Monday, September 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចារកម្ម​អ៊ុយក្រែន​អះអាង​ថា រុ​ស្សុី​បាត់បង់​ឧត្តមសេនីយ៍​ជាន់ខ្ពស់​ម្នាក់ទៀ​ត​ហើយ នៅ​ថ្ងៃទី៧ ខែមីនា

អ៊ុយក្រែនអះអាងថា ឧត្តមសេនីយ៍រុស្ស៊ីពីររូប និងរួមទាំងទាហានជាង ១១.០០០ នាក់ ត្រូវបានសម្លាប់ ចាប់តាំងពីទីក្រុងមូស្គូ បានបើកប្រតិបត្តិការយោធារបស់ខ្លួនកាលពីថ្ងៃទី២៤ ខែកុម្ភៈ។

ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍កាលពីថ្ងៃទី៨ ខែមីនា នេះ ដោយដកស្រង់សម្តីស៊ើបការណ៍យោធាអ៊ុយក្រែនថា កងកម្លាំងអ៊ុយក្រែនបានសម្លាប់ឧត្តមសេនីយ៍រុស្ស៊ីម្នាក់ នៅជិតទីក្រុង Kharkiv ដែលត្រូវបានឡោមព័ទ្ធ។ ក្រុងគៀវ​និយាយថា នេះ​ជា​មេ​បញ្ជាការជាន់ខ្ពស់រុស្ស៊ីទីពីរ​ដែលបានស្លាប់ក្នុងសមរភូមិ​ចាប់តាំងពីថ្ងៃ​ទី ២៤ ខែ​កុម្ភៈ។

ឧត្តមសេនីយរុស្ស៊ីដែលបានរៀបរាប់ខាងលើ ត្រូវបានកំណត់ថាជាឧត្តមសេនីយ Vitaly Gerasimov មេបញ្ជាការរងទីមួយនៃកងកម្លាំងលេខ៤១។ យោងតាមចារកម្មយោធា​អ៊ុយក្រែន លោក Gerasimov ត្រូវបានសម្លាប់នៅ​ថ្ងៃ​ទី៧ ខែ​មីនា។

តែទោះជាយ៉ាងណា Reuters មិនអាចទាក់ទងក្រសួងការពារជាតិរុស្ស៊ី ដើម្បីបញ្ជាក់ព័ត៌មានខាងលើបាននេះទេ។

គួរបញ្ជាក់ថា មុននេះ នៅចុងខែកុម្ភៈ ឧត្តមសេនីយ៍រុស្ស៊ីម្នាក់ទៀត គឺ Andrei Sukhovetsky ត្រូវបានសម្លាប់នៅក្នុងការប្រយុទ្ធនៅអ៊ុយក្រែន។ លោក Sukhovetsky ត្រូវបានដឹងថា គឺជាមេទ័ពដ៏កំពូលម្នាក់របស់រុស្ស៊ី ហើយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីសប្តាហ៍មុន ក៏បានបញ្ជាក់ពីការស្លាប់របស់លោក Sukhovetsky ផងដែរ។

អ៊ុយក្រែនបានបន្ថែមថា កងកម្លាំងរបស់ខ្លួនបាន “សម្លាប់ទាហានរុស្ស៊ីជាង ១១,០០០ នាក់” ប៉ុន្តែទីក្រុងមូស្គូបានទទួលស្គាល់ការស្លាប់ត្រឹមតែប្រហែល ៥០០ នាក់ប៉ុណ្ណោះ ចាប់តាំងពីប្រតិបត្តិការយោធាបានចាប់ផ្តើម។ ទន្ទឹមនឹងនេះ ជនរងគ្រោះ​នៅ​ខាង Ukarine មិនត្រូវបានគេ​រាប់បញ្ចូលទេ។

នៅពេលដែលរុស្ស៊ីបង្កើនការវាយប្រហារលើទីក្រុងសំខាន់ៗជាច្រើនរបស់អ៊ុយក្រែន ទីក្រុងគៀវបានចោទប្រកាន់ទីក្រុងម៉ូស្គូថាបានរារាំងការជម្លៀសជនស៊ីវិលចេញពីតំបន់សង្រ្គាម។ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានប្រកាសថា រុស្ស៊ីកំពុងប្រើប្រាស់រថក្រោះ គ្រាប់រ៉ុក្កែត និងគ្រាប់មីន ដើម្បីបញ្ឈប់ប្រជាជនស្លូតត្រង់។

ទីក្រុងអ៊ុយក្រែន​ដែលត្រូវបានរុស្ស៊ី កំណត់គោលដៅ​រួមមាន៖ Kharkiv នៅ​ភាគខាងកើត, Sumy នៅ​ភាគឦសាន, ទីក្រុង Gostomel ក្បែររដ្ឋធានី Kiev និង Mykolayiv នៅ​ភាគនិរតី។

នៅថ្ងៃដដែលនេះ (ទី៨ ខែមីនា) រុស្ស៊ីក៏បានប្រកាសថា ខ្លួនកំពុងព្យាយាមជម្លៀសមនុស្សជាង ១៧៣,០០០ នាក់ រួមទាំងកុមារជាង ៤៤,០០០ នាក់ ពីតំបន់សង្រ្គាមនៅ Lugansk និង Donetsk ភាគខាងកើតអ៊ុយក្រែន៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×