កាលពីពេលថ្មីៗនេះ ស្ថានីយ៍ទូរទស្សន៍ថៃ ប៉ុស្តិ៍លេខ៣ ទើបតែបាន Live ជជែកដេញដោល ជាមួយតួអង្គចំនួន ៤ នាក់ ដែលជាមិត្តភ័ក្តិនៅក្នុងទូកតែមួយ ជាមួយតារាសម្តែងស្រីកញ្ញា Tangmo Nida ដែលបានធ្លាក់ទូកលង់ទឹកស្លាប់ក្នុងទន្លេចៅប្រាយ៉ា កាលពីថ្ងៃទី២៤ ខែកុម្ភៈ ដោយមានចូលរួមមើលផ្ទាល់ ពីសំណាក់មហាជន និងអ្នកគាំទ្រយ៉ាងច្រើន ដើម្បីចង់ដឹងអំពីអាកប្បកិរិយារបស់មិត្តម្នាក់នេះ គឺនាង Kratik ចំពោះការស្លាប់របស់តារាស្រីរូបនេះ។
មិត្តភ័ក្តិមួយក្រុមនេះ បានរៀបរាប់ពីហេតុការណ៍ទាំងមូលដែលបានកើតឡើង នៅក្នុងថ្ងៃជោគវាសនាចុងក្រោយរបស់ Tangmo ថ្ងៃទី២៤ ខែកុម្ភៈ។ តែទោះជាយ៉ាងណា ពួកគេមិនបានទទួលការអាណិតអាសូរពីទស្សនិកជននោះទេ ប៉ុន្តែ ថែមទាំងធ្វើឱ្យមនុស្សជាច្រើនមានការខឹងសម្បារ និងតូចចិត្តយ៉ាងខ្លាំង។ ទស្សនិកជនពិបាកយល់នៅពេលដែល Kratik ដែលជាមិត្តសម្លាញ់ និងជាអ្នកគ្រង់ Tangmo ចង់បញ្ជាក់ពីការពិត ដែលនាង Tangmo បានស្លៀកឈុតរឹបរាងកាយបែបនេះ ហើយបានទៅរកបត់ជើងតូចនៅចុងទូកដ៏មិនសមទំនង។
អ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺបន្ទាប់ពីកម្មវិធីនេះបានចាក់ផ្សាយរួចមក ពិធីករប្រុស Nhoom បានរិះគន់អ្នកគ្រប់គ្រងស្រី Kratik ថា កោតចេះតែនិយាយទៅរួច ជាពិសេស ពិធីករប្រុសរូបនេះ ក៏ពិបាកយល់ដែរ ដែលនាង Kratik ព្យាយាមពន្យល់ពីរបៀបដែល Tangmo ចូលកន្លែងបត់ជើងតូច ទាំងក្នុងឈុតរឹបតឹងបែបនេះ។
ពិធីករ Nhoom មានអារម្មណ៍ច្របូកច្របល់ ហើយនិយាយទាំងក្តៅឆេវភ្លាមៗថា៖ «អ្វីដែលអ្នកត្រូវឆ្លើយសម្រាប់ខ្ញុំ និងបងប្អូនក្នុងបណ្តាញសង្គម គឺតើអ្នករាប់អានគ្នាយ៉ាងម៉េច ពេលមិត្តធ្លាក់ទឹកទន្លេ អ្នកបោះបង់នាងចោលភ្លាមៗ អីចឹងអីអ្ហាស!? ជាការតបស្នង ប្រសិនបើវាជា Tangmo ខ្ញុំជឿថា Tangmo នឹងមិនត្រលប់ទៅវេលានោះវិញទេ”។
ជាមួយគ្នានេះផងដែរ ឃើញថា មនុស្សជាច្រើនបានសម្ដែងការយល់ស្របជាមួយនឹងអ្វីដែលពិធីកររូបនេះ បានប្រតិកម្ម ដែលមិនគួរឱ្យជឿសោះឡើយ សម្រាប់ការពន្យល់របស់អ្នកគ្រប់គ្រងរូបនេះ។ មនុស្សជាច្រើនអាណិត Tangmo ដែលមិនគួរណាមានមិត្តបែបនេះនេះ។
មុននេះ នៅលើបណ្តាញ CCTV បានថតជាប់រូបភាព បន្ទាប់ពីការបាត់ខ្លួនរបស់ Tangmo រយៈពេល ២ ម៉ោង គឺបង្ហាញ Kratik និងមិត្តភក្តិមួយក្រុមដែលជិះទូកជាមួយនាង បានចាកចេញ ដោយសារតែពួកគេអស់កម្លាំង និងព្រួយបារម្ភអំពីកូនស្រីរបស់ពួកគេ។ ពួកគេបានទៅផ្ទះដេកជាជាងរង់ចាំលទ្ធផលនៃការស្វែងរក Tangmo។ មនុស្សមួយក្រុមនេះថែមទាំងភ្លេចទូរស័ព្ទទៅសាច់ញាតិរបស់តារាស្រីរូបនេះ ដើម្បីរាយការណ៍ពីដំណឹងអាក្រក់នេះទៀតផង ប្រហែលជាពួកគេស្លន់ខ្លាំងពេកហើយមើលទៅ!។
លើសពីនេះ អ្នកនិយមលេងអ៊ីនធឺណែតមួយចំនួន ក៏បានពេបជ្រាយចំពោះអ្នកគ្រប់គ្រងស្រី Kratik ដែលស្រក់ទឹកភ្នែកពេលនិយាយអំពីរឿងនោះ។ មនុស្សជាច្រើនបានបញ្ចេញមតិថា អាកប្បកិរិយារបស់នាងក្នុងការសន្ទនាគឺក្លែងក្លាយពេកហើយ នាងហាក់បីដូចជាហៀបនឹងយំកាលពីមួយនាទីមុន ប៉ុន្តែក្រោយមកនាងបានប្តូរសំឡេង ហើយស្ងួតទឹកមុខវិញ។
អ្នកលេងអ៊ីនធឺណិតជាច្រើនសម្ដែងការមិនពេញចិត្តចំពោះការយំរបស់ Kratik។ អ្នកគាំទ្របានសម្តែងការហួសចិត្តខ្លាំងបំផុតគឺនៅពេលសួរថាហេតុអ្វីបានជានាងមិនទាក់ទងម្ដាយ Tangmo នោះ Kratik បានឆ្លើយយ៉ាងស្ងប់ស្ងាត់ថា៖ “ព្រោះគាត់មិនមែនជាអ្នកមុជទឹកទេ ខ្ញុំក៏មិនយល់ថាហេតុអ្វីបានជាខ្ញុំមិនគួរហៅគាត់”។
តែទោះយ៉ាងណា ម្តាយរបស់ Tangmo មិនជឿអ្វីដែលអ្នកគ្រប់គ្រងនាង Kratik និយាយនោះទេ។ គាត់សង្ស័យថា នាងមានជាប់ពាក់ព័ន្ធនឹងការស្លាប់របស់កូនស្រីគាត់តែម្តង។
បច្ចុប្បន្ននេះ ការស៊ើបអង្កេតលើការស្លាប់របស់តារាសម្ដែង Tangmo Nida នៅតែទទួលបានការចាប់អារម្មណ៍ពីទស្សនិកជន។ ហើយកម្មវិធីផ្សាយផ្ទាល់របស់ប៉ុស្តិ៍៍លេខ៣ ដែលធ្វើឡើងនាពេលថ្មីៗនេះ ឃើញថាបានទទួលការគាំទ្រសាទរយ៉ាងខ្លាំង ចំពោះការជជីកសួរធ្ងន់ៗអ្នកដែលពាក់ព័ន្ធក្នុងហេតុការណ៍នេះ។ ទស្សនិកជនរង់ចាំភ្នាក់ងារស៊ើបអង្កេតបង្ហាញការពិតនៃឧបទ្ទវហេតុនេះ។ មនុស្សជាច្រើនចាត់ទុកថាការចាកចេញរបស់តារាស្រី The Flying Leaf មានអាថ៌កំបាំងជាច្រើន៕ រក្សាសិទ្ធិដោយ៖ លឹម ហុង














