រតនគិរី ៖ ឈ្មួញរកស៊ីដឹកឈើខុសច្បាប់ ដ៏ល្បីឈ្មោះមករា នៅតែបន្តដឹកជញ្ជូនឈើ ពីខេត្តរតនគិរី ទៅលក់ឲ្យឈ្មួញវៀតណាម តាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ។
ជំនួញឈើឆ្លងដែនពីប្រទេសកម្ពុជា ទៅវៀតណាមខាងលើនេះ នៅតែបន្តកើតមាន មិនថបថយ ឯមន្ត្រីពាក់ព័ន្ធ មិនបានចាត់វិធានការ ទប់ស្កាត់បង្ក្រាបនោះឡើយ។

ប្រភពព័ត៌មានបានឲ្យដឹងថា មេឈ្មួញរកស៊ីឈើឈ្មោះមករា គឺប្រើរថយន្តសាំយ៉ុងដឹកជញ្ជូនឈើ ពីស្រុកវើុនសៃ ចូលមកក្រុងបានលុង និងបន្តដឹកទាំងយប់តាមផ្លូវជាតិលេខ៧៨A ទៅសម្ងំក្នុងចម្ការស្វាយចន្ទីមួយកន្លែង ក្បែរបង្គោលអង់តែនទូរស័ព្ទនៅកៀកនឹងព្រំដែន។ ពេលខ្លះប្រើរូបភាពផ្សេងៗ ដើម្បីដឹកជញ្ជូនឈើឆ្លងដែន។
ពេលដែលបារ៉ាស់ព្រំដែនច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ខេត្តរតនគិរី ជាមួយខេត្តយ៉ាឡាយ ប្រទេសវៀតណាម បើកឱ្យរថយន្តឆ្លងនៅពេលព្រឹក។ រថយន្តសាំយ៉ុង ដឹកឈើរបស់មេឈ្មួញឈ្មោះមករា ក៏ឆ្លងទៅវៀតណាម ជាមួយនឹងរថយន្តដឹកកសិផលផ្សេងទៀត។
ចំពោះរថយន្ដសាំយ៉ុង ដែលឈ្មោះមករាខាងលើនេះ ប្រើសម្រាប់ដឹកជញ្ជូនឈើមានយ៉ាងតិចពីបួនទៅប្រាំគ្រឿង មិនមានលក្ខណៈគ្រប់គ្រាន់ ដូចរថយន្តដឹកអ្នកដំណើរឡើយ។

លោកឃឹម ចិត្រា ប្រធានប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ ច្រកទ្វារអន្តរជាតិ មិនអាចសុំការបំភ្លឺបានទេ ជុំវិញបទល្មើសឆ្លងដែនខាងលើនេះ។
លោកហុង ភា នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្ដរតនគិរី មិនមានការឆ្លើយតប ចំពោះការទប់ស្កាត់បទល្មើស ពីកម្ពុជាទៅវៀតណាម។ រីឯ លោក សាយ ចំរើន ប្រធានទីស្នាក់ការច្រកទ្វារអន្តរជាតិអូរយ៉ាដាវ បានបញ្ជាក់ថា លោកមិនបានជាប់ពាក់ព័ន្ធបទល្មើសនោះឡើយ។
ជុំវិញបទល្មើសឆ្លងដែន នៅខេត្តរតនគិរីខាងលើនេះ សុំឲ្យមានការស៊ើបអង្កេត ពីថ្នាក់ជាតិ ដើម្បីទប់ស្កាត់បទល្មើសឆ្លងដែន ធនធានធម្មជាតិ ពីកម្ពុជា ទៅប្រទេសវៀតណាម៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី







