ភ្នំពេញ ៖ នៅទីបំផុតតារាចម្រៀងអ្នកនាង សួស វីហ្សា បានសម្រេចចិត្តវិលមកឆាកតន្ត្រីជាថ្មីឡើងវិញហើយ បន្ទាប់ពីនាងបានខកខានប្រមាណជា២ឆ្នាំមកនេះ ក្រោយនាងរងការឆ្លងជំងឺកូវីដ១៩។
តារារូបនេះនឹងបង្ហាញវត្តមានច្រៀងឡើងវិញ នៅក្មុងកម្មវិធីតន្ត្រីផ្សាយផ្ទាល់តាមរយះស្ថានីយ៍ទូរទស្សន៍ហង្សមាសនៅចុងសប្តាហ៍នេះ។
ការសម្រេចចិត្តឡើងឆាកតន្ត្រីជាថ្មីឡើងវិញ ពីតារាចម្រៀងនាង សួស វីហ្សា នាពេលនេះគឺជាការឆ្លើយតបទៅតាមការចង់បាន ពីប្រិយមិត្តគាំទ្ររបស់នាង ដែលទទូចចង់ឃើញវត្តមាននាងជាថ្មីលើឆាកតន្ត្រី។

ការឡើងឆាកតន្ត្រីពី សួស វីហ្សា នាពេលនេះក៏ស្របពេលដែលនាងក៏ទើបតែចេញបទចម្រៀងថ្មីៗផងដែរ ឆ្លើយតបតាមការចង់បានពីប្រិយមិត្តគាំទ្រ។
គួរបញ្ជាក់ថា តារាចម្រៀងក្នុងផលិតកម្មហង្សមាសនាង សួស វីហ្សា បានសម្រេចផ្អាប់ការច្រៀងលើឆាកមួយរយះ បន្ទាប់ពីនាងបានឆ្លងជំងឺកូវីដ១៩នាពេលកន្លងទៅ។
អារម្មណ៍ភ័យខ្លាចដោយសារជំងឺនេះ បានក្លាយជាស្រមោលដ៏អាប់អួរតាមលងបន្លាចនាងគ្រប់ពេល ហើយបានបង្អាក់ដំណើរតារារូបនេះ មិនហ៊ានចេញទៅណា ក្រៅតែពីការសម្ងំតែនៅក្នុងផ្ទះ។
តែទោះជាយ៉ាងណា ឃ្លាតពីអាជីពនេះមួយរយៈពេលមែនពិត ប៉ុន្តែជារឿយៗ សួស វីហ្សា នៅតែថ្លែងការនឹករលឹកដល់ប្រិយមិត្តគាំទ្រជានិច្ច ខណះពេលនាងបានបញ្ជាក់យ៉ាងច្បាស់ថា នាងនឹងមិនបោះបង់អាជីពសិល្បះចម្រៀងរបស់នាងនាពេលនេះឡើយ។

យ៉ាងណា ក្រោយផ្អាកការងារសិល្បៈមួយរយៈនោះតារាចម្រៀងស្រីរូបនេះ ក៏បានងាកទៅចាប់មុខរបររកស៊ីធំៗជាច្រើន ដែលនាងបានបោះទុនជាមួយស្វាមីរាប់សិបមុឺនដុល្លារ។ មុខរបររកស៊ីរបស់នាងទើបតែចាប់ផ្តើមមែន ប៉ុន្តែជំនួញខ្លះរបស់នាងក៏បានទទួលជោគជ័យដោយមិននឹកស្មានដល់ផងដែរ។
សួស វីហ្សា រំពឹងថា ការវិលមករកឆាកតន្ត្រីរបស់នាងជាថ្មី ក្រោយបាត់មុខមួយរយៈរបស់នាងនៅពេលនេះ នឹងនៅតែអាចទទួលការគាំទ្រ ពីសំណាក់ទស្សនិកជនដដែល៕ រក្សាសិទ្ធិដោយ ៖ សំណាង SV




