Friday, January 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រោងចក្រចម្រាញ់មាស បានរំលោភយកដីស្រែចម្ការរបស់អ្នកខេត្តព្រះវិហារ និងធ្វើឱ្យមានការបំពុលទឹក

ព្រះវិហារ៖ អ្នក​ភូមិក្នុងតំបន់រំដេង ភូមិត្រពាំងទន្ទឹម ឃុំ រមទម នា​ខេត្ត​ព្រះវិហារ នៃ​ប្រទេស​កម្ពុជា សម្ដែង​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​ទន្ទ្រាន​យក​​ដី​របស់​ពួក​គាត់ពីសំណាក់រោងចក្រ​ចម្រាញ់​មាស ដោយគ្មានការចាត់វិធានការណាមួយពី​អាជ្ញាធរក្នុងតំបន់។ ក្រុមសិទ្ធិមនុស្សបានសម្តែងការបារម្ភថា ផ្សែងហុយ និងការបំភាយឧស្ម័នពីក្រុមហ៊ុនរុករករ៉ែមាសបរទេសគឺមានគ្រោះថ្នាក់ខ្លាំង យ៉ាងណាមិញក្រុមហ៊ុនទាំងនោះធ្លាប់បានធ្វើឱ្យមានការលិចជ្រាបសារធាតុគីមីចូលទៅក្នុងព្រែក និងប្រភពទឹកនៅក្នុងភូមិ។ ព្រឹទ្ធាចារ្យ​ម្នាក់​បាន​និយាយ​ថា ទឹក​ពុល​មិន​ត្រឹម​តែ​ប៉ះ​ពាល់​មនុស្ស​ទេ ថែម​ទាំង​ប៉ះពាល់ដល់សត្វពាហនៈ​ផង​ដែរ។

លោកតា​ ទុយ​ ឆេង ចាស់ព្រឹទ្ធាចារ្យប្រចាំភូមិ​ បានឱ្យដឹងថា​ “ប្រជាជនកាន់កាប់ដីចម្ការទាំងនេះ និង រស់នៅតំបន់នេះតាំងពីឆ្នាំ២០០៣ រីឯ ក្រុមហ៊ុនវិនិយោគលើរ៉ែមាសនេះមកកាន់ទីនេះនៅឆ្នាំ២០១៥។”

លោកតា​ ទុយ​ ឆេង បន្តថា “ក្នុងនោះក្រុមហ៊ុន Delcom Cambodia Pte Ltd ទទួលសិទ្ធិវិនិយោគលើដីដែលមានទំហំ ២៥០m X ៤០០០m តែបច្ចប្បន្ននេះក្រុមហ៊ុនបានកាន់កាប់ដីចំនួន ១០៥០m X ៤០០០m”

លោកតា​ បន្ថែមថា “ចំណែកឯក្រុមហ៊ុន ស៊ិន សាន (Xinshan) មានសិទ្ធិគ្រប់គ្រងដីមានទំហំ ៥0០m X ១០០០m ប៉ុន្តែនៅឆ្នាំ២០១៦គ្រប់គ្រងដីរហូតដល់ ១០០០m X ៤០០០m “។

លោកតា​ ទុយ​ ឆេង​ បានបញ្ជាក់ថា​ដូច្នេះដីដែលក្រុមហ៊ុនទាំង២នោះបានពង្រីគឺបានប៉ះពាល់ដល់ដីចម្ការរបស់ប្រជាជនដំនួន៣ភូមិមានដូចជា ភូមិ​រំដេង ភូមិ​ត្រពាំង​ទន្ទឹម ភូមិ​ស្វាយ​ដំណាក់។”

លោក​ ឡោ​ ចាន់ មន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុក(ADHOC)ប្រចាំខេត្តព្រះវិហារ​ បានឱ្យដឹងថា ក្រុមហ៊ុនបានទៅរំលោភយកដីរបស់ពួកគាត់ ហើយថែមទាំងបានហាមអ្នកភូមិមិនអោយបន្តធ្វើចម្ការលើដីនោះថែមទៀត ទោះបីពួកគាត់មានលិខិតកាន់កាប់ស្របច្បាប់ក៏ដោយ។

មន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុក(ADHOC)ប្រចាំខេត្តព្រះវិហាររូបនេះ បានបន្តថា ខាងខ្ញុំសង្ខេតឃើញថាថ្មីៗនេះ ក្រុមហ៊ុន​វិនិយោគ​អាជីវកម្ម​ចម្រាញ់​រ៉ែ​មាសបានរំលោភយកដីប្រជាជនចំនួន ២០គ្រួសារបន្ថែមទៀត។ ហើយការរំលោភរបស់ក្រុមហ៊ុនមកលើដីប្រជាជនគឺមានជាប្រចាំ ម្តងរំលោភនៅតំបន់នេះ ថ្ងៃបន្ទាប់នៅតំបន់នោះ ហើយនៅមានបន្តទៅតំបន់ផ្សេងៗផងដែរ។ ដូច្នេះប្រជាពលរដ្ធរស់នៅជុំវិញនោះគឺនឹងត្រូវប៉ះពាល់នៅថ្ងៃណាមួយមិនខាន។”

លោក​ ឡោ​ ចាន់​ បានគូសបញ្ជាក់ថា ក្រុមហ៊ុនរុករករ៉ែមាសបានធ្វើអោយប៉ះពាល់ដល់បរិស្ថានដោយសារតែការប្រើប្រាស់សារធាតុគីមី។ កាលពិមុនក្រុមហ៊ុនបានធ្វើឱ្យសារធាតុគីមីនោះលិចជ្រាបចូលទៅក្នុងទឹកអូរដែលនៅក្បែរនោះ វាបានធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ សត្វពាហនៈ ដែលបានប្រើប្រាស់ទឹកនោះ។”

ដោយឡែក លោកតា​ ទុយ​ ឆេង ចាស់ព្រឹទ្ធាចារ្យប្រចាំភូមិ​ បានឱ្យដឹងបន្ថែមថា​ ក្រុមហ៊ុននោះឯងបានប្រើប្រាស់សារធាតុគីមីយ៉ាងច្រើន ដែលផ្តល់ផលប៉ះពាល់ដល់បរិស្ថាននៅទីនេះ តាមរយះការបញ្ចេញផ្សែងពុលនាពេលយប់។ កាលពីមុនបញ្ចេញទាំងពេលយប់ និងពេលថ្ងៃ។ ពីអតីតកាលនៅពេលមានភ្លៀងម្តងៗអ្នកភូមិអាចរកត្រីយកមកធ្វើជាម្ហូបបាន តែរយះពេលបីឆ្នាំចុងក្រោយនេះសូម្បីតែកូនកង្កែបមួយក៏គ្មានផង។”

លោកតា​ បានមានប្រសាសន៍ថា ក្រុមហ៊ុននោះបំផ្លាញព្រៃឈើខ្លាំជាងប្រជាជន ប្រជាជនធ្វើចម្ការអាចសល់ឈើ ប៉ុន្តែសម្រាប់ក្រុមហ៊ុនវិញគឺកាប់ខ្ទីចគ្មានសល់សូម្បីតែដើមឈើតូចៗ។  ក្រុមហ៊ុនបានរំលោភយកដីប្រជាពលរដ្ឋដែលត្រៀមធ្វើកសិកម្មអស់ចំនួន ៦១ ហិកតាហើយ។ ក្នុងចំណោមនោះមានដីចំការរបស់ប្រជាជនចំនួន១១ ហិកតា បូកជាមួយព្រៃបម្រុងរបស់អ្នកភូមិរំដេងចំនួន ៥០ហិកតាទៀត ចឹងសរុបមកគឺ ៦១ហិកតា។

ជាមួយគ្នានេះ លោក​ ឡោ​ ចាន់ មន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុក(ADHOC)ប្រចាំខេត្តព្រះវិហារ​ បាន​លើកឡើងដែរថា ​យើងទទួលស្គាល់ថារាល់ការអភិវឌ្ឍន៍គឺតែងតែមានផលប៉ះពាល់ តែផលប៉ះពាល់ដែលមានដូចបច្ចុប្បន្ននេះគឺអាចធ្វើឱ្យមានរូបភាពអាក្រក់សម្រាប់ប្រទេសជាតិរបស់យើង៕ ប្រភព៖ A24

×