ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រាប់ទៅ រដ្ឋមន្ត្រីជិះសេះមើលផ្កា និងដែលរឹងរូស (ឯកឧត្តម វេង សាខុន) ថា ” ត្រឹមតែ២៤ម៉ោងទេ ខ្ញុំដករដ្ឋមន្រ្តីមួយបានហើយ ឱ្យតែរបៀបធ្វើការរបស់លោកឯង របៀបជារដ្ឋមន្ត្រីដែលមិនចេះសហការជាមួយក្រសួង-ស្ថាប័នដទៃ។

ការស្តីបន្ទោសខ្លាំងៗ និងការប្រៀបប្រដូច «រដ្ឋមន្ត្រីជិះសេះមើលផ្កា» ទៅលើ ឯកឧត្តម វេង សាខុន ដែលជា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បែបនេះរបស់ សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើង នារសៀលថ្ងៃពុធ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ ក្នុងឱកាសសម្តេចអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ នៅឯសណ្ឋាគារសុខាភ្នំពេញ។
សម្តេចតេជោ ហ៊ុន សែន បានហៅឯកឧត្តម វេង សាខុន ថា ជា «រដ្ឋមន្ត្រីជិះសេះមើលផ្កា» មិនចេះសហការជាមួយក្រសួង-ស្ថាប័នដទៃ តួយ៉ាងដូចករណីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អញ្ជើញឲ្យចូលរួមប្រជុំរៀបចំនីតិវិធីដាក់ដេញថ្លៃនាំចូលជ្រូករស់ តែក្រសួងកសិកម្មបែរជាមិនចូលរួម។

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា ជុំវិញបញ្ហាសាច់ជ្រូកឡើងថ្លៃ និងការរៀបចំយន្តការដាក់ដេញថ្លៃនាំចូលជ្រូករស់ មកផ្គត់ផ្គង់តម្រូវការក្នុងស្រុក, ខ្ញុំបានចារឲ្យក្រសួងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្វើការងារនេះឲ្យបានឆាប់ ដើម្បីជួយដល់អ្នកចិញ្ចឹមផង និងជួយដល់អ្នកហូបផងដែរ ទប់ស្កាត់អតិផរណា។ លុះ រដ្ឋមន្រ្តី វេង សាខុន មិនព្រមចូលរួមប្រជុំដោះស្រាយបែបនេះ ខ្ញុំសួរថា «លោកឯងដោះស្រាយយ៉ាងម៉េច បានជាធ្វើឱ្យសាច់ជ្រូកឡើងថ្លៃ ?!»
សម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា គេហៅលោកឯងទៅប្រជុំ លោកឯង មិនព្រមទៅ ខ្ញុំបានមើលឃើញសំបុត្រឆ្លើយតបគ្នាទៅវិញទៅមករួចហើយ, មើលលោកឯងចេះសហការបន្តិចមើល ! មិនមែនលោកឯងដឹកនាំក្រសួងកសិកម្មមួយ ហើយត្រួតត្រាសេដ្ឋកិច្ចខ្មែរទាំងមូលឯណា? ថ្ងៃមុនខ្ញុំក្តៅស្លឹកត្រចៀក ឲ្យធ្វើការងារនេះយូរហើយមិនព្រមធ្វើ គឺឲ្យជួបប្រជុំគ្នាបង្កើតគណៈកម្មការដេញថ្លៃ សម្រាប់គ្រប់គ្រងការនាំចូល… អត់ធ្វើ…។ ខ្ញុំស្គាល់លោកឯងជាងអីទៀត រៀបធ្វើការឯកឧត្តម ប្រហែលជារបៀបជិះសេះមើលផ្កា… ត្រឹមតែ២៤ម៉ោងទេ ខ្ញុំដករដ្ឋមន្រ្តីមួយបានហើយ។ ខ្ញុំនៅទីនេះ ខ្ញុំគ្រប់គ្រងស្ថានការណ៍មុន ខុនឯង (វេង សាខុន) តើខ្ញុំមិនដឹងឬយ៉ាងម៉េច?!
ឆ្លៀតឱកាសនេះ សម្តេចតេជោ ហ៊ុន សែន បានប្រាប់ទៅ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មថា កម្ពុជាជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក, ជាសមាជិកតំបន់ពាណិជ្ជកម្មសេរីអាស្តា, ជាសមាជិកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន, ជាសមាជិកកិច្ចព្រមព្រៀងជ្រុងជ្រោយអាសិប, ដូច្នេះ កម្ពុជាមិនអាចយកវិធានការដាច់ដោយឡែក គឺបិទការទំនិញចេញ-ចូលបាននោះទេ។ ពាក់ព័ន្ធបញ្ហាសាច់ជ្រូកទៀតសោត យើងមិនអាចធ្វើតម្រូវតែចិត្តអ្នកចិញ្ចឹមតែប៉ុន្មាននាក់នោះទេ គឺត្រូវគ្រប់គ្រងអតិផរណាតម្លៃលើទីផ្សារផងដែរ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN






