Sunday, December 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រះរាជសារ សម្តេចព្រះមហាក្សត្រី ក្នុងឱកាសអបអរសាទរ ខួបលើកទី១១១ នៃទិវាអន្តរជាតិនារី ៨ មីនា

ភ្នំពេញ ៖ ព្រះរាជសារសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសអបអរសាទរខួបលើកទី១១១ នៃទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២២។ សម្តេចព្រះមហាក្សត្រី ជំរុញការលើកកម្ពស់សមភាពយេនឌ័រ ដើម្បីស្ដ្រីបានទទួលនូវ កិច្ចការពារសិទ្ធិ និងផលប្រយោជន៍តាមរយៈការកែប្រែឥរិយាបថសង្គមឱ្យទទួលស្គាល់ និង ចាត់ទុកស្ត្រីជាដៃគូដ៏សំខាន់ ក្នុងការអភិវឌ្ឍគ្រួសារ និងសង្គម។

សម្តេចព្រះមហាក្សត្រី មានព្រះរាជបន្ទូលថា នាឱកាសដ៏ប្រពៃថ្លៃថ្លាក្នុងការរំលឹកខួបទី១១១ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២២ នេះ ខ្ញុំព្រះករុណាខ្ញុំ មានសេចក្តីសោមនស្សរីករាយក្រៃលែង សូមទូលថ្វាយនូវក្ដីគោរពសក្ការៈ សម្តេចព្រះមហាសង្ឃរាជ ព្រះរាជាគណៈ ព្រះថេរានុថេរៈគ្រប់ព្រះអង្គ។ ជាមួយគ្នានេះដែរ ខ្ញុំ សូមជម្រាបសួរសុខទុក្ខ ព្រមទាំងសូមផ្ញើក្តីនឹករលឹកដល់បងប្អូន កូនចៅ ចៅទួតទាំងអស់នៅ ទូទាំងប្រទេស ដែលជានិច្ចកាលតែងតែនឹករលឹក គោរពស្រឡាញ់ និងផ្តល់នូវក្តីស្វាមីភ័ក្តថ្វាយ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះ រាជាណាចក្រកម្ពុជា ព្រមទាំងក្តីកតញ្ញូដ៏ជ្រាលជ្រៅថ្វាយ ព្រះករុណា ព្រះបរមរតនកោដ្ឋ និងរូបខ្ញុំ ព្រះករុណាផ្ទាល់ ដែលកាយវិការដ៏វិសេសវិសាលនេះ ធ្វើឱ្យខ្ញុំព្រះករុណាខ្ញុំ ចងចាំ និងគោរពស្រឡាញ់មិនអាចបំភ្លេចបាន។

ក្នុងទិវាដ៏ប្រសើរនេះ ខ្ញុំព្រះករុណាខ្ញុំ សូមសំដែងនូវការកោតសរសើរ និងសូមគាំទនូវ ការលើកយកមូលបទ «សមភាពយេនឌ័រថ្ងៃនេះ ដើម្បីចីរភាពនាពេលអនាគត – សម្រាប់ ការប្រារព្ធទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២២ នេះ ដែលរំលេចឱ្យឃើញថាស្ត្រី និងបុរសជាដៃគូ ស្មើភាព ហើយមូលបទនេះបានបញ្ជាក់អំពីតម្លៃនៃការទទួលបាននូវសមភាពរវាងស្រ្តី និង បុរស សម្រាប់ការអភិវឌ្ឍគ្រប់វិស័យ និងជំរុញឱ្យគ្រប់អ្នកពាក់ព័ន្ធ បន្តអនុវត្តវិធានការផ្នែក គោលនយោបាយ កម្មវិធី យុទ្ធនាកា និងសកម្មភាពជាក់លាក់នានា ក្នុងការលើកកម្ពស់ សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព។

ខ្ញុំព្រះករុណាខ្ញុំ បានកត់សម្គាល់ឃើញថា វិបត្តិកូវីដ-១៩ បានបង្កផលប៉ះពាល់អវិជ្ជមាន លើស្រ្តីច្រើនជាងបុរសទាំងក្នុងវិស័យសេដ្ឋកិច្ច និងសង្គម ដោយសារស្ត្រីភាគច្រើនមានការងារ នៅក្នុងវិស័យសេវាកម្ម និងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ហើយជាមួយគ្នានេះក៏មានការកើន ឡើងនូវបន្ទុកថែទាំសមាជិក និងក្រុមគ្រួសារ ព្រមទាំងការអប់រំកូនចៅ ដែលនាំឱ្យស្ត្រីបាត់បង់ ឱកាសការងារ ប្រាក់ចំណូល និងកិច្ចគាំពារសង្គមផ្សេងៗ។ ក្នុងបរិការណ៍បច្ចុប្បន្ន ដែលយើង ទាំងអស់គ្នា កំពុងស្ថិតក្នុងដំណើរការនៃរបៀបវារៈស្ដារសេដ្ឋកិច្ច-សង្គមក្រោយវិបត្តិកូវីដ-១៩ ការយកចិត្តទុកដាក់ និងការពង្រឹងសមភាពយេនឌ័រ ជាកិច្ចការអាទិភាព និងកាន់តែចាំបាច់ដើម្បីធានាថាស្ត្រីនិងក្មេងស្រីគ្រប់រូបទទួលបានសមភាពនៅក្នុងគ្រប់ទិដ្ឋភាព ទាំងនៅក្នុងវិស័យ នយោបាយ សេដ្ឋកិច្ច និងសង្គមកិច្ច ព្រមទាំងអនុវត្តនូវសិទ្ធិចូលរួមដោយស្មើភាព និងជាដៃគូ មិនអាចខ្វះបានជាមួយបុរសក្នុងការអភិវឌ្ឍប្រទេសជាតិ ។

នៅក្នុងឱកាសដ៏ប្រសើរថ្លៃថ្លានេះ ខ្ញុំព្រះករុណាខ្ញុំ សូមសំដែងការកោតសរសើរ និង អំណរគុណ ដល់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ចំពោះការយកចិត្តទុកដាក់ អនុវត្ត គោលនយោបាយ និងវិធានការយ៉ាងហ្មត់ចត់ និងម៉ឺងមាត់ ក្នុងអំឡុងពេលជួបវិបត្តិជាសកល នៃជំងឺកូវីដ-១៩ ដែលបានកាត់បន្ថយផលប៉ះពាល់ជាអវិជ្ជមាននានា និងអាចរស់នៅបាន ជាមួយនឹងជំងឺកូវីដ-១៩ ប្រកបដោយសុវត្ថិភាព ដោយកំណត់យកការចាក់វាក់សាំងជាយុទ្ធ សាស្ត្រគន្លឹះ ដើម្បីបង្កើតភាពស៊ាំក្នុងសហគមន៍។ ជាការពិតណាស់ ការអនុវត្តវិធានការសុខាភិ បាល និងវិធានការចាំបាច់នានា ពិតជាផ្តល់អត្ថប្រយោជន៍ដោយផ្ទាល់ដល់ប្រជាពលរដ្ឋគ្រប់រូប ក្រុមជនងាយរងគ្រោះ ជាពិសេសស្ត្រី។ តាមរយៈការអនុវត្តគោលនយោបាយជាតិគាំពារ សង្គម រាជរដ្ឋាភិបាល បានដាក់ចេញវិធានការអន្តរាគមន៍ជំនួយសង្គម រួមមាន ការបង្កើន មូលធនថវិកា «សាច់ប្រាក់ពលកម្ម» ដើម្បីជួយកម្មករនិយោជិតដែលបានព្យួរការងារ កម្មវិធី ឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងកំឡុងពេលកូវីដ១៩ តាមរយៈការផ្តល់ ប្រាក់ឧបត្ថម្ភដល់បុគ្គលិកក្នុងវិស័យកាត់ដេរ និងទេសចរណ៍ ការរៀបចំកម្មវិធីហិរញ្ញប្បទាន ពិសេសជួយស្ដារលទ្ធភាព និងលើកកម្ពស់អាជីវកម្មសហគ្រាសធុនតូច និងមធ្យម។ ថ្មីៗនេះ រាជរដ្ឋាភិបាល ក៏បានដាក់ចេញនូវក្របខណ្ឌយុទ្ធសាស្ត្រ ដើម្បីស្តារ និងជំរុញកំណើនសេដ្ឋកិច្ច កម្ពុជា ដោយធានាភាពធន់សហគមន៍ទៅនឹងជំងឺកូវីដ-១៩ ចាកចេញពីវិបត្តិនេះ និងរៀនរស់ នៅតាមគន្លងប្រក្រតីភាពថ្មី ។

ទន្ទឹមនឹងនេះ ដំណើរការយ៉ាងសកម្មរបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី គណៈកម្មាធិការ ជាតិលើកកម្ពស់សីលធម៌សង្គម តម្លៃស្រ្តីនិងគ្រួសារខ្មែរ និងយន្តការបញ្ជ្រាបយេនឌ័រនៅគ្រប់ កម្រិត និងគ្រប់វិស័យ ក៏បាននឹងកំពុងរួមចំណែកដ៏សំខាន់ក្នុងការលើកកម្ពស់ស្ថានភាព សិទ្ធិ ឋានៈ តួនាទី និងតម្លៃស្ត្រី រួមទាំងសីលធម៌សង្គម វប្បធម៌ និងប្រពៃណីដ៏ល្អផូរផង់របស់កម្ពុជា យើង។

ឆ្លៀតក្នុងឱកាសនេះ ក្នុងព្រះបរមនាម ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងព្រះរាជវង្សានុវង្ស និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុត ជូនបងប្អូនជនរួមជាតិជាទី ស្រឡាញ់ ដែលមានភក្ដីភាពប្រកបដោយកត្តញ្ញូកត្តវេទីថ្វាយអង្គសម្តេចឪ ព្រះករុណា ព្រះបរមរតនកោដិ ចំពោះព្រះរាជបូជនីយកិច្ចក្នុងការទាមទារឯករាជ្យជាតិ រក្សាបូរណភាព ទឹកដី បង្រួបបង្រួមជាតិ និងឯកភាពជាតិខ្មែរ រួមទាំងកិច្ចអភិវឌ្ឍវិស័យសង្គមកិច្ច ដើម្បីបមើឧត្តមប្រយោជន៍ជាតិមាតុភូមិ ដែលនាំមកនូវសេចក្តីសុខក្សេមក្សាន្ត សម្បូរសប្បាយដល់ ប្រជារាស្ត្រ ជាកូន ជាចៅ ចៅទូតរបស់ព្រះអង្គ ជារៀងរហូតមក។

នៅក្នុងឱកាសដ៏ប្រពៃនេះ ខ្ញុំសូមសំដែងនូវការកោតសរសើរដល់ស្ថាប័ននីតិបញ្ញត្តិ និង ស្ថាប័ននីតិប្រតិបត្តិ ដែលបានរៀបចំតាក់តែងច្បាប់ អនុម័ត កែលំអ និងអនុវត្តច្បាប់នានា ដើម្បីប្រជាពលរដ្ឋ បុរស-ស្រ្តីនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ទទួលបានកិច្ចការពារសិទ្ធិនិង ផលប្រយោជន៍ដោយស្មើភាព ។

សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ សូមថ្លែងអំណរព្រះគុណ សម្តេចព្រះសង្ឃរាជ ព្រះរាជាគណៈ ព្រះថេរា នុថេរៈគ្រប់ព្រះអង្គ និងសូមអរគុណដ៏ជ្រាលជ្រៅដល់បងប្អូនជនរួមជាតិ មន្ត្រីរាជការគ្រប់ ក្រសួង-ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ ផ្នែកឯកជន និងអង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិទាំងអស់ ដែលបាន និងបន្តខិតខំប្រឹងប្រែងចូលរួមអនុវត្តន៍គោលនយោបាយរបស់ រាជរដ្ឋាភិបាល ដើម្បីកសាងមូលដ្ឋានឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជា ប្រែក្លាយទៅជា ប្រទេសមានចំណូលមធ្យមកម្រិតទាបឆ្នាំ២០៣០និងប្រទេសដែលមានចំណូលខ្ពស់ឆ្នាំ២០៥០។

សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ សូមសរសើរ និងគាំទ្រ ក្រសួងកិច្ចការនារី និងក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ដែល បាននិងកំពុងខិតខំប្រឹងប្រែង ជំរុញការលើកកម្ពស់សមភាពយេនឌ័រ ដើម្បីស្ដ្រីបានទទួលនូវ កិច្ចការពារសិទ្ធិ និងផលប្រយោជន៍តាមរយៈការកែប្រែឥរិយាបថសង្គមឱ្យទទួលស្គាល់ និង ចាត់ទុកស្ត្រីជាដៃគូដ៏សំខាន់ ក្នុងការអភិវឌ្ឍគ្រួសារ និងសង្គម ដោយជួយជំរុញការកសាងនិង អភិវឌ្ឍន៍សមត្ថភាពស្ត្រ ក៏ដូចជាការផ្ដល់ឱកាសឱ្យស្ដ្រីចូលរួមប្រកបដោយសមធម៌ក្នុងគ្រប់ ការងារ និងក្នុងគ្រប់វិស័យ និងសូមអំពាវនាវឱ្យបន្តការងារនេះតទៅទៀត ដើម្បីសេចក្តីសុខ ចម្រើនរបស់ជនរួមជាតិយើង៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×