ភ្នំពេញ ៖ បុរសម្នាក់បានបាត់បង់ជីវិត ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យ បន្ទាប់ពីជិះម៉ូតូចេញពីកន្លែងធ្វើការ ត្រូវរថយន្តមិនចាំម៉ាក បើកទៅបុកពីក្រោយ បណ្តាលឲ្យដួលបោកក្បាលនៅនឹងថ្នល់ កាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះ មានឈ្មោះ កុយ ភេទប្រុសអាយុ២៩ឆ្នាំ មុខរបរជាងសំណង់ បច្ចុប្បនស្នាក់នៅផ្ទះជួលជិតព្រលានយន្តហោះអន្តជាតិពោធិ៍ចិនតុង ក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅស្រុករមាសហែក ខេត្តស្វាយរៀង។

យោងតាមប្រភពព័ត៌មានពីពលរដ្ឋ នៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុគេបានឃើញបុរសម្នាក់ ជាជនរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីមសង់សេ១២៥ ស៊េរីឆ្នាំ ២០១៦ពណ៌ខ្មៅ មួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ1FV-0392 ជិះតាមបណ្ដោយផ្លូវជាតិលេខ ៤ ក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនមធ្យម លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានរថយន្តបង្កមិនចាំម៉ាកបើកស្របទិសក្នុងល្បឿយ៉ាងលឿន មកបុកពីក្រោយម៉ូតូប៉ើងទៅមុខជាច្រើនម៉ែត្រ បណ្តាលឲ្យដួលបោកក្បាលនឹងថ្នល់ស្លា.ប់ ក្រោយពេលបញ្ជូនទៅមន្ទីរពេទ្យ ចំណែករថយន្តបង្កបន្តល្បឿន បើករត់គេចខ្លួនបាត់ស្រមោល។
ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងជំនាញចុះមកដល់រួច ពិនិត្យវាស់វែងយកម៉ូតូជនរងគ្រោះ ទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី ៣ ដើម្បីស្រាវជ្រាវរករថយន្តបង្ក បន្ទាប់មកធ្វើកំណត់ហេតុ ប្រគល់សពឲ្យទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យនៅស្រុកកំណើតតាមប្រពៃណី៕ រក្សាសិទ្ធិដោយ ៖ សា មេត





