ភ្នំពេញ ៖ សម្តេចតេជោ នាយករដ្ឋមន្រ្តីកម្ពុជា បានស្នើឱ្យរួមគ្នាគាំទ្រ ដល់អ្នកប្រមូលចំណូលជូនរដ្ឋ ដូចជា អង្គភាពគយ និងពន្ធដារជាដើម។ សម្តេចតេជោ បានថ្លែងថា កន្លងទៅ តាំងពីសម្តេចចេញបទបញ្ជាដាច់ខាត មិនឱ្យមានឡានអត់ពន្ធ រដ្ឋប្រមូលចំណូលបាន ជា៥១លានដុល្លារ ហើយនៅក្នុងនោះនៅប្រមាណពាក់កណ្តាលទៀត មិនទាន់ប្រមូលអស់។ ចំណូលជាង៥១លានដុល្លារនេះ គ្រាន់តែជាការប្រមូលពន្ធរថយន្តគេចពន្ធ ដែលមិនទាន់គិតដល់ អ្វីផ្សេងទៀត ដែលគេចពន្ធនោះឡើយ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានព្រមានដុតកម្ទេចចោល រថយន្តគ្មានពន្ធប្រមាណ៥ពាន់គ្រឿង ដែលមិនព្រមចូលមកបង់ពន្ធ តាមការអំពាវនាវរបស់រាជរដ្ឋាភិបាល។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាសសម្តេច អញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ នាសណ្ឋាគារសុខា ភ្នំពេញ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចាប់ពីពេលដែលប្រកាសបើកឲ្យរថយន្តអត់ពន្ធទាំងចង្កួតស្តាំ និងឆ្វេងចូលមកបង់ពន្ធត្រឹមត្រូវ មកដលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ មានរថយន្តអត់ពន្ធចំនួន៥៩៩៣គ្រឿង ដែលទទួលបានចំណូលចំនួន ៥១.៦លានដុល្លារអាមេរិក ហើយតាមការប៉ាន់ស្មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រថយន្តអត់ពន្ធប្រមាណជាង៥ពាន់គ្រឿងទៀត ដែមិនទាន់មកបង់ពន្ធ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងព្រមានថា «អ្នកដែលមិនទាន់ចូលបង់ពន្ធប្រហែលជា៥ពាន់គ្រឿងរថយន្តទៀត សូមចេញមកបង់ពន្ធប្រយ័ត្នតែដល់ពេលថ្ងៃណាមួយ ខ្ញុំបញ្ជាឲ្យដុតឡានចោលតែម្តង កុំឲ្យពិបាកពេក ដើម្បីឲ្យនៅលើផ្លូវកុំឲ្យមានឡានផ្លាកលេខក្លែងក្លាយ ពេលណាមួយយកធ្វើជាគំរូដុតឡានតែម្តង ទោះថ្លៃប៉ុណ្ណាដុតឲ្យរាង។ ឥឡូវសូមអំពាវនាវអ្នកដែលមិនទាន់បានបង់ពន្ធចេញមកបង់ពន្ធ តែអត់មានអនុគ្រោះ១០ភាគរយទេ មុនថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ អនុគ្រោះ១០ភាគរយ ប៉ុន្តែផុតថ្ងៃអនុគ្រោះគឺត្រូវបង់ពន្ធពេញ ហើយបើរកឃើញហើយ នៅក្នុងផ្ទះអ្នកណាក៏ដោយ គឺត្រូវតែយក»។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា “ខ្ញុំស្នើឱ្យកម្លាំងទាំងអស់ ទាំងកងកម្លាំងប្រដាប់អាវុធក៏ដូចជាកម្លាំងស៊ីវិលរបស់យើង គាំទ្រចំពោះដំណើរការប្រមូលពន្ធ ចំណូលជូនរដ្ឋ និងខិតខំសន្សំសំចៃជូនរដ្ឋ។ យើងត្រូវតែរួមគ្នាដើម្បីយុទ្ធនាការគាំទ្រដល់អង្គភាពគយ និងពន្ធដា”។ សម្តេចតេជោបានលើកឡើងថា បើសិនបណ្តែតបណ្តោយឱ្យវប្បធម៌អត់ពន្ធបន្តរស់មានបន្តទៀត គឺជាគ្រោះមហន្តរាយដល់ប្រទេសជាតិ។ សម្តេចតេជោគូសបញ្ជាក់ថា “តាំងពីខ្ញុំចេញបទបញ្ហាដាច់ខាតកន្លងមក ថាចាប់ពីខែមិថុនា ឬកក្កដា ឆ្នាំ២០២២នេះមិនត្រូវឱ្យមានឡានចង្កូតស្តាំ ឬអត់ពន្ធទៀតទេ យើងបានប្រមូលពន្ធចេញពីឡានដែលអត់ពន្ធមានចំនួន ៥ ៩៩៣ គ្រឿង ស្មើនឹង៥១លាន ៥០ម៉ឺនដុល្លារ (គិតត្រឹមថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២) ដែលនៅសល់ឡានជាងពាក់កណ្តាលទៀតមិនបានបង់ពន្ធ។ ដូច្នេះការប៉ាន់ស្មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុថា មានជាង១ម៉ឺនគ្រឿងមិនខុសទេ ដែលមានតម្លៃជាទឹកប្រាក់ជាង១០០លានដុល្លារ”។
សម្ដេចតេជោបានថ្លែងបញ្ជាក់ថា ចាប់ពីការចេញនូវដាក់វិធានការមកយើងបានប្រមូលអ្នកដែលលួចពន្ធគឺជាង៥១លានដុល្លារ ដែលនេះគ្រាន់តែទាក់ទងនឹងរថយន្ត។ ដូច្នេះសម្ដេចតេជោសុំឱ្យមន្ត្រីក៏ដូចជាអ្នកមានរថយន្ត ឬម៉ូតូប្រើប្រាស់ត្រូវបង់ពន្ធជូនរដ្ឋ ហើយយើងមិនអាចមានការធ្វេសប្រហែសលើបញ្ហានេះទេ។ សម្តេចតេជោបានបន្ថែមថា “កន្លងមកមិនមែនអ្នកក្រណាមានលុយទិញឡានជិះនោះទេ អ្នកមានខ្លះមានលុយទិញឡានថ្លៃៗ ជិះហើយខ្លះលួចបន្លំផ្លាកលេខទៀត ឬជួនកាលជ្រកក្រោមផ្លាកលេខនគរបាល ផ្លាកលេខកងទ័ព ឬផ្លាកលេខរដ្ឋសភា ព្រឹទ្ធសភា ឬផ្លាកលេខរាជរដ្ឋាភិបាល។ តើអីចឹងទេអ្នកហ៊ានជិះ អីចឹងមានតែពួកអ្នកមាន ឬពួកអ្នកធំ”។ សម្តេចតេជោនាយករដ្ឋមន្រ្ដីបានថ្លែងបន្ដថា បើអ្នកមាន ឬអ្នកធំមានឡានតម្លៃថ្លៃៗ ហើយធ្វើគំរូមិនល្អ តើឱ្យគេបង់ពន្ធយ៉ាងណា ដូច្នេះសូមឱ្យបន្តធ្វើសហប្រតិបត្តិការ គឺមិនមែនគ្រាន់តែខ្លួនលួចពន្ធនោះទេ ត្រូវតែរុញអ្នកដែលមិនព្រមបង់ពន្ធឱ្យទៅបង់ពន្ធ។

សម្តេចតេជោបានសង្កត់ធ្ងន់ថា នេះជាចំណុច ហើយក៏ជាការចេញបញ្ជាដើម្បីគ្រប់ថ្នាក់ គ្រប់ស្ថាប័នធ្វើកិច្ចការងារនេះ។ យើងគិតមើលតើរាល់ថ្ងៃយើងបានថវិការពីណាបើក ប្រាក់ខែ គឺយើងស៊ីប្រាក់ខែមកពីការបង់ពន្ធ ហើយប្រាក់ខែនេះសម្រាប់ទូទាំងប្រទេស យើងត្រូវការចំណាយដទៃទៀត។ អីចឹងសូមឱ្យអ្នកទាំងអស់ គ្នាធ្វើការទាក់ទងនិងជួយគាំទ្រដល់ផ្នែកពន្ធដារ។
សូមជម្រាបថា អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានចាប់ផ្តើមអនុវត្តន៍ការប្រមូលពន្ធលើយានយន្ត ដែលគ្មានពន្ធ ចាប់ពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ ដោយផ្តល់ការអនុគ្រោះពន្ធ១០ភាគរយ សម្រាប់ម្ចាស់យានយន្តដែលមកបង់ពន្ធត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។ នៅពេលផុតរយៈពេលនេះ គឺម្ចាស់រថយន្តនៅតែអាចមកបង់ពន្ធបានតែមិនមានការអនុគ្រោះទេ ត្រូវបង់ពន្ធពេញ១០០ភាគរយ។ ជាមួយគ្នានេះ អគ្គនាយករដ្ឋានគយ និងរដ្ឋាករកម្ពុជា សហការជាមួយកម្លាំងសមត្ថកិច្ច ចុះបង្ក្រាបតាមដងផ្លូវ ចំពោះរថយន្តអត់ពន្ធផងដែរ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២តទៅ រថយន្តគ្មានពន្ធនឹងរងនូវការបង្ក្រាបយ៉ាងតឹងរ៉ឹង និងម៉ឺងម៉ាត់ ហើយរថយន្តចង្កូតស្តាំ ក្រោយបង្ក្រាបបាន ត្រូវដោះបំបែកជាគ្រឿងបន្លាស់ ឬកម្ទេចចោល៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

