Monday, September 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្ញាក់ផ្អើល! ស្ងាត់​ៗ ឧកញ៉ា លាន អាហ្រ្វីលគីនីន ផ្ទុះ​រឿង​ជំពាក់បំណុល​គេ​ជុំ​ទិស ខណៈ​ម្ចាស់បំណុល​ម្នាក់​បង្ហោះ​ផ្តាំទៅ អាហ្រ្វីលគីនីន បែបនេះ​ថា…

នឹកឃើញដល់អតីតពិធីករដ៏មានឈ្មោះបោះសំឡេង របស់ស្ថានីយ៍ទស្សន៍ប៉ុស្តិ៍លេខ៥ កាលពីអំឡុងជាង១០ឆ្នាំមុន នោះជឿថាបងប្អូនប្រិយមិត្ត បានស្គាល់ច្បាស់ជាក់ជាមិនខាន គឺលោក លាន អាហ្រ្វីលគីនីន។ ជាការពិតណាស់ ក្រោយបាត់មុខពីវិស័យសិល្បៈអស់មួយរយៈពេលធំ លោក អាហ្រ្វីលគីនីន បានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលបានដឹងថា រូបលោករកសុីជោគជ័យក្លាយជាឧកញ៉ា ដ៏មិននឹកស្មាន។

តែអ្វីដែលគួរឲ្យហួសចិត្តនោះ គឺគ្រាទើបតែទទួលងារជា «ឧកញ៉ា» បានប៉ុន្មានខែសោះ ស្រាប់តែលោក លាន អាហ្រ្វីលគីនីន ធ្វើឲ្យល្បីល្បាញមានរឿងស្នេហាត្រីកោណ ផ្អើលពេញផ្ទៃប្រទេសតែម្ដង បន្ទាប់ពីតារាចម្រៀងប៉ាត សុធារ៉ា បានហែកកេរ្ដិ៍លោកឧកញ៉ារូបនេះថា បានបោកប្រាស់នាងថា លោកលែងរួមរស់ជាមួយភរិយា អ្នកនាងកែវ វរលក្ខណ៍ ទៀតហើយ និងលួងលោមនាងសុំស្នេហ៍​រហូតធ្វើឲ្យនាងផុងខ្លួនធ្លាក់ចូលជ្រៅក្នុងល្បែងស្នេហាមួយនេះ ហើយចុងក្រោយ អ្នកដែលរកទុក្ខ គឺជារូបនាង។ តែទោះយ៉ាងណា ភ្លើងសង្គ្រាមស្នេហាត្រីកោណនេះក៏បានរលត់ទៅវិញ បន្ទាប់អ្នកនាង កែវ វរលក្ខណ៍ សុំតែសុខ ដោយលែងរវីរវល់ជាប់ពាក់ព័ន្ធនិងឧកញ៉ារូបនេះទៀត។

តែដោយឡែក ថ្មីៗនេះ ឧកញ៉ា លាន អាហ្រ្វីលគីនីន ក្រោយផ្ទុះរឿងអាស្រូវស្នេហាត្រីកោណ ឥឡូវ មកមានរឿងជំពាក់បំណុលគេ បង្កការភ្ញាក់ផ្អើលពេញហ្វេសប៊ុកទៀតហើយ ដោយបុរសម្នាក់ជាម្ចាស់បំណុលបានបង្ហោះរូបភាពលោកគីនីន និងភ្ជាប់សារផ្ដាំទៅលោកឧកញ៉ារូបនេះ ឲ្យចូលខ្លួនមកដោះស្រាយបំណុលជាបន្ទាន់។

នេះបើយោងតាមគណនីហ្វេសប៊ុកឈ្មោះ Sekharith Be បានបង្ហោះឲ្យដឹងបែបនេះថា «សូមជូនដំណឹងដល់ឈ្មោះ​ លាន​អាហ្រ្វីលគីនីន ចូលខ្លួនមកដោះស្រាយបំណុលដែលជំពាក់ខ្ញុំ»។

ក្រោយពីបានឃើញបែបនេះ មហាជនពិតជាមានការហួសចិត្ត និងលាន់មាត់ថា «កាដុមសែបសា លោកឧកញ៉ា ខូចឈ្មោះល្អៗគេអស់ហើយ»។ លើសពីនេះ ក្នុងនោះ គេក៏បានឃើញគណនីហ្វេសប៊ុកមួយឈ្មោះ Vannak Sen ក៏បានប្រាប់ឲ្យគ្រប់គ្នាបានដឹងថា ឧកញ៉ា អាហ្រ្វីលគីនីន ក៏ជំពាក់លុយខ្លួនដែរ ដោយបញ្ជាក់បែបនេះថា «លុយខ្ញុំ3000$ដែរអត់អោយ»។ រីឯគណនីហ្វេសប៊ុកមួយទៀតឈ្មោះ រាម មង្គល ក៏បានដាក់ឲ្យធ្ងន់ៗថា «អាថោកនេះជំពាក់លុយប្រេងខ្ញុំមិនសងផង ថោកចឹងធ្វើឧកញ៉ាបានដែរ ថ្ងៃណាមួយយកសែកស្អុយ និងកិច្ចសន្យាទិញប្រេងនោះប្តឹងហើយ»។

តែទោះយ៉ាងណា គេពុំទាន់ឃើញខាងលោក ឧកញ៉ា លាន អាហ្រ្វីលគីនីន ចេញប្រតិកម្ម ឬ បកស្រាយឆ្លើយតប ទៅនឹងការចោទប្រកាន់របស់បុគ្គលប៉ុន្មាននាក់ខាងលើទេ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×