាំងសរុប

៣៨គ្រឿង ៦២៥គ្រឿង

-នាវាផ្ទុកយន្ដហោះចម្បាំង -នាវាផ្ទុកយន្ដហោះចម្បាំង

គ្មាន ១គ្រឿង

-នាវាផ្ទុកឧទ្ធម្ភាគចក្រ -នាវាផ្ទុកឧទ្ទម្ភាគចក្រ

គ្មាន គ្មាន

-នាវាពិឃាដ -នាវាពិឃាដ

គ្មាន ១៨គ្រឿង

-នាវា Corvette -នាវា Corvette

១គ្រឿង ៨៥គ្រឿង

-នាវាចម្បាំង -នាវាចម្បាំង

១គ្រឿង ១៣គ្រឿង

-នាវាមុជទឹក -នាវាមុជទឹក

គ្មាន ៦៤គ្រឿង

-នាវាល្បាត -នាវាល្បាត

១៣គ្រឿង ៥៩គ្រឿង

-អាវុធនុយក្លេអ៊ែរ -អាវុធនុយក្លេអ៊ែរ

០ គ្រាប់ ៦ ៥០០គ្រាប់៕ រក្សាសិទ្ធិដោយ ៖ សារាយSN

×