ថ្មីៗនេះ តាមរយៈផេក Thairaththree បានបញ្ចេញឲ្យដឹងថា មានមនុស្សពាក់ព័ន្ធនឹងឧប្បត្តិហេតុ ដែលតារាសម្ដែង Tangmo Nida បានទទួលមរណៈភាពធ្លាក់ទូកចូលក្នុងទន្លេចៅប្រាយ៉ា កាលពីយប់ថ្ងៃព្រហសប្បតិ៍សប្តាហ៍មុន ក្នុងនោះមាន៖ អ្នកគ្រប់គ្រង Kratik, Hiso Por និង Robert បានចូលជួបជាមួយអ្នកស្រី Panida Siriyudthayothin – ម្តាយបង្កើតរបស់ Tangmo ដើម្បីសុំទោស។ ហេតុការណ៍ដ៏ភ្ញាក់ផ្អើលនេះ ត្រូវបានធ្វើឡើងនៅប៉ុស្តិ៍ប៉ូលិស ស្ថិតក្រោមវត្តមានមនុស្សជាច្រើននាក់។
Robert និង Por ត្រូវបានអ្នកស្រី Panida លើកលែងទោសឲ្យ ដោយពួកគេបានស្បថថានឹងចាត់ទុកគាត់ជាម្តាយបង្កើតរបស់ពួកគេ និងសន្យាមើលថែគាត់អស់មួយជីវិត។ អ្នកស្រី Panida បាននិយាយថា៖ “ខ្ញុំអត់ទោសឱ្យ Por និង Robert ប៉ុន្តែសម្រាប់នាង Kratik ខ្ញុំមិនអាចអត់ទោសបានជាដាច់ខាត។ មានមនុស្សពីរនាក់ទៀត (Job និង San) ខ្ញុំក៏មិនទាន់ដឹងថា ត្រូវធ្វើយ៉ាងណានោះទេ»។
ពិតណាស់ ទោះបីជានៅពេលដែលអ្នកគ្រប់គ្រងនាង Kratik បានឱនក្បាលសុំទោសសំពះដល់បាតជើងយ៉ាងណា ក៏អ្នកស្រី Panida បដិសេធទាំងស្រុង។ អ្នកស្រីបាននិយាយថា អ្នកគ្រប់គ្រងស្រីរូបនេះ មិនដែលហៅ ឬយកកម្រងផ្កា សម្រាប់សព Tangmo ទេ។ អ្នកស្រីនិយាយថា “ហេតុអ្វីបានជានាងមិនដែលទូរស័ព្ទមកខ្ញុំ ឬក៏ដោយសារខ្ញុំមិនមែនជាអ្នកមុជទឹក!?”។
នៅពេលដែលអ្នកស្រី Panida ចាប់ផ្តើមសួរអំពីទំនួលខុសត្រូវរបស់នាង Kratik អំឡុងពេលជិះទូកកម្សាន្ត អ្នកគ្រប់គ្រងរូបនេះបានពន្យល់រឿងរ៉ាវជាច្រើន ដោយអះអាងថា នាងបានប្រាប់អ្វីៗគ្រប់យ៉ាងដល់ប៉ូលីស ហើយជឿជាក់ថាអ្វីៗនឹងច្បាស់។ ម្តាយបង្កើតរបស់ Tangmo ឆ្ងល់ថាហេតុអ្វីបានជាមនុស្សពីរនាក់ទៀតនៅលើទូកគឺ San និង Job មិនបង្ហាញខ្លួន។
ក្នុងការផ្សាយបន្តផ្ទាល់កាលពីយប់ថ្ងៃទី១ ខែមីនា នាង San បានពន្យល់អំពីអ្វីដែលបានកើតឡើងនៅលើទូក។ ជាមួយគ្នានេះ នាងក៏បានបញ្ជាក់យ៉ាងច្បាស់ថា កដៃរបស់នាងមិនមានស្នាមជាំដូចមនុស្សជាច្រើនបានប៉ាន់ស្មាននោះទេ។
ក្រៅពីនេះ នាងក៏បានសុំទោស ចំពោះរឿងដែលបានកើតឡើងផងដែរ។ នាង San ថែមទាំងរៀបរាប់ពីមូលហេតុ ដែលរូបនាងចាកចេញបន្ទាប់ពីឧបទ្ទវហេតុរបស់ Tangmo ។ មូលហេតុគឺដោយសារអស់កម្លាំង ទន់ភ្នែកដោយសារការស្វែងរក Tangmo អស់ប៉ុន្មានជុំ។ តែទោះយ៉ាងណា ការរៀបបែបនេះ គឺគ្រប់គ្រាន់ដើម្បីធ្វើឱ្យ San ទទួលបានដុំ “ឥដ្ឋ និងថ្ម” ច្រើនពីសហគមន៍អនឡាញតែម្តង។
ប៉ូលីសបានចេញផ្សាយព័ត៌មានអំពីការស្លាប់របស់ Tangmo Nida
កាលពីថ្ងៃទី១ ខែមីនា ផងដែរ ហើយសន្និសីទកាសែតដើម្បីប្រកាសពីការធ្វើកោសល្យវិច័យរបស់តារាស្រីអភព្វរូបនេះ ត្រូវបានប៉ូលិសធ្វើឡើង។ ប៉ូលិសបាននិយាយថា តាមរយៈការធ្វើកោសល្យវិច័យគេបានរកឃើញថា Tangmo Nida ស្លាប់ដោយថប់ដង្ហើម និងលង់ទឹក។ ទឹកនិងភក់ជាច្រើនត្រូវបានរកឃើញនៅក្នុងសួតរបស់នាងដែលហៀរមកដល់បំពង់ខ្យល់។
Tangmo Nida មានរបួសត្រង់ភ្លៅឆ្វេង បណ្ដាលមកពីវត្ថុមុតស្រួច ដែលគេសន្មត់ថាជាផ្លែស្លាបចាក់ម៉ាស៊ីនទូក។ ហើយទាក់ទិននឹងរបួសនេះផងដែរ សមត្ថកិច្ចបានបន្តថា នឹងត្រូវរង់ចាំការពិនិត្យបន្ថែមទៀត ទើបដឹងពីមូលហេតុពិតប្រាកដ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង









