ភ្នំពេញ ៖ គ្រឿងស្រវឹងជាផលិតផលដែលមានគ្រោះថ្នាក់ធ្វើអោយមនុស្សនៅលើពិភពលោកស្លាប់៣,៣លាននាក់ក្នុងមួយឆ្នាំ និងបង្កអោយមានជំងឺប្រមាណ២០០មុខ។
របាយការណ៍របស់អង្គការចលនាដើម្បីសុខភាពកម្ពុជា ដែលបានចេញផ្សាយនៅថ្ងៃទី៤ខែឧសភានេះថា ការសេពគ្រឿងស្រវឹងជាមូលហេតុធ្វើឲ្យគ្រោះថ្នាក់ភ្លាមៗ ដូចជា គ្រោះថ្នាក់ចរាចរណ៍ អំពើហឹង្សាក្នុងគ្រួសារ ការរំលោភបំពាន ។ល។ រីឯការសេពគ្រឿងស្រវឹងរយៈពេលកំនត់មួយ នឹងនាំអោយកើតជំងឺធ្ងន់ធ្ងររហូតបាត់បង់ជីវិត បន្ថែមពីនេះទៀតការសេពគ្រឿងស្រវឹងក៏ជាមូលហេតុនៃវិបត្តិសេដ្ឋកិច្ចគ្រួសារផងដែរ។
យោងតាមទិន្ន័យរបស់ CMH Monitoring App បានអោយដឹងថា ក្នុងមួយខណ្ឌទួលគោកមានការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងយ៉ាងតិច 618កន្លែង ក្នុងនោះរួមមានការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងតាមរយៈប៉ាណូ បដា ផ្ទាំងរូបភាព ផ្លាកយីហោរបស់ហាង និងឆ័ត្រជាដើម នៅតាមបណ្តាទីតាំងមួយចំនួនដូចជា ភោជនីយដ្ឋាន ក្លឹបកីឡា កន្លែងលក់គ្រឿងទេស ខារ៉ាអូខេ តាមដងផ្លូវ និងកន្លែងដទៃៗទៀត តែអ្វីដែលហួសចិត្តនោះគឺនៅក្បែរសាលារៀន។
យោងតាមលទ្ធផលនៃការស្ទង់មតិប្រជាពលរដ្ឋស្តីពីគ្រឿងស្រវឹងរបស់សាកលវិទ្យាល័យភូមិន្ទភ្នំពេញបានអោយដឹងថា ប្រជាពលរដ្ឋកម្ពុជា៩១%ចាប់ផ្តើមប្រើប្រាស់គ្រឿងស្រវឹងក្នុងវ័យយុវជននិងកុមារ(អាយុចន្លោះពី ៨ដល់៣៤ឆ្នាំ)។ ប្រជាជនកម្ពុជាបានទទួលរងឥទ្ធិពលនៃការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ហើយជាង៩៨%នៃពួកគេបានជួបប្រទះការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងក្នុងរយៈពេល៣០ថ្ងៃចុងក្រោយក្នុងទំរង់ផ្សេងៗដូចជាតាមរយៈផ្ទាំងរូបភាព ផ្ទាំងប៉ាណូ និងផ្ទាំងបដា ជាង៩០%។
ការផ្សាយពាណិជ្ជកម្ម និងការផ្សាយលើកទឹកចិត្តប្រជាជនអោយសេពគ្រឿងស្រវឹង គឺជាមូលហេតុចម្បងដែលទាក់អារម្មណ៍ប្រជាជនដែលសេពស្រាប់ អោយសេពកាន់តែច្រើន ហើយជំរុញទឹកចិត្តអ្នកមិនចេះសេពអោយសាកល្បងសេពគ្រឿងស្រវឹងជាពិសេសស្ត្រី យុវជន និងកុមារ។
យោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិស្តីពីការប្រើប្រាស់គ្រឿងស្រវឹងនៅកម្ពុជាបានអោយដឹងថា ប្រជាជនកម្ពុជាដែលមានអាយុចាប់ពី១៨ឆ្នាំ ប្រើប្រាស់គ្រឿងស្រវឹង(គិតជាជាតិអាកុលសុទ្ធ)មានការកើនឡើង ពី៤,៦លីត្រក្នុងមនុស្សម្នាក់ទៅ ៥,៥លីត្រក្នុងមនុស្សម្នាក់ដោយគិតក្នុងចន្លោះឆ្នាំពី២០០៥ ដល់ ២០១០។ ការកើនឡើងនៃការសេពគ្រឿងស្រវឹងនៅកម្ពុជានាំអោយ បញ្ហាសង្គមជាច្រើនដូចជាគ្រោះថ្នាក់ចរាចរណ៍ ជំងឺរាប់រយមុខ អំពើហិង្សា ការខាតបង់ថវិកា ការបោះបង់ការសិក្សា ដែលជាកត្តាដែលរារាំងដល់ការអភិវឌ្ឍន៍ប្រទេសជាតិ និងធនធានមនុស្ស ជាក់ស្តែងកម្ពុជាបានខាតបង់ថវិការ៤៤លានដុល្លាអាមេរិកនៅឆ្នាំ២០១១ដោយសារគ្រោះថ្នាក់ចរាចរណ៍ដែលបណ្តាលមកពីការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង។
ដើម្បីដោះស្រាយបញ្ហាចំពោះមុខនេះប្រទេសកម្ពុជាគួរតែមានវិធានការជាក់លាក់ណាមួយដើម្បីរឹតត្បិតការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងបច្ចុប្បន្ននេះក្នុងការកាត់បន្ថយគ្រោះថ្នាក់ដែលពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងស្រវឹងនៅកម្ពុជាអោយស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព២០៣០ដែល របស់អង្គការសហប្រជាជាតិដែលកម្ពុជាក៏ជាសមាជិក៕ ដោយ ៖ បញ្ញាស័ក្តិ