ដូចដែលប្រិយមិត្តបានទទួលជ្រាបរួចហើយ ទាក់ទងការស្លាប់របស់តារាសម្តែងស្រីដ៏ល្បីឈ្មោះរបស់ថៃ នាង Tangmo ដែលបានលង់ទឹកទន្លេចៅប្រាយ៉ា ពីការធ្លាក់ទូកល្បឿនលឿន (Speedboat) កាលពីយប់ថ្ងៃព្រហស្បតិ៍ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅនេះ ហើយសាកសពរបស់នាងត្រូវបានរកឃើញអណ្តែតនៅក្បែរកន្លែងហេតុ (ទន្លេចៅប្រាយ៉ា) នៅវេលាម៉ោងប្រមាណជាង ១ រសៀលថ្ងៃទី២៦ ខែកុម្ភៈ បន្ទាប់ពីបាត់ខ្លួនពីរថ្ងៃ។
ពិតណាស់ ការស្លាប់របស់នាង បានធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជន ព្រោះតែគ្រប់គ្នាមិនជឿថា ការស្លាប់របស់នាងជាឧបទ្ទវហេតុឡើយ តែផ្ទុយទៅវិញវាអាចជាទង្វើនៃការធ្វើបាបពីសំណាក់នរណាម្នាក់ ឬ ជាការសមគំនិតរបស់អ្នកទាំង៥នាក់ ដែលនៅលើទូកជាមួយនាងតែម្តង ហើយម្នាក់ក្នុងចំណោមនោះ ដែលមហាជនដាក់ការសង្ស័យខ្លាំងជាងគេ គឺនាង Kratik ដែលជាមិត្តសម្លាញ់ និងជាអ្នកគ្រប់គ្រងផ្ទាល់របស់ Tangmo។
តែទោះយ៉ាងណា រហូតមកទល់ពេលនេះ ការពិតស្ថិតនៅពីក្រោយការស្លាប់របស់តារាស្រីរូបនេះ គឺនៅតែមិនទាន់រកឃើញនៅឡើយទេ ខណៈប៉ូលីសថៃក៏កំពុងបន្តការស៊ើបអង្កេត។ បើតាមកាសែត Bangkok Post បានចុះផ្សាយឲ្យដឹងថា អ្នកទាំង៥នោះ ទំនងជាប្រឈមការចោទប្រកាន់ពីបទធ្វេសប្រហែស ដែលបណ្តាលឲ្យមានមនុស្សស្លាប់ ខណៈនាង Kratik ក៏ត្រូវគេបន្តចោទប្រកាន់បានបំភ្លៃការពិត ជុំវិញការស្លាប់របស់នាង។
តែដោយឡែក នៅថ្ងៃទី៤ ខែមីនា ម្សិលមិញនេះ ដែលត្រូវជាថ្ងៃ Tangmo បានលាចាកលោកបាន ៧ ថ្ងៃ គេក៏បានឃើញមានមហាជន និងក៏ដូចអ្នកគាំទ្រជាច្រើន បាននាំគ្នាទៅគោរពវិញ្ញាណក្ខន្ធរបស់នាង ជាមួយបាច់ផ្កា សំណែនផ្សេងៗ យកទៅដាក់សែននៅមាត់ទន្លេចៅប្រាយ៉ា និងព្រមជាមួយសំបុត្រសំណេររំលែកទុក្ខ ពាក្យផ្តាំផ្ញើ ទៅកាន់វិញ្ញាណ Tangmo ដែលឃើញហើយពិតជាគួរឲ្យសោកស្រណោះខ្លាំងណាស់៕ រក្សាសិទ្ធិដោយ៖ លឹម ហុង
















