ករណីនៃការស្លាប់របស់តារាសម្តែងស្រីដ៏ល្បីឈ្មោះជិត២០ឆ្នាំ របស់ថៃ នាង Tangmo ដែលបានស្លាប់ដោយសារធ្លាក់ពីលើទូកល្បឿនលឿន កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុននេះ គឺនៅតែជាព័ត៌មានក្តៅ និងការចាប់អារម្មណ៍តាមដានយ៉ាងជាប់ពីសំណាក់មហាជន ជាពិសេសនៅលើបណ្តាញសង្គមតែម្តង ព្រោះតែមនុស្សភាគច្រើន មិនជឿថា ការស្លាប់របស់នាង គឺជាគ្រោះថ្នាក់បែបនេះនោះឡើយ និងបានចោទប្រកាន់ថា ច្បាស់ជាករណីធ្វើបាបផ្តើមចេញពីនរណាម្នាក់ ក្នុងចំណោមអ្នកទាំងអស់នោះ ដែលរួមដំណើរនៅលើទូកជាមួយនាង។
ដោយឡែក ថ្មីៗនេះ មហាជនពិតមានការភ្ញាក់ផ្អើលខ្លាំងតែម្តង នៅពេលបានឃើញកាសែតថៃ Khaosod នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ នេះ បានបញ្ចេញភស្តុតាងថ្មីកាន់តែសង្ស័យខ្លាំង បង្ហាញស្លាកស្នាមរបួសជាំ នៅលើខ្លួនមនុស្សចំនួន២នាក់ ក្នុងចំណោមមិត្តភក្តិរបស់ Tangmo ។ ជាក់ស្តែងនៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ នេះ ដើម្បីធ្វើតាមការសង្ស័យរបស់មហាជន ទៅលើអាវរហែក ក្រុមការងារព័ត៌មានប៉ុស្តិ៍លេខ៣ថៃ ក៏បានស្នើឲ្យ Job ដោះអាវដែលគាត់បានពាក់នៅថ្ងៃនោះ ដើម្បីបង្ហាញទៅកាន់សាធារណជន។
ពិតណាស់ ខណៈពេលនោះ គេបានឃើញស្នាមជាំនៅផ្នែកខាងក្រោយក្លៀកខាងស្តាំ ស្នាមដាច់នៅត្រង់.ក និងរបួសនៅដៃខាងឆ្វេង របស់គាត់ ដែលពិតជាគួរឲ្យសង្ស័យជាខ្លាំង។ ហើយខណៈ Job កំពុងឈរនិយាយជាមួយអ្នកកាសែត ក្នុងស្ថានភាពដោះអាវនៅក្នុងបន្ទប់ស្ទូឌីយូ នៅពេលនោះ អ្នកថតរូបក៏បានផ្តិតយករូបភាពទាំងនេះទុកតែម្តង។ តែទោះយ៉ាងណា នៅពេលសួរនាំតើទាំងនោះជារបួសអ្វី លោក Job បានឆ្លើយថា គាត់ដួលនៅលើទូក នៅក្នុងអំឡុងពេលស្វែងរក Tangmo។
បន្ទាប់មក លោក Job បានបញ្ចេញកាយវិការហាក់មិនសប្បាយចិត្ត និងស្នើឲ្យលុបរូបទាំងនោះចេញវិញ ដោយគាត់បាននិយាយថា ការធ្វើបែបនេះ គឺជាការដាក់សម្ពាធមកលើគាត់ទាំងស្រុង។ ប៉ុន្តែ ពួកគេបាននិយាយថា គ្មានអ្វីដែលត្រូវភ័យខ្លាចនោះទេ ប្រសិនបើអ្នកមិនបានប្រព្រឹត្ត។
គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យ នៅក្នុងប៉ុស្តិ៍ប៉ូលីស របួសមួយក៏ត្រូវបានរកឃើញនៅដៃខាងស្តាំរបស់គាត់ ហើយនាង San Wisapat ក៏ត្រូវបានរកឃើញរបួសនៅលើថ្ងាសផ្នែកខាងលើចិញ្ចើមឆ្វេងរបស់នាងផងដែរ។ ហើយភស្តុតាងនេះ គឺពិតជាដែលមានភាពស៊ីសង្វាក់គ្នាខ្លាំងណាស់៕ រក្សាសិទ្ធិដោយ៖ លឹម ហុង



















