ដំណឹងនៃការបាត់ខ្លួនរបស់តារាសម្ដែងស្រីដ៏ល្បីឈ្មោះនាង Tangmo Nida នៅទន្លេចៅប្រាយ៉ា ដែលរហូតមកទល់ពេលនេះ នៅតែមិនទាន់រកឃើញនៅឡើយ គឺពិតជាបានធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីមជ្ឈដ្ឋានមហាជន។
នាង Tangmo Nida អាយុ ៣៧ ឆ្នាំ ត្រូវបានដឹងថា បានធ្លាក់ចូលក្នុងទឹកទន្លេ ចេញពីទូកល្បឿនលឿនមួយ ស្ថិតនៅក្បែរស្ពាន Rama VII ក្នុងខេត្ត Nonthaburi នៅវេលាម៉ោងប្រហែល ១០ យប់ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។
Tangmo ដែលបានលេចមុខក្នុងរឿងភាគទូរទស្សន៍ និងរឿងជាច្រើន ត្រូវបានគេរាយការណ៍ថា បានជិះទូកកម្សាន្តជាមួយមិត្តភ័ក្តិ មុនពេលនាងជួបរឿងនេះ។
ក្រោយទទួលដឹងនេះ ម្តាយរបស់នាង ក៏បានទៅដល់កន្លែងកើតហេតុភ្លាមៗដោយគាត់បួងសួងជូនពរកូនស្រីឱ្យមានសុវត្ថិភាព។ នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន ម្តាយបង្កើតរបស់ Tangmo បានប្រាប់ថា កូនស្រីរបស់គាត់ និងអ្នកគ្រប់គ្រងរបស់នាង បានទៅជាមួយគ្នា ប៉ុន្តែនៅពេលជួបឧបទ្ទវហេតុនេះ គាត់មិនបានទទួលទូរស័ព្ទណាមួយពីនាងឡើយ។ ហើយគាត់ក៏បានព្យាយាមទូរស័ព្ទទៅអ្នកនេះអ្នកនោះ ប៉ុន្តែនៅតែគ្មានអ្នកលើកទូរស័ព្ទទេ។
ម្តាយរបស់ Tangmo បានស្រក់ទឹកភ្នែក និងពោលពាក្យនេះថា៖ «កូនស្រីម្តាយ! កុំទៅណាចោលម្តាយណ៎ាកូនណា៎!»។ គាត់បានបញ្ជាក់ថា តារាស្រីរូបនេះ ជាអ្នកហែលទឹកដ៏ល្អតាំងពីក្មេង ដូច្នេះហើយគាត់សង្ឃឹមថា កូនស្រីរបស់គាត់នឹងមិនមានគ្រោះថ្នាក់អ្វីឡើយ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង















