Sunday, December 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចនាយករដ្ឋមន្រ្តីកម្ពុជា មិនគាំទ្រចំពោះប្រជាពលរដ្ឋ ដែលចង់ធ្វើជាទ័ពស្ម័គ្រចិត្ត ជួយប្រយុទ្ធអ៊ុយក្រែននោះឡើយ , ការស្ម័គ្រចិត្តទៅប្រយុទ្ធនៅអ៊ុយក្រែន គឺជាការយកសាំង ទៅចាក់នៅលើភ្លើង

ត្បូងឃ្មុំ ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមិនគាំទ្រ និងលើកទឹកចិត្ត ចំពោះប្រជាពលរដ្ឋ ដែលចង់ធ្វើជាទ័ពស្ម័គ្រចិត្ត ជួយប្រយុទ្ធអ៊ុយក្រែននោះឡើយ។ សម្តេចតេជោ ហ៊ុន សែន ចង់ឃើញសង្គ្រាមរុស្ស៉ី និងអ៊ុយក្រែន ឈប់បា.ញ់នៅនឹងកន្លែង ហើយបើកការចរចានឹងគ្នា។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចចង់ឃើញមានការចរចារវាងរុស្ស៉ី និងអ៊ុយក្រែន ហើយរវាងរុស្ស៉ី ជាមួយណាតូ និងសហភាពអឺរ៉ុប។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ថ្លែងយ៉ាងដូច្នេះ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ នាព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២ ដោយសម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្តទៀតថា ការស្ម័គ្រចិត្តទៅប្រយុទ្ធនៅអ៊ុយក្រែន គឺជាការយកសាំងទៅចាក់នៅលើភ្លើង។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រជាពលរដ្ឋខ្មែរកំពុងចាប់អារម្មណ៍នឹងសម្តីប្រធានាធិបតីអ៊ុយក្រែន ដែលលើកឡើងថា «សន្តិភាព» មានសារៈសំខាន់ជាងអ្វីៗទាំងអស់ ចំពោះប្រទេសរបស់លោក។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាបានយកចិត្តទុកដាក់លើសន្តិភាពរយៈពេលជាង ៤០ឆ្នាំមកហើយ។

បើតាមសម្តេចតេជោ ហ៊ុន សែន ៖ “ខ្ញុំសូមអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋយើង ដែលមានបំណងចង់ធ្វើជាទាហានស្ម័គ្រចិត្តទៅអ៊ុយក្រែន សូមកុំជ្រុលហួសចំពោះចំណុចនេះ ដោយយើងមិនគួរយកសាំងទៅចាក់នៅលើភ្លើងនោះទេ ហើយខ្ញុំមិនអនុញ្ញាតឱ្យប្រជាពលរដ្ឋខ្លួន ទៅស្លា.ប់នៅទឹកដីគេនោះដែរ រដ្ឋធម្មនុញ្ញយើងក៏មិនអនុញ្ញាតនោះទៀត។ អ្នកដែលអាចទៅប្រយុទ្ធនៅក្រៅប្រទេស គឹមិនមាននោះទេ គឺមានតែកងទ័ពមួកខៀវយើងប៉ុណ្ណោះ ប៉ុន្តែគឺទៅក្រោមរូបភាពមនុស្សធម៌ ក្រោមឆ័ត្រអង្គការសហប្រជាជាតិ”។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងពីការចាប់អារម្មណ៍ របស់ប្រជាពលរដ្ឋខ្មែរ ពិសេសអ្នកវិភាគស្ថានភាពនយោបាយ និងអ្នកសារព័ត៌មាន ទៅលើសម្តីរបស់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្ស៉ីលេនស្គី ដែលបានលើកឡើងថា នៅពេលនេះសន្តិភាព មានតម្លៃជាងរឿងអ្វីៗទាំងអស់ សម្រាប់អ៊ុយក្រែន ដែលបង្ហាញឲ្យឃើញថា សន្តិភាពមានតម្លៃមហាសាល ដែលគ្រប់ប្រទេសទាំងអស់ត្រូវការបំផុត។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា នៅពេលប្រទេសមិនទាន់មានសង្គ្រាមនាំគ្នាស្រែករកប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ប៉ុន្តែនៅពេលមានសង្គ្រាម ទើបយល់ពីតម្លៃនៃសន្តិភាព។ ចំណែកកម្ពុជាវិញ បានកំណត់យកសន្តិភាព ជាអាទិភាពជាង២០ឆ្នាំមកហើយ ដើម្បីធានាបាននូវសិទ្ធិរស់រានមានជីវិតជូនប្រជាជន។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប៉ុន្មានថ្ងៃនេះបងប្អូនយើងធ្វើអត្ថាធិប្បាយ នៅពេលដែលប្រធានាធិបតីអ៊ុយក្រែន និយាយថា អាទិភាពកំពូល គឺសន្តិភាព ប៉ុន្តែកម្ពុជាបានរកចិត្តទុកដាក់លើរឿងសន្តិភាពជាង២០ឆ្នាំហើយ បើនិយាយឲ្យពិតទៅយើងបានប្រឹងប្រែងជាង៤០ឆ្នាំ ដើម្បីតែសន្តិភាពមួយ តើយើងបណ្តែតបណ្តោយឲ្យមនុស្សមួយក្រុម បំផ្លាញសន្តិភាពយើងបានទេ? ឥឡូវការជាក់ស្តែងបានកើតឡើងនៅអ៊ុយក្រែន អ៉ីរ៉ាក់ ស៉ីរី លីប៊ី យ៉េមែន។ ប្រទេសនៅអឺរ៉ុបទោះបីមិនទាន់ទទួលការវាយប្រហារ ក៏កំពុងផ្តោតការយកចិត្តទុកដាក់សន្តិភាពនៅអឺរ៉ុប។

សម្តេចតេជោបានថ្លែងថា ឥឡូវដល់ប្រទេសមានសង្គ្រាមស្រែករកសន្តិភាព កាលពីមុនអត់ស្រែករកសន្តិភាពទេ ស្រែករកប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ដល់ឥឡូវប្រជាធិបតេយ្យក៏បាត់ សិទ្ធិមនុស្សក៏បាត់ ឯមនុស្សក៏ស្លាប់។ ឯយើងនៅទីនេះ យើងយកចិត្តដាក់ជាអាទិភាពកំពូល គឺសន្តិភាព ដើម្បីធានានូវសិទ្ធិរស់រានមានជីវិត បើមានសិទ្ធិរស់រានមានជីវិតហើយ សិទ្ធិបញ្ចេញមតិ ប្រជាធិបតេយ្យ និងសិទ្ធិមនុស្សត្រូវបានធានា បើស្លាប់ហើយបានអីធានាទៀត។

សម្តេចតេជោសង្ឃឹមថា មជ្ឈដ្ឋានខាងក្រៅយល់ច្បាស់ពីកម្ពុជា ដែលកំណត់យកការងារសន្តិភាពជាអាទិភាព ព្រោះមិនអាចបង្កើនឲ្យសង្គ្រាមរួចហើយ បានស្វែករកសន្តិភាពឡើងវិញតាមក្រោយនោះទេ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ពិតណាស់តម្រូវការក្នុងសង្គមពិតជាបញ្ហាកើតឡើង ហើយបញ្ហាទាំងអស់នោះទាមទារឲ្យមានការអត់ធ្មត់ដោះស្រាយ តាមផ្លូវសីលធម៌ ផ្លូវច្បាប់ ប៉ុន្តែកុំមានការអំពាវនាវឲ្យមានជាចលនា សង្គ្រាមកើតឡើងឲ្យសោះ ទោះក្នុងតម្លៃណាក៏ដោយរាជរដ្ឋាភិបាលកម្ពុជា ប្រឆាំងដាច់ខាត។

សូមជម្រាបថា កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២២ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានប្រកាសប្រាប់ពិភពលោកថា នៅពេលនេះសន្តិភាព គឺមានសារៈសំខាន់បំផុត ជាងរឿងអ្វីៗទាំងអស់ ហើយលោកមិនចង់ឱ្យប្រទេសរបស់លោក ជួបប្រវិត្តសាស្ត្រ ដូចនៅក្នុងសម័យក្រិកបុរាណ ដែលកងទ័ពស្ប៉ាកតាន (Spartans) ៣០០នាក់ ត្រូវតស៊ូប្រយុទ្ធជាមួយកងទ័ពពែក្សរាប់សែននាក់នោះទេ។

ប្រធានាធិបតីអ៊ុយក្រែនរូបនេះ បានបញ្ជាក់ដូច្នេះថា ខ្ញុំមិនចង់ឃើញអ៊ុយក្រែន ជួបប្រវត្តិសាស្ត្រដូចសម័យកងទ័ពស្ប៉ាកតាន (Spartans) ៣០០នាក់ ត្រូវតស៊ូប្រយុទ្ធជាមួយកងទ័ពពែក្សរាប់សែននាក់នោះទេ។ ខ្ញុំត្រូវការសន្តិភាព ខ្ញុំពិតជាត្រូវការសន្តិភាព សម្រាប់ប្រទេសរបស់ខ្ញុំ៕រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×