ភ្នំពេញ ៖ ប្រមុខការទូតកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ជាថ្មីថា “កម្ពុជាប្រកាន់នូវនយោបាយអព្យាក្រិត្យអចិន្ដ្រៃយ៍។ រដ្ឋធម្មនុញ្ញកម្ពុជាមិនអនុញ្ញាត ឱ្យមានវត្តមានយោធាបរទេស នៅលើទឹកដីរបស់ខ្លួននោះទេ ហើយក៏មិនអនុញ្ញាត ឱ្យកម្ពុជាបញ្ជូនកងទ័ពរបស់ខ្លួន ទៅក្រៅប្រទេសនោះដែរ លើកលែងតែក្រោមឆ័ត្រ របស់អង្គការសហប្រជាជាតិ ក្នុងនោះ គឺបេសសកកម្មរក្សាសន្ដិភាព។

ការបញ្ជាក់របស់ប្រមុខការទូតកម្ពុជា បានធ្វើឡើងនៅក្នុងក្នុងកិច្ចប្រជុំតុមូលស្ដីពី «សន្ដិសុខ និងការការពារជាតិនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក» នៅទីក្រុងប៉ារីស ក្នុងឱកាសអញ្ជើញចូលរួមវេទិកាថ្នាក់ រដ្ឋមន្ត្រីសម្រាប់កិច្ចសហប្រតិបត្តិការនៅឥណ្ឌូ-ប៉ាស៊ីហ្វិក បានចូលរួមថ្លែងបទអន្តរគមន៍កាលពីថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០២២ ។
ឯកឧត្តម ប្រាក់ សុខុន បានបញ្ជាក់ថា រាម គឺជាមូលដ្ឋានជើងទឹកដ៏តូចមួយហ៊ុមព័ទ្ធ ទៅដោយសណ្ឋាគារ និងតំបន់ទេសចរណ៍មូលដ្ឋាននេះ គ្មានគោលដៅណាផ្សេងក្រៅពីការការពារដែនសមុទ្ររបស់យើង និងការពារអធិបតេយ្យ បូរណភាពទឹកដីរបស់យើង ដែលជាញឹកញាប់ ត្រូវបានគេរំលោភបំពាន។ ក្នុងឋានៈជាប្រទេសអធិបតេយ្យ កម្ពុជាមានសិទ្ធគ្រប់យ៉ាងទាំងអស់ នៅក្នុងការជ្រើសរើសមធ្យោបាយ ប្រកបដោយប្រសិទ្ធភាពបំផុតដើម្បីការពារប្រជាជាតិរបស់យើង ប៉ុន្តែយើង នឹងធ្វើការជ្រើសរើសមធ្យោបាយនោះ ដោយគោរពយ៉ាងម៊ឺងម៉ាត់បំផុត ចំពោះរដ្ឋធម្មនុញ្ញរបស់យើងដែលរួមមានខ្លឹមសារដូចខាងក្រោម៖
«បន្ទាប់ពីបានថ្លែងអំណរគុណចំពោះលោកជំទាវ Florence Parly រដ្ឋមន្រ្ដីការពារជាតិបារាំងដែលបានផ្ដល់វេទិកាក្នុងការធ្វើបទអន្ដរាគមន៍ស្ដីពី «សន្ដិសុខនិងការការពារជាតិនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក» ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីការបរទេស និងសហប្រតិបត្តិការ អន្ដរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងនូវឧទាហរណ៍មួយនៃការប៉ះពាល់ដ៏គួរឱ្យសោកស្ដាយ ដែលបណ្ដាលមកពីការប្រកួតប្រជែងភូមិសាស្រ្ដនយោបាយនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងសូមមិនលើកឡើងវិញ ដដែលៗនូវសារសំខាន់ខាងផ្នែកយុទ្ធសាស្ត្រ សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម ប្រជាសាស្ត្រនៃតំបន់ឥណ្ឌូប៉ាស៊ីហ្វិកនេះទេ។

ឯកឧត្តម ប្រាក់ សុខុន បានបញ្ជាក់ថា សមុទ្រចិនខាងត្បូង គឺពិតជាតំបន់មួយដែលមានសារសំខាន់ និងផលប្រយោជន៍ទំាងនេះ លាយឡំគ្នាយ៉ាងជាក់ច្បាស់ និងប្រកបដោយគ្រោះថ្នាក់។ ប្រទេសដែលគួរជាអ្នកពាក់ព័ន្ធ គឺប្រទេសដែលកំពុងមានជម្លោះ ដណ្ដើមនូវអធិបតេយ្យភាពនៅផ្នែកណានោះ នៃតំបន់សមុទ្រនេះ ទោះបីទឡ្ហីករណ៍ ខាងផ្នែកច្បាប់ និងប្រវត្តិសាស្រ្ដ ដែលគេលើកឡើងដើម្បីធ្វើជាអំណះអំណាង នៃការទាមទាររបស់គេនោះយ៉ាងណាក៏ដោយ។ ប៉ុន្តែប្រទេសតូចដូចកម្ពុជា ក៏ត្រូវទទួលរងគ្រោះផងដែរ។ ដោយសារតែអ្វីទំាងអស់ដែលប្រទេសចិន ធ្វើនៅក្នុងតំបន់នេះ ត្រូវបានសហរដ្ឋអាមេរិកតាមដាន និងវិភាគយ៉ាងល្អិតល្អន់នោះ សូម្បីតែកិច្ចសន្យារវាងកម្ពុជា និងចិន នៅក្នុងការស្ដារជួសជុល និងការធ្វើទំនើបកម្មមូលដ្ឋានទ័ពជើងទឹករាមនេះ ក៏បានក្លាយជាចំណុចកណ្ដាល នៃការចោទប្រកាន់ នៃការដាក់សម្ពាធរហូត ដល់ការគម្រាមកំហែងផង។ ក្នុងខណៈដែលការងារជួសជុលមូលដ្ឋាននេះ កំពុងដំណើរការនៅឡើយ គេបានចោទប្រកាន់យើងរួចទៅហើយថា បានផ្តល់ឱ្យប្រទេសចិននូវតំបន់ផ្ដាច់មុខ នៅក្នុងមូលដ្ឋាននេះ៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

