ភ្នំពេញ ៖ យូរមកហើយដែលស្រីស្រស់ឈិត សុវណ្ណបញ្ញា បន្តធ្វើមិនដឹងមិនឮ ក្នុងការតវ៉ាចេញបទចម្រៀងផ្ទាល់ខ្លួន ឲ្យបានហូរហែរ ក្នុងទ្រនំថ្មីនៃផលិតកម្មថោន។ គិតឆ្នាំ២០២១ កន្លងទៅ បញ្ញា កប់អស់ចម្រៀងល្អៗ មិនឃើញផ្ទុះ កក្រើកដូចមុនឡើយ។ មិត្តចាស់ នៅក្នុងផលិតកម្មហង្សមាស គេកំពុងតែល្បីល្បាញគ្រប់គ្នា ។ ចំណែក បញ្ញាវិញ ហាក់ទើរទៅម្ខាងច្រើនឡើងៗ គួរឲ្យបារម្ភបំផុត។
តារាចម្រៀង ឈិត សុវណ្ណបញ្ញា ដែលដាច់ចិត្តលាឈប់ពីតារាចម្រៀង របស់ហង្សមាស ចូលផលិតកម្មថោន ច្រើនឆ្នាំមកហើយនោះ នៅ មិនទាន់មើលឃើញថា កេរ្តិ៍ឈ្មោះលាន់ឭដូចនៅកន្លែងចាស់។ ទោះជា បញ្ញា ខំទប់ចិត្តនៅ មិនដូរទីតាំងទៅណាគេ ក៏នៅតែឃើញថា ចម្រៀងរបស់នាង នៅតែមិនបានទាក់ចិត្តមហាជននៅឡើយ។
បើទោះជា បញ្ញា បន្តស្ងាត់តែកន្លងមក នាងមិនដែលរអ៊ូ ឲ្យគេខឹងសម្បានោះទេ ទុកឲ្យគេមើលឃើញខ្លួនឯងចុះលើប្រព័ន្ឋផ្សព្វផ្សាយចម្រៀង។ នាងមានតែពាក្យថា កន្លែងថ្មីល្អ មានការយកចិត្តទុកដាក់ឲ្យនាងមានចម្រៀង។ ផ្ទុយពីនេះអ្នកគាំទ្រនាងចង់ឲ្យនាងដូរទ្រនំ ទៅកាន់ហង្សមាសវិញ ឬ ទៅផលិតកម្មហ្គាឡាក់ស៊ី ក្រែងលមានសង្ឃឹមលេចធ្លោជាថ្មី។

តើផលិតកម្មថោន មានយុទ្ឋវិធីបែបណា ដើម្បីជួយឲ្យប្រជាប្រិយភាពរបស់ ឈិត សុវណ្ណបញ្ញា បានប្រសើរឡើងវិញ។ ឬមួយខាងផលិតកម្មកំពុងតែ ព្យាយាមចាត់ចែងឲ្យ បញ្ញារើបសញ្ញាល្អឡើងវិញជាថ្មី។ ឈិត សុវណ្ណបញ្ញា ហាក់នៅជ្រុងម្ខាងពីគេឯង ច្រើនខែមកហើយ ដោយអ្នកគាំទ្រខ្លះ ស្ទើរតែភ្លេចមុខនាងម្តងៗ ថាជាតារាធ្លាប់ល្បី។ អ្នកគាំទ្រខ្លះ កំពុងតែព្រួយចិត្តចំពោះប្រជាប្រិយភាពរបស់នាង មិនដូចមុនឡើយ។

យ៉ាងណាក៏ដោយ គេរំពឹងថា សុវណ្ណបញ្ញា នៅតែមានការយកចិត្តទុកដាក់ ពីផលិតកម្មថោន ហើយមិនមើលរំលង និងជួយយកចិត្តទុកដាក់ បង្ហាញបទចម្រៀងណាល្អៗ ឲ្យនាង មិនឲ្យស្ងាត់ដូចកន្លងមក។ លើសពីនេះ រំពឹងថា ហ្វេនៗ ជាច្រើន មិនភ្លេចនាងនិងនៅតែគាំទ្រ ដូចតារានៅហង្សមាសដដែល៕ រក្សាសិទ្ធិដោយ ៖ ឧត្តម









