Monday, May 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាហារ ហាឡាល់ សម្រាប់មូស្លីម នឹងត្រូវពង្រឹងបន្ថែមនៅកម្ពុជា ខណៈម៉ាឡេស៊ីត្រៀមជួយផ្ដល់អ្នកជំនាញ

ភ្នំពេញ ៖ ឧស្សាហកម្មម្ហូបអាហារ ហាឡាល់ នឹងត្រូវពង្រីកពង្រឹងបន្ថែមទៀតនៅកម្ពុជា ដើម្បីបម្រើតម្រូវការក្នុងស្រុក និងនាំចេញ, នេះបើតាមលទ្ធផលសន្និសីទសារព័ត៌មានរួមគ្នា រវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា និងនាយករដ្ឋមន្រ្តីម៉ាឡេស៊ី នៅវិមានសន្តិភាព នារសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ហើយសមភាគីរូបនេះបានប្រកាសថា នឹងចាំជួយកម្ពុជាជានិច្ច ក្នុងការបង្កើតឧស្សាហកម្ម ម្ហូបអាហារ ហាឡាល់នេះ។

ទាក់ទងទៅនឹងម្ហូបអាហារ ហាឡាល់ លោក អ៉ីស្មាអែល សាប្រ៊ី ប៊ីន យ៉ាកុប នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលធ្វើទស្សនកិច្ចផ្លូវការនៅកម្ពុជារយៈពេល២ថ្ងៃនេះ បានបង្ហាញទឹកចិត្តថា ខ្ញុំរីករាយយ៉ាងខ្លាំង ដែលដឹងអំពីការអភិវឌ្ឍម្ហូបអាហារ ហាឡាល់ នៅក្នុងវិស័យឧស្សាហកម្មកម្ពុជា ដែលនេះមិនមែនត្រឹមតែការលើកទឹកចិត្ដសាសនាមូស្លីមក្នុងប្រទេសប៉ុណ្ណោះទេ ថែមទាំងនៅលើពិភពលោកទៀតផង។ រឿងនេះ ម៉ាឡេស៊ីត្រៀមខ្លួនជានិច្ចក្នុងការជួយកម្ពុជា បង្កើតនូវប្រព័ន្ធអេកូឡូស៊ី នៃម្ហូបអាហារ ហាឡាល់នេះ។

សូមបញ្ជាក់ថា ម្ហូបអាហារ ហាឡាល់ មកពីពាក្យពិភពអារ៉ាប់ ជាប្រភេទអាហារមានរាប់រយពាន់មុខ ដូចជា បន្លែត្រីសាច់ ប្រេងធម្មជាតិគ្រាប់ធញ្ញជាតិ គ្រឿងផ្សំក៏ច្រើនរយមុខ សម្រាប់ជាអាហារដែលត្រូវបានមូស្លីមអនុញ្ញាតឱ្យទទួលទាន។

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី រូបនេះ បានបង្ហាញអំពីបំណងចង់សហការជាមួយកម្ពុជា លើកឡើងថា ម៉ាឡេស៊ីគាំទ្រការខិតខំក្នុងការបង្កើនទំនាក់ទំនងយុវជន ក្នុងប្រទេសទាំងពីរ ជាពិសេសក្នុងវិស័យសហគ្រិនភាព, ហើយថា បើកម្ពុជាពង្រឹងពង្រីកម្ហូបអាហារ ហាឡាល់ គឺប្រទេសម៉ាឡេស៊ី មានអ្នកជំនាញផ្នែកឧស្សាហកម្មអាហារ ហាឡាល់ ជាច្រើន ដែលនឹងស្វាគមន៍ក្រុមហ៊ុនកម្ពុជាថែមទៀត ទៅកាន់ម៉ាឡេស៊ី ដើម្បីទទួលបានជំនាញ និងចំណេះដឹងក្នុងការបង្កើតឧស្សាហកម្មអាហារ ហាឡាល់។

គួររំលឹកថា ទាក់ទងនឹងម្ហូបអាហារ ហាឡាល់ នេះ គឺ រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតគណៈកម្មាធិការត្រួតពិនិត្យផលិតផលអាហារ ហាទ្បាល់កម្ពុជា តាំងពីថ្ងៃទី០៤ ខែវិចិ្ឆកា ឆ្នាំ២០១៦ មកម៉្លេះ ដោយមានប្រធានគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាទ្បាល់កម្ពុជា ជារដ្ឋមន្រី្តក្រសួងពាណិជ្ជកម្ម និងមានអនុប្រធាន និងសមាជិក ដែលជាតំណាងក្រសួង និងស្ថាប័នពាក់ព័ន្ធជាច្រើនសម្រាប់កិច្ចការហាទ្បាល់នេះ ហើយជាពិសេស គឺមានតំណាងពីឥស្សរជននៃគណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជាជាអ្នកចូលរួមយ៉ាងសកម្ម ដើម្បីពិនិត្យបច្ចេកទេសស្តង់ដារ និងតាមដានការផ្តល់សេវាកម្ម ការផលិត ឬការវេចខ្ចប់ ជាដើម។

សូមបញ្ជាក់ថា លោក អ៉ីស្មាអែល សាប្រ៊ី ប៊ីន យ៉ាកុប នាយករដ្ឋមន្រ្តីម៉ាឡេស៊ី បានអញ្ជើញធ្វើទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃ នៅកម្ពុជា ចាប់ពីរសៀលថ្ងៃទី២៣ -២៤ ខែកុម្ភៈ ឆ្នាំ២០២២ តបតាមការអញ្ជើញរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×