ភ្នំពេញ ៖ លោក ឃុំ ប៉ុណ្ណាដែត និង អ្នកនាង យក់ ឋិតរដ្ឋា ប្ដី-ប្រពន្ធអតីតតារាចម្រៀង បានបង្ហាញនូវអារម្មណ៍ហួសចិត្ត ចំពោះរាសីកូនប្រុសទី២របស់ពួកគេ ស្រាប់តែដួលនៅសាលារៀនមួយ ហើយរងរបួសបាក់ដៃភ្លាមៗ ខណ:ចំថ្ងៃខួបកំណើតកូនរូបនេះតែម្តង ធ្វើឱ្យខូចបរិយាកាសដែលគ្រោងនឹងសប្បាយរីករាយ ប្រែមកជាការពិបាកចិត្ត និងជួយខ្នះខ្នែងគ្នា ដឹកកូនទៅកាន់មន្ទីរពេទ្យសង្រ្គោះជាចាំបាច់។
តាមការលើកឡើងពី លោកដែត និយាយថា បាក់ដៃប៉ុណ្ណឹងហើយ សុខចិត្តទ្រាំឈឺ ស្រក់ទឹកភ្នែកតែមិនយំ ។ ប៉ាដឹងថា កូនឈឺ តែកូនសុខចិត្តទ្រាំទាំងសម្លឹងមើលមកប៉ា-ម៉ាក់ដោយក្នុងអារម្មណ៍ច្របូកច្របល់, ប៉ុន្តែកូនត្រូវតែរឹងមាំ មិនយូរទេកូននឹងបានជាដូចដើម ។ ឃុំ រដ្ឋាណាលីឌី (តុងតុង) កូនល្អរបស់ប៉ា។ កូនអើយកូនមកបាក់ដៃចំថ្ងៃខួបកំណើតទៀតឆាប់ជាណាកូនសម្លាញ់។

ការបង្ហាញរូបភាព និងអារម្មណ៍បែបនេះ បានធ្វើឲ្យយើងមើលឃើញថា ទាំង២នាក់ប្តីប្រពន្ឋនេះ មានការព្រួយចិត្តមិនធម្មតានោះទេ ព្រោះកូនទាំង៣នាក់ដែល មានក្នុងបន្ទុកគឺស្រឡាញ់ស្មើៗគ្នា ពេញបេះដូងក្នុងនាមជាឪពុកម្តាយ។ អ្នកគាំទ្រ បានបង្ហាញសារជូនពរឲ្យកូនប្រុសទី២ រូបនេះឆាប់បាន ជាដូចដើមវិញ។

លោក ឃុំ ប៉ុណ្ណាដែត មិនវិញចូលសិល្បៈវិញនោះទេ បើទោះជាអ្នកគាំទ្រ ជាច្រើននៅតែចង់ឃើញលោកច្រៀងជាថ្មី។ ភារៈខាងក្រៅមមាញឹកពេក មិនអាចឲ្យតារាប្រុសរូបនេះ វិលមកតាមការស្នើសុំឡើយ។ លោកនៅតែបើកចិត្តទូលាយ ឲ្យភរិយា ជាទីស្រឡាញ់ មកបម្រើវិស័យសិល្បៈ ដោយសាររដ្ឋា មានចិត្តដក់លើសិល្បៈខ្លាំងមិនអាចចោលបាន។ ម្យ៉ាងអ្នកគាំទ្រ ក៏នៅតែចួលចិត្តអ្នកនាងទើប នៅតែមិនចោលវិស័យមួយនេះបាន។ បើក្រឡេកមើលកូនប្រុសច្បងអ្នកទាំង២វិញគឺ ជះភាពសង្ហាមិនចាញ់ឪពុកឡើយ តាំងពីពេញកំលោះមក៕ រក្សាសិទ្ធិដោយ ៖ ឧត្តម














