Sunday, September 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជា​លទ្ធផល! ករណី​ស្លាប់​របស់​តារា​សម្តែង​ស្រី តែ​ម៉ូ ម្ចាស់​និង​អ្នក​បើកទូក ត្រូវ​ចោទ​ពី​បទ​ធ្វេសប្រហែ​ស ខណៈ​មិត្តភក្តិ​ស្រី​ជិតស្និទ្ធ២នា​ក់ បាន​ឆ្លើយ​ថា…

ម្ចាស់ និងអ្នកបើកទូកល្បឿនលឿន ដែលតារាសម្ដែងទូរទស្សន៍ Tangmo Nida Patcharaveerapong ជាអ្នកដំណើរ បានស្លាប់ ដោយសារធ្លាក់ពីលើទូកចូលទឹកទន្លេចៅប្រាយ៉ា កាលពីថ្ងៃព្រហស្បតិ៍ ត្រូវបានចោទប្រកាន់ពីបទធ្វេសប្រហែស និងបើកដំណើរការទូកកម្សាន្តដោយគ្មានការអនុញ្ញាត។

លោក Uthen Hongthong ប្រធានផ្នែកសួរចម្លើយនៅស្ថានីយ៍ Muang ក្នុងខេត្ត Nonthaburi បាននិយាយថា ប៉ូលីសកាលពីយប់ថ្ងៃសៅរ៍ បានចោទប្រកាន់ជាផ្លូវការទៅលើឈ្មោះ Tanupat Lerttaweewit Por ដែលជាម្ចាស់ទូកល្បឿនលឿន និង Phaiboon Trikanjananun ដែលជាអ្នកបើកទូក នៅពេលដែល Tangmo បានជួបរឿងដ៏អាក្រក់ធ្លាក់ទូកលង់ទឹកស្លាប់យ៉ាងអាណោចអាធម កាលពីយប់ថ្ងៃព្រហស្បតិ៍។

បុរសជាម្ចាស់ និងអ្នកបើកទូកទាំងពីរនាក់ខាងលើ​ ដែលដែលស្ថិតក្រោមដីកា​ចាប់ខ្លួន​ចេញដោយតុលាការខេត្ត ​Nonthaburi ត្រូវបានចោទប្រកាន់ពីរករណី​ទី១- ប្រតិបត្តិការទូកគ្មានការអនុញ្ញាត និងទី២- ការធ្វេសប្រហែស​បណ្ដាលឲ្យស្លាប់។ ក្រោយមកទៀត ត្រូវផាកពិន័យជាអតិបរមា 200,000 បាត និងអាចជាប់ពន្ធនាគាររហូតដល់ ១០ ឆ្នាំ ឬទាំងពីរ។​ តែទោះយ៉ាងណា អ្នកទាំងពីរត្រូវបានអនុញ្ញាតឱ្យនៅ​ក្រៅ​ឃុំប៉ុណ្ណោះអាសន្ន​កាលពីម្សិលមិញ។

លោក Tanupat បានទទូចកាលពីថ្ងៃសៅរ៍ថា ទូករបស់គាត់ត្រូវបានផ្តល់អាជ្ញាប័ណ្ណ ប៉ុន្តែបានសារភាពថា ការបង់ពន្ធបានហួសពេលប៉ុន្មានថ្ងៃ។ ម្ចាស់ទូកក៏បានប្រាប់ក្រុមអ្នកយកព័ត៌មានកាលពីថ្ងៃសៅរ៍ថា ទោះបីជាគាត់ និងអ្នកផ្សេងទៀត មិនបានពាក់អាវជីវិតក៏ដោយ ប៉ុន្តែទូកនេះមានឧបករណ៍សង្គ្រោះក្នុងករណីមានអាសន្ន។

ដោយឡែក អ្នកផ្សេងទៀតនៅលើទូកគឺរួមមាន៖ Kratik Idsarin Juthasuksawat ដែលជាអ្នកគ្រប់គ្រង Tangmo, Sand Wisapat Manomairat និង Job Nitas Kiratisoothisathorn ក៏ប្រឈមមុខការសង្ស័យផងដែរ ប៉ុន្តែ កំពុងស្ថិតក្នុងការស៊ើបអង្កេតនៅឡើយ។

នាង Kratik ដែលជាអ្នកគ្រប់គ្រង Tangmo និងនាង San ដែលក៏ត្រូវជាមិត្តភក្តិ ដែលមានវត្តមានក្នុងការធ្វើដំណើរសាកសួរពីក្រុមអ្នកសារព័ត៌មាន នៅឯស្នងការដ្ឋាននគរបាល​ខេត្ត Nonthaburi កាលពីរសៀលថ្ងៃ​ទី​២៧ កុម្ភៈ ម្សិលមិញនេះ។

តាមអ្នកទាំងពីរ អ្នកដែលផ្ដួចផ្ដើមការដើរលេងកម្សាន្ត នៅលើ​ដងទន្លេ គឺម្ចាស់ទូកឈ្មោះ Tanupat Lerttaweewit Por ក្នុងគោលបំណងជួបជុំមិត្តភក្តិចាស់។ Kratik ត្រូវបានអញ្ជើញ និងចូលរួមជាមួយ Tangmo ខណៈនាង San ទទួលយកការអញ្ជើញបន្ទាប់។ នៅទីបំផុត មានមនុស្សនៅលើទូកចំនួន៦នាក់ (ប្រុស៣នាក់ ស្រី៣នាក់) រួមទាំងអ្នកបើកទូក និងមិត្តភក្តិផ្សេងទៀតរបស់ម្ចាស់ទូក។

អ្នកទាំងពីរបានឆ្លើយសំណួរអ្នកសារព័ត៌មានថា៖ បន្ទាប់ពីញ៉ាំអាហារនៅភោជនីយដ្ឋានហើយ យើងទាំងអស់គ្នាក៏ចាប់ផ្តើមនាំចុះជិះទូក ទៅដើរលេងតាមដងទន្លេចៅប្រាយ៉ា។ Tangmo ចង់ទៅ​បន្ទប់ទឹក ប៉ុន្តែ​បង្គន់​នៅ​លើ​ទូកមិនអាចប្រើ​បាន។ ដូច្នេះហើយ នាងបានទៅខាងក្រោយទូកដើម្បី “បន្ទូរអារម្មណ៍ខ្លួនឯង” ហើយក៏បាត់បង់លំនឹង ដោយសារតែពាក់ស្បែកជើងកែងខ្ពស់ ធ្លាក់ចូលទៅក្នុងទន្លេតែម្តង។ ពេលនោះ នាង San នៅ​ជាមួយតារា​សម្ដែងរូបនេះ ហើយបានស្រែកឲ្យគេ​ជួយ។ Kratik បាននិយាយថា នាងមិនបានឃើញហេតុការណ៍នេះទេ ដោយសារតែនាងកំពុងអង្គុយនៅមុខទូក។ ពេលឮសំឡេងស្រែកនោះ អ្នកបើកទូកបានងាកទៅ​រកជនរងគ្រោះ តែ​រកមិនឃើញ។

ក្រុមពួកគេ​បានផឹកស្រា ប៉ុន្តែ​មិនច្បាស់ថា Tangmo ស្រវឹង​ឬក៏អត់នោះ​ទេ។ តារា​ស្រីរូបនេះ​បានស្ថិតសម្លៀកបំពាក់ឈុតរូបរបស់នាង។ មុនមានពាក្យចចាមអារ៉ាមថា ​ការធ្វើ​ដំណើរតាមទូកនេះ​ ជា​សកម្មភាពដើម្បីលុយ​ទទួលភ្ញៀវ… កញ្ញា Kratik បញ្ជាក់ថា ​នេះ​គ្រាន់តែ​ជា​ការដើរលេងធម្មតា មិនដូចពាក្យចចាមអារ៉ាមទាំងអស់នោះទេ។ មិត្តម្នាក់មានទូក បានប្រមូលមិត្តភ័ក្តិមួយក្រុម​ទៅ​ដើរលេងប៉ុណ្ណោះ។ ដោយឡែក ប្រឈមមុខនឹងការសង្ស័យឈ្លោះ​ប្រកែក​គ្នា​រុញច្រានគ្នា​ទៅ​ក្នុងទន្លេ អ្នកទាំងពីរ​និយាយប្រឆាំងនឹងរឿងនេះយ៉ាងខ្លាំង។ Kratik និយាយថា ​នាងនឹងមិនបោកបំបែកចានបាយរបស់នាងទេ ហើយអ្នករាល់គ្នា​ស្រឡាញ់ Tangmo ខ្លាំងណាស់។

នាង Kratik បន្តថា ក្រោយពេលកើតហេតុ គ្រប់គ្នា​បានព្យាយាមតាមរកតារា​ស្រីរូបនេះ ហើយបានទូរស័ព្ទហៅ​ឱ្យគេជួយ។ អ្នកទាំងពីរមិនយល់ពីមូលហេតុដែលក្រុមជួយសង្គ្រោះបាននិយាយថា ពួកគេមិនបានទទួលព័ត៌មានណាមួយទេ ព្រោះពួកគេមានភស្តុតាងថា ពួកគេបានទូរស័ព្ទទៅចុចហោជំនួយចំនួន៣ដង ដូចដែលពួកគេបានប្រាប់ប៉ូលីស។ ពាក់ព័ន្ធនឹងការសង្ស័យថា ម្តាយរបស់ Tangmo មិនអាចទាក់ទង Kratik បានទេ អ្នកគ្រប់គ្រងរូបនេះ បាននិយាយថា នាងខកខានការហៅទូរស័ព្ទ។ Kratik​ ថា នាងស្និទ្ធនឹងឪពុករបស់តារា​សម្តែង​ជាងម្តាយរបស់នាង ដូច្នេះ​ ក្នុងពេលមានភាពច្របូកច្របល់ នាងមិនបានគិតទូរស័ព្ទទៅម្តាយរបស់ Tangmo ​ដើម្បីរាយការណ៍ព័ត៌មាននោះ​ទេ ។ នាងបានទទូចថា នាងមិនបានរត់ចេញទៅណា​ទេ។

នៅ​ពេលសួរថា ហេតុអ្វីបានជា Tangmo​ មិនពាក់អាវពោងការពារជីវិត​នាង Kratik បាននិយាយថា នាងដោះ​ចេញ​ព្រោះ​នាងកំពុងថតរូប ដូច្នេះ នាងដោះ​វា​ចេញ​ដើម្បីថតរូបបានល្អ។ តែទោះយ៉ាងណា ប៉ូលិសបានរក្សា​ទុកទូរស័ព្ទផ្ទាល់ខ្លួនរបស់អ្នករាល់គ្នា​នៅលើ​ទូក​ដើម្បីផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ​នៃ​ការលើកឡើងខាងលើនេះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×