ភ្នំពេញ ៖ មានការចាប់អារម្មណ៍មិនតិចឡើយ បន្ទាប់ពីអតីតតារាសម្ដែងអ្នកនាង ភី មុន្នីរតនា ហៅ ពៅស្រាប់តែបង្ហាញមុខជាថ្មី កាលពីថ្ងៃទី៦ មីនា ឆ្នាំ២០២៣ ក្នុងពិធីបើកសម្ពោធភោជនីយដ្ឋានទ្រង់ទ្រាយធំ ដែលត្រូវគេដឹងបានប្រើដើមទុនច្រើនសែនដុល្លារ។
អ្នកនាងត្រូវបានគេស្គាល់ខ្លាំងតាមរយៈការសម្ដែងនាអំឡុងឆ្នាំ២០០០ជាង តាមរយៈជាតួឆ្នាស់ឆ្នើម និង ជាតួសំខាន់ក្នុងភាពយន្តជាច្រើនដែលល្បីខ្លាំងនាសម័យកាលនោះ។ ស្នាដៃដែលអ្នកនាងបានថតរួមមាន រឿង តេជោដំឌិន, រឿង មាយាស្រី រឿង ឃុនឆាងឃុនផែន, រឿងទឹកចិត្តឪពុក និង ភាពយន្តជាច្រើនទៀត។ អ្នកនាងក៏ជាតួអង្គលេចធ្លោក្នុងរឿង “អ្នកម្នាងអាម៉ង់ចិន្ត្រា” ដែលជាភាពយន្តរបស់អង្គសម្ដេចឪ ព្រះបាទ នរោត្តម សីហនុ ផងដែរ ទើបមានការចាប់អារម្មណ៍មិនតិចឡើយ ក្នុងពេលដែលអ្នកនាងបានបាត់មុខអស់ជាច្រើនឆ្នាំមកហើយ ស្រាប់តែត្រឡប់មកវិញក្នុងជីវិតស៊ីវិល័យលូយឆាយ ហើយមានឱកាសធ្វើជាថៅកែស្រីធំដុំ ក្នុងពេលដែលអ្នកសិល្បៈជំនាន់អ្នកនាងមួយចំនួន មានបញ្ហាជីវភាព។

អ្នកនាង គឺជាតួសម្ដែង ដែលលេចធ្លោគួរសម ក្នុងផលិតកម្មក្រៅស្រុក ដូចជាសកម្មភាពថតបទចម្រៀង របស់ផលិតកម្មឆ្លងដែន និង ផលិតកម្មល្បីៗនាសម័យកាលនោះ ប៉ុន្តែដោយសារតែអ្នកនាងដកខ្លួនក្នុងពេលទីផ្សារកំពុងតែឈានឡើង ទើបធ្វើឲ្យមហាជនខ្លះស្ទើរតែភ្លេចមុខ។ អ្នកនាងបានបង្ហាញមុខលើកចុងក្រោយនៅក្នុងសិល្បៈ ក្នុងរឿង ពិសស្នេហ៍ ក្រោមការដឹកនាំរបស់លោក ហ្វៃ សំអាង ហើយដោយសារតែអ្នកនាងត្រូវសាងជីវិតគ្រួសារ និង រវល់នឹងការងារមុខជំនួញផង ទើបបាត់មុខឈឹង ដោយទើបតែបង្ហាញមុខឲ្យម្នាក់ៗបានឃើញពីសុខទុក្ខ ក្នុងពិធីបើកសម្ពោធភោជនីយដ្ឋាន ដែលទើបធ្វើឡើង។

អ្នកនាង ភី មុន្នីរតនា បានថ្លែងបញ្ជាក់ថា មួយរយៈដែលអ្នកនាងបាត់មុខស្ងាត់ពីសិល្បៈ អ្នកនាងមិនបានចាកចេញក្រៅស្រុក ឬ ទៅណាឆ្ងាយពីអ្នកគាំទ្រនោះទេ ពោលគឺអ្នកនាងរវល់បើកជំនួញ ដោយអ្នកនាង បានបណ្ដាក់ទុនទិញដីលក់ដី និង បានបើកក្រុមហ៊ុនពាក់ព័ន្ធនឹងផ្នែកអចលនទ្រព្យតែម្ដង ទើបអ្នកនាងបំភ្លេចចោលការសម្ដែង។ អ្នកនាងក៏បានបើកជំនួញនាំចូលផលិតផលអនឡាញ ដែលមានឱកាសរកចំណូលបានសែនដុល្លារដោយមិនពិបាកផងដែរ ទើបអ្នកនាងសម្រេចចិត្តដកខ្លួនពីសិល្បៈ ហើយទុកឱកាសឲ្យអ្នកជំនាន់ក្រោយបង្កើនភាពលេចធ្លោជាជំនួសនៅក្នុងវិស័យសល្បៈ៕ រក្សាសិទ្ធិដោយ ៖ ឧត្តម










