ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តដឹកទំនិញធុនធំមួយគ្រឿង ក្នុងល្បឿនលឿនដល់ស្តុបផ្លូវបំបែកជាបួន មិនបង្អង់ក៏ជ្រុលទៅបុករថយន្តតូយ៉ូតាព្រូស បើកឆ្លងស្តុបចំពាក់កណ្ដាលយ៉ាងពេញទំហឹង បណ្ដាលឲ្យផ្ទប់ជាប់អូសទៅមុខជាច្រើនម៉ែត្រ កៀបជាប់ប្ដីប្រពន្ធពីរនាក់ ក្នុងការប៊ីនមុខរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយ ដឹកយកទៅសង្គ្រោះបន្ទាន់ភ្លាមៗ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ១១និង ២០នាទីយប់ថ្ងៃទី ៧ខែមីនាឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវភ្នំពេញហាណូយ ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
យោងតាមការបញ្ជាក់ពីពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនកើតហេតុគេបានឃើញបុរសម្នាក់ រួមដំណើរជាមួយនិងនារីម្នាក់ទៀត ត្រូវជាប្រពន្ធបានបើករថយន្តម៉ាកតូយ៉ូតាព្រូស ពណ៌កណ្តុប្រមេះមួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ2BI-8643 បើកឆ្លងស្តុបតាមបណ្តោយផ្លូវ៩២ ទិសដៅពីកើតមកលិចក្នុងល្បឿនលឿនមធ្យម , ពេលបើកឆ្លងដល់ពាក់កណ្តាលផ្លូវ ស្រាប់តែមានបុរសម្នាក់ បើករថយន្តបង្កដឹកទំនិញធុនធំមួយគ្រឿង ក្បាលពណ៌សពាក់ផ្លាកលេខ 3F-8568 បើកបរតាមតាមបណ្ដោយផ្លូវភ្នំពេញហាណូយ ក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនយ៉ាងលឿន បានមកបុករថយន្តតូយ៉ូតាព្រូស ចំពាក់កណ្ដាលយ៉ាងពេញទំហឹង បណ្ដាលឲ្យផ្ទប់កៀបជាប់ទាំងប្តីនិងប្រពន្ធ នៅក្នុងការប៊ីនមុខហើយភ្លាមនោះដែរ បានប្រជាពលរដ្ឋជិតខាងបាននាំគ្នា ជួយគាស់ចេញយកមកក្រៅហៅរថយន្តសាមុយ ដឹកយកទៅសង្រ្គោះបន្ទាន់ភ្លាមៗ ចំណែកឯតៃកុងរថយន្តបង្កបានរត់គេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុខាងលើសមត្ថកិច្ចផ្នែកជំនាញចរាចរណ៍ ចុះវាស់វែងយករថយន្តស្ទូច មកស្ទូចយករថយន្តទាំង២គ្រឿង ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត




