Monday, May 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី វា.យតម្លៃខ្ពស់ ចំពោះការអភិវឌ្ឍដ៏ខ្លាំងក្លា និងវិបុលភាពរបស់ប្រទេសកម្ពុជា

ភ្នំពេញ ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសវនាការជាមួយនឹងឯកឧត្តម ដាតូ ស្រ៊ី អ៊ីស្មាអែល សាប្រ៊ី ប៊ីន យ៉ាកុប (Dato’ Sri Ismail Sabri Bin YAAKOB) នាយករដ្ឋមន្រ្តី នៃប្រទេសម៉ាឡេស៊ី នារសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ នៅវិមានព្រឹទ្ធសភា ក្នុងឱកាសដែលឯកឧត្តមដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។

ឯកឧត្តម ដាតូ ស្រ៊ី អ៊ីស្មាអែល សាប្រ៊ី ប៊ីន យ៉ាកុប នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍដ៏ខ្លាំងក្លា និងវិបុលភាពរបស់ប្រទេសកម្ពុជា ដែលបានផ្តល់ផលប្រយោជន៍យ៉ាងធំធេងសម្រាប់ប្រជាជន និងប្រទេសកម្ពុជាទាំងមូល។ ជាមួយគ្នានេះ ឯកឧត្តមបានសម្តែងនូវការអបអរសាទរចំពោះជោគជ័យរបស់ប្រទេសកម្ពុជាក្នុងការទប់ស្តាត់ និងការពារជំងឺកូវីដ-១៩។ ការវាយតម្លៃនេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា រសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ នៅវិមានព្រឹទ្ធសភា។

ឯកឧត្តមនាយករដ្ឋមន្រ្តីបានគូសបញ្ជាក់ថា ប្រទេសម៉ាឡេស៊ីសូមស្វាគមន៍ និងគាំទ្រយ៉ាងពេញទំហឹងចំពោះប្រទេសកម្ពជា ក្នុងនាមជាប្រធានប្តូរវេននៃមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៣ នៅឆ្នាំ២០២២នេះ ហើយប្រទេសទាំងពីរនឹងខិតខិប្រឹងប្រែងរួមគ្នា ដើម្បីសហការក្នុងការដោះស្រាយបញ្ហាប្រឈមរួមដែលកំពុងកើតមាននៅក្នុងតំបន់។

ឯកឧត្តមនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថា ប្រទេសម៉ាឡេស៊ីសូមស្វាគមន៍នូវកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និតរវាងសភានៃប្រទេសទាំងពីរ។ ក្នុងនោះ សភាម៉ាឡេស៊ីបានបង្កើតនូវក្រុមមិត្តភាពចំនួន៣៦ក្រុម រួមមាន ឥណ្ឌូនេស៊ី សិង្ហបុរី និងវៀតណាម…។ ក្នុងន័យនេះ ប្រទេសម៉ាឡេស៊ីសូមស្នើឱ្យសភាកម្ពុជាពិចារណាបង្កើតក្រុមមិត្តភាពនេះ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ និងផ្លាស់ប្តូរទស្សនកិច្ចរវាងក្រុមមិត្តភាពនៃប្រទេសទាំងពីរ។ ព្រមជាមួយគ្នានេះ ឯកឧត្តមនាយករដ្ឋមន្រ្តីបានអញ្ជើញសម្តេចប្រធានព្រឹទ្ធសភាទៅបំពេញទស្សនកិច្ចនៅប្រទេស ម៉ាឡេស៊ីនាពេលសមស្របណាមួយ។

ក្នុងនាមប្រជាជនកម្ពុជា និងព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានសម្តែងនូវសេចក្តីរីករាយ និងស្វាគមន៍ដ៏កក់ក្តៅចំពោះឯកឧត្តមនាយករដ្ឋមន្រ្តី និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចមិត្តភាព និងជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា។ តាមរយៈដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនាពេលនេះ ពិតជាបានរួមចំណែកដល់ការពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេស និងប្រជាជនទាំងពីរ ដើម្បីជាផលប្រយោជន៍យ៉ាងធំធេងសម្រាប់ប្រជាជន និងប្រទេសទាំងពីរទាំងពេលបច្ចុប្បន្ន និងទៅអនាគត។ ទស្សនកិច្ចរបស់ឯកឧត្តមនាឱកាសនេះ ស្របពេលដែលប្រទេសទាំងពីរអបអរសាទរខួបលើកទី៦៥ឆ្នាំ នៃថ្ងៃបង្កើតទំនាក់ទំនងការទូតរវាងប្រទេសម៉ាឡេស៊ី និងព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានកសាងឡើងដោយស្នាព្រះហស្ថរបស់ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ” និងថ្នាក់ដឹកនាំជាន់ខ្ពស់ម៉ាឡេស៊ីជំនាន់មុន។

សម្តេចប្រធានព្រឹទ្ធសភាបានថ្វាយព្រះពរព្រះមហាក្សត្រ និងប្រសិទ្ធពរជូនឯកឧត្តមនាយករដ្ឋមន្រ្តី និងថ្នាក់ដឹកនាំជាន់ខ្ពស់ ព្រមទាំងប្រជាជនម៉ាឡេស៊ី សូមទទួលបាននូវវឌ្ឍនភាព វិបុលភាព និងការអភិវឌ្ឍ។ សម្តេចបានសម្តែងនូវការអបអរសាទរចំពោះការសម្រេចនូវសមិទ្ធផលទាំងឡាយដែលប្រជាជន និងរដ្ឋាភិបាលនៃប្រទេស ម៉ាឡេស៊ីសម្រេចបាននាពេលកន្លងទៅ ហើយសម្តេចមានជំនឿជឿជាក់ថា ប្រទេស និងប្រជាជនម៉ាឡេស៊ី នឹងសម្រេចនូវសមិទ្ធផលធំៗ និងថ្មីៗបន្ថែមទៀត។ ប្រទេសកម្ពុជាចាត់ទុកការរីកចម្រើនរបស់ប្រទេម៉ាឡេស៊ី គឺជាការរីកចម្រើនរួមរបស់អាស៊ាន។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានថ្លែងអំណរគុណ និងឯកភាពចំពោះប្រសាសន៍ដ៏ថ្លៃថ្លារបស់ឯកឧត្តមនាយករដ្ឋមន្រ្តី ដែលបានថ្លែងកោតសសើរអំពីការរីកចម្រើនរបស់ប្រទេសកម្ពុជា។ សម្តេចមានសេចក្តីសប្បាយរីករាយដោយបានឃើញនូវចំណងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ មានការរីកចម្រើនជាលំដាប់។ ការរីកចម្រើននេះស្តែងឡើងតាមរយៈដំណើរទស្សនកិច្ចរបស់ឯកឧត្តមនាយករដ្ឋមន្ត្រី ថា្នក់ដឹកនាំជាន់ខ្ពស់ តាមក្រសួង មន្ទីរ និងការគាំទ្រគ្នាទៅវិញទៅមក ក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការលើឆាកអន្តរជាតិ ជាពិសេសក្នុងក្របខ័ណ្ឌអាស៊ាន និងអង្គការសហប្រជាជាតិ។ ព្រឹទ្ធសភាកម្ពុជាសូមគាំទ្រជានិច្ចនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

សម្តេចប្រធានព្រឹទ្ធសភាបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនម៉ាឡេស៊ី ដែលបានរួមវិភាគទានជាថវិកា និងសម្ភារៈសុខាភិបាលដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងគ្រាដែលកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ សម្តេចបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលម៉ាឡេស៊ី ដែលបានជួយអភិវឌ្ឍន៍ធនធានមនុស្សរបស់កម្ពុជា តាមរយៈការផ្តល់អាហារូបករណ៍រយៈពេលវែង រយៈពេលមធ្យមដល់មន្ត្រី និងនិស្សិតកម្ពុជាបានទៅសិក្សានៅប្រទេសម៉ាឡេស៊ី ហើយសម្តេចក៏ថ្លែងអរគុណដល់រដ្ឋាភិបាលម៉ាឡេស៊ី និងសហគមន៍ម៉ាឡេស៊ីនៅកម្ពុជា ដែលបានជួយដល់វិស័យអប់រំសិក្សាធិការ ផ្នែកអនាម័យ ផ្នែកសុខាភិបាល និងមនុស្សធម៌ដល់បងប្អូនជនជាតិឥស្លាមនៅកម្ពុជាផងដែរ។
សម្តេចប្រធានព្រឹទ្ធសភាបានគូសបញ្ជាក់ថា ឆ្នាំ២០២២នេះ សភាកម្ពុជានឹងធ្វើជាប្រធានប្តូរវេនមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៣។ ក្នុងនាមសភាកម្ពុជា សម្តេចបានអញ្ជើញឯកឧត្តមប្រធានព្រឹទ្ធសភា និងឯកឧត្តមប្រធានរដ្ឋសភាម៉ាឡេស៊ី ដឹកនាំគណៈប្រតិភូចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន និងបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា។

សម្តេចប្រធានព្រឹទ្ធសភាបានសម្តែងនូវសេចក្តីរីករាយចំពោះការផ្លាស់ប្តូរពាណិជ្ជកម្មរបស់ប្រទេសទាំងពីរដែលមានការកើនឡើងជាលំដាប់ ទោះបីប្រទេសទាំងពីរត្រូវរងសម្ពាធពីវិបត្តិនៃជំងឺកូវីដ១៩ក៏ដោយ។ សម្តេច បានឯកភាពចំពោះប្រសាសន៍របស់ឯកឧត្តមនាយករដ្ឋមន្ត្រី អំពីការបង្កើតក្រុមមិត្តភាពរវាងសភានៃប្រទេសទាំងពីរ ដើម្បីជាគុណប្រយោជន៍សម្រាប់ប្រជាជន និងប្រទេសទាំងពីរ។ សម្តេចមានជំនឿជឿជាក់ថា ចំណងមិត្តភាព និងកិច្ចសហប្រតិបតិ្តការរវាងប្រទេសទាំងពីរ នឹងមានការរីកចម្រើនជាលំដាប់៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

×