ភ្នំពេញ ៖ ដោយមានប្រជាពលរដ្ឋជាច្រើន បានសំណូមពរមកកាន់មជ្ឈមណ្ឌលព័ត៌មាន CEN ឱ្យជួយស្រាវជ្រាវផ្សព្វផ្សាយអំពី វិន័យ ក្រមសីលធម៌ និងវិជ្ជាជីវៈ របស់កងកម្លាំងនគរបាលជាតិ ក្នុងពេលចុះអនុវត្តការងារ និងក្នុងពេលបំរើការងារផ្សេងៗ តើត្រូវមានឥរិយាបថ និងសម្លៀកបំពាក់ដូចម្ដេចខ្លះ?
ឆ្លើយតបនឹងសំណូមពរនេះ មជ្ឈមណ្ឌលព័ត៌មាន CEN បានស្រាវជ្រាវឯកសារពីបណ្ឌិត្យសភានគរបាលកម្ពុជា និងលិខិតក្រសួងមហាផ្ទៃ លេខ ០០៦ ប.ប.ជ ឆ្នាំ១៩៩៥ ដើម្បីលើកយកមកបង្ហាញជូនបងប្អូនប្រជាពលរដ្ឋឲ្យបានជ្រួតជ្រាបយល់ដឹងអំពី វិន័យ ក្រមសីលធម៌ និងវិជ្ជាជីវៈ របស់កងកម្លាំងនគរបាលជាតិ ដូចតទៅ ÷

- ដំបូងត្រូវយល់ពាក្យថា នគរបាល (Police) ,
នគរ = គឺ បុរី ក្រុង ស្រុកខេត្ត ប្រទេស,
បាល = មកពីពាក្យអភិបាល = មើលថែរក្សា គ្រប់គ្រង,
នគរបាល = គឺអ្នកថែរក្សាបីបាច់គ្រប់គ្រង បុរី ក្រុង ស្រុក ខេត្ត ប្រទេសជាតិ។
បានជាគេរៀបចំឲ្យប្រើពាក្យប៉ូលិស (Police) ដែលជាពាក្យអន្តរជាតិនោះ គឺផ្ដុំដោយពហុខ្លឹមសារ រួមមាន ÷
P. Police = សុភាពរាបសា ,
O. Obey. = គោរពវិន័យ
L. Loyal = ស្មោះត្រង់
I. Intelligent = ឈ្លាសវៃ
C. Courageous = ក្លាហាន
E. Effectiveness = ប្រសិទ្ធភាព
ដូច្នេះ វិន័យ ក្រមសីលធម៌ និងវិជ្ជាជីវៈ នគរបាលជាតិ ត្រូវអនុវត្តការងារប្រព្រឹត្តនូវអំពើល្អប្រកបដោយ កាយ និង វាចា ចិត្ត វៀរចាកអំពើអាក្រក់ ។

ដើម្បីរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជូនប្រជារាស្ត្រឲ្យបានកាន់តែមានប្រសិទ្ធភាព កងកម្លាំងនគរបាលជាតិគ្រប់ជាន់ថ្នាក់ត្រូវគោរពប្រតិបត្តិវិន័យឲ្យបានម៉ឺងម៉ាត់។
បើតាមច្បាប់ វិន័យ អាកប្បកិរិយា ក្រមសីលធម៌ វិជ្ជាជីវៈ របស់កងកម្លាំងនគរបាលជាតិ លេខ ០០៦, ប្រការ ១ ÷
១- ត្រូវមានភក្ដីភាពចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ,
២- ត្រូវគោរព និងអនុវត្តដោយស្មោះត្រង់ តាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល, បម្រើផលប្រយោជន៍របស់ប្រជារាស្ត្រដោយស្មោះត្រង់ និងមិនធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍ប្រជារាស្ត្រឡើយ,
៣- ត្រូវគោរព និងប្រតិបត្តិយ៉ាងម៉ឺងម៉ាត់ និងដោយសច្ចៈយុត្តិធម៌ចំពោះច្បាប់ បទប្បញ្ញត្តិ និងបទបញ្ជាផ្សេងៗ,
៤- ត្រូវបំពេញកាតព្វកិច្ចរបស់ខ្លួនជានៅនគរបាលជាតិ,
៥- ត្រូវមានអាកប្បកិរិយា សុភាពរាបសា ថ្លៃថ្នូរ និងម៉ឺងម៉ាត់ក្នុងការងារ,
៦- ត្រូវរក្សា និងការពារការសម្ងាត់ ជាតិ ក្រសួង និងអង្គភាពខ្លួន,
៧- ត្រូវស្មោះត្រង់ចំពោះអង្គភាព មេកោយ និងសហការីរបស់ខ្លួន,
៨- ត្រូវមានអព្យាក្រឹតភាពក្នុងសកម្មភាពការងារ និងមិនត្រូវប្រើប្រាស់មុខងាររបស់ខ្លួន និងសម្ភារៈរបស់រដ្ឋ ដើម្បីបម្រើ ឬប្រឆាំងនឹងសកម្មភាពនយោបាយរបស់គណបក្សណាមួយឡើយ,
៩- ហាមដាច់ខាតការចូលបនល្បែងស៊ីសងដោយគ្មានភារកិច្ច,

ប្រការ ២ ÷
១- ត្រូវស្លៀកពាក់ឯកសណ្ឋានក្នុងពេលម៉ោងធ្វើការឬ បំពេញបេសកកម្ម លើកលែងតែក្នុងករណីដែលមានការកំណត់ផ្សេហពីនេះ, ពេលស្លៀកពាក់ឯកសណ្ឋាន ត្រូវពាក់ឱ្យបានគ្រប់គ្រាន់តាមការកំណត់ និងត្រូវបិទឡេវឲ្យបានសព្វគ្រប់,
២- ហាមដាច់ខាតការចូលកម្សាន្តក្នុងរង្គសាល និងទទួលទានអាហារតាមទីសាធារណៈក្នុងសម្លៀកបំពាក់ឯកសណ្ឋាន,
ប្រការ ៤ ÷
១- ត្រូវអនុវត្តពេលវេលាការងារឲ្យបានត្រឹមត្រូវ និងទៀងទាត់តាមពេលវេលាកំណត់ រួមមាន ÷
- ព្រឹក ពីម៉ោង ៧ និង ៣០នាទី ដល់ម៉ោង ១១ និង ៣០នាទី,
- ល្ងាច ពីម៉ោង ១៤ និង ០០នាទីដល់ម៉ោង ១៧ និង ៣០នាទី,
២- ក្នុងករណីចាំបាច់ មន្ត្រីនគរបាល ត្រូវបំពេញបេសកកម្មតាមបញ្ជារបស់អង្គភាព មិនគិតពីពេលវេលាដែលបានកំណត់ដូចខាងលើឡើយ,
ការស្រាវជ្រាវស្ដីពីកាតព្វកិច្ច សីលធម៌ អាកប្បកិរិយា និងវិន័យរបស់មន្ត្រីនគរបាលជាតិខាងលើដែល មជ្ឈមណ្ឌលព័ត៌មាន CEN បានស្រាវជ្រាវពីបណ្ឌិត្យសភានគរបាលកម្ពុជា និងលិខិតបញ្ញត្តិរបស់ក្រសួងមហាផ្ទៃលេខ ០០៦ នេះ គឺគ្រាន់តែរំលឹកឡើងវិញប៉ុណ្ណោះ សម្រាប់ជាប្រយោជន៍ដល់មន្ត្រីនគរបាលមួយចំនួន ដែលមិនបានចូលហ្វឹកហាត់ សិក្សា នៅសាលាបណ្ឌិត្យសភានគរបាលកម្ពុជា។
សរុបជារួម កាតព្វកិច្ច ក្រមសីលធម៌អាកប្បកិរិយា និងវិន័យ របស់មន្ត្រីនគរបាលជាតិ គឺត្រូវគោរព និងអនុវត្តដោយស្មោះត្រង់តាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល បម្រើផលប្រយោជន៍របស់ប្រជារាស្រ្ត និងមិនធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ប្រជារាស្ត្រឡើយ, ត្រូវស្មោះត្រង់ចំពោះអង្គភាពអព្យាក្រឹតភាពក្នុងសកម្មភាពការងារ, ត្រូវគោរពសិទ្ធិមនុស្ស បំពេញភារកិច្ចដោយយុត្តិធម៌, មិនត្រូវប្រើប្រាស់មុខងាររបស់ខ្លួន និងសម្ភារៈរបស់រដ្ឋដើម្បីបម្រើបុគ្គលខ្លួនឯង និងក្រុមគ្រួសាររបស់ខ្លួន ឬប្រយោជន៍ណាមួយសម្រាប់ក្រុមបក្ខពួកខ្លួននោះឡើយ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN












