ភំ្នពេញ ៖ នៅឆ្នាំ២០១៩ ទំហំពាណិជ្ជកម្មកម្ពុជា-ឆែក សម្រេចបានប្រមាណ១២៦ លានដុល្លារអាមេរិក ។ ដោយទទួលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ មានការថមថយមកត្រឹមរង្វង់ ៨០លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២០ និងឆ្នាំ២០២១ ដែលត្រូវបានរំពឹងថានឹងមានភាពប្រសើរឡើងវិញ ។

នាព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម ម៉ាទីន វ៉ាវរា (Martin VÁVRA) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋឆែកប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីបន្តលើកស្ទួយទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ឱ្យឈានដល់កម្រិតសក្តានុពល។
ឯកឧត្តមរដ្ឋមន្រ្ដី បានអបអរសាទរចំពោះ ឯកឧត្តមឯកអគ្គរដ្ឋទូត ដែលទើបតែងតាំងថ្មី និងបង្ហាញសុទិដ្ឋិនិយមថា ភាគីទាំងពីរនឹងបន្តសម្រេចបានសមិទ្ធិផលសំខាន់ៗ ក្នុងបេសកកម្មការទូតរបស់ ឯកឧត្តមឯកអគ្គរដ្ឋទូតថ្មី តាមរយៈកិច្ចសហប្រតិបត្តិយ៉ាងជិតស្និទ្ធ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្ដី ក៏បានថ្លែងកោតសរសើរពីចំណងមិត្តភាព និងទំនាក់ទំនងដ៏ល្អប្រពៃណីរវាងប្រទេសទាំងពីរ ប្រជាជននៃភាគីទាំងពីរ ព្រមទាំងកិច្ចខិតខំប្រឹងប្រែងរួមគ្នា នាពេលកន្លងមក ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពលនានា ជាពិសេសវិស័យពាណិជ្ជកម្ម ដោយផ្តោតលើទំនិញអង្ករ ការកែច្នៃម្ហូបអាហារ និងការកែច្នៃនិងវេចខ្ចប់ផ្លែឈើកម្ពុជា។

ជាកិច្ចឆ្លើយតប ឯកឧត្តមឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណចំពោះ ឯកឧត្តមរដ្ឋមន្រ្ដី ក្នុងការបង្ហាញជំហរគាំទ្រ លើបេសកកម្មរបស់ស្ថានទូតឆែកនៅកម្ពុជា ព្រមទាំងបានបង្ហាញពីសេចក្តីសោមនស្សរីករាយ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងពាណិជ្ជកម្មជាសេនាធិការ ក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច តាមរយៈការធ្វើកំណែទម្រង់ច្បាប់ បទបញ្ញត្តិ និងស្ថាប័ន ដែលនឹងជួយជំរុញទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី កាន់តែល្អប្រសើរបន្ថែមទៀត។
ក្នងឱកាសនោះ ភាគីទាំងពីរបានលើកឡើងពីផលប៉ះពាល់នៃស្ថានការណ៍ ជំងឺរាតត្បាតសកល ដែលកំពុងជះឥទ្ធិពលអវិជ្ជមាន លើខ្សែច្រវ៉ាក់ផ្គត់ផ្គង់ តម្រូវការក្នុងតំបន់ និងសកលលោក ដែលនាំឱ្យមានការប៉ះពាល់ ដល់ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ យ៉ាងណាមិញ ឯកឧត្តមរដ្ឋមន្ត្រី បានជឿជាក់យ៉ាងមុតមាំថា ជាមួយនឹងការឈានទៅរកគន្លងប្រក្រតីភាពថ្មី តាមរយៈការគ្រប់គ្រងស្ថានការណ៍កូវីដ-១៩ យ៉ាងមានប្រសិទ្ធិភាពនៅកម្ពុជា គួបផ្សំជាមួយនឹងសមិទ្ធិផលសំខាន់ៗ ក្នុងវិស័យពាណិជ្ជកម្មដែលក្រសួងពាណិជ្ជកម្មកម្ពុជាសម្រេចបានថ្មីៗនេះ ដូចជាកិច្ចព្រមព្រៀងស្ដីពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) កិច្ចព្រមព្រៀងទ្វេភាគី កម្ពុជា-ចិន និងកម្ពុជា-កូរ៉េ ព្រមទាំងតួនាទីជាប្រធានអាស៊ាន របស់កម្ពុជាផងនោះ ធុរជននិងវិនិយោគិនឆែក នឹងអាចទាញយកនូវអត្ថប្រយោជន៍ ជាអតិបរមាពីកាលានុវត្តភាព ទីផ្សារកាន់តែទូលំទូលាយ ក្នុងបរិយាកាសធុរកិច្ច និងវិនិយោគល្អ ដែលនឹងអាចឈានដល់ការបង្កើន កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មបន្ថែមទៀត នាពេលអនាគត។
គួរបញ្ជាក់ថា ៖ ប្រទេសឆែកជាទីផ្សារដ៏សំខាន់មួយក្នុងសហភាពអឺរ៉ុប សម្រាប់ផលិតផលកម្ពុជា។ នៅឆ្នាំ២០១៩ ទំហំពាណិជ្ជកម្មកម្ពុជា-ឆែក សម្រេចបានប្រមាណ១២៦ លានដុល្លារអាមេរិក ជាមួយនឹងកំណើន ៣៦% បើប្រៀបធៀបនឹងឆ្នាំ២០១៨។ ដោយទទួលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ មានការថមថយមកត្រឹមរង្វង់ ៨០លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២០ និងឆ្នាំ២០២១ ដែលត្រូវបានរំពឹងថានឹងមានភាពប្រសើរឡើងវិញ ក្នុងពេលដ៏ឆាប់ខាងមុខ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី




