ភ្នំពេញ ៖ ព្រះអង្គម្ចាស់ក្សត្រីយ៍ មហាចក្រី សិរិនថន នៃព្រះរាជាណាចក្រថៃឡង់ដ៍ បានប្រទានសញ្ញាបត្របណ្ឌិតកិត្តិយស គរុកោសល្យ សារព័ត៌មាន និងមនុស្សសាស្រ្ត សង្គមសាស្រ្ត កាលពីព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២ នៅសាកលវិទ្យាល័យ រ៉ាច្ចមុងឃុន តិចណូឡូជី ថាក់យ៉ាក់បុរី (RMUTT) ក្នុងខេត្តផាធុមថានី។

សញ្ញាបត្របណ្ឌិតកិត្តិយសនេះ គឺជាការទទួលស្គាល់របស់សាកលវិទ្យាល័យ រ៉ាច្ចមុងឃុន តិចណូឡូជី ប្រាក់ណាខន ចំពោះឯកឧត្តម ខៀវ កាញារីទ្ធ ដែលបានបំពេញការងារជាយូរឆ្នាំកន្លងមកជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ក្នុងការនាំយកសន្តិភាព ការផ្សះផ្សាជាតិ និងស្ថិរភាពនយោបាយ តាមរយៈការប្រើប្រាស់សិល្បៈនៃការផ្សព្វផ្សាយព័ត៌មាន និងការទំនាក់ទំនងនយោបាយ ព្រមទាំងសមិទ្ធផលជាច្រើនទៀត នៅប្រទេសកម្ពុជា ។
ឯកឧត្តម ខៀវ កាញារីទ្ធ បានសំដែងនូវអំណរគុណចំពោះសាកលវិទ្យាល័យ រ៉ាច្ចមុងឃុន តិចណូឡូជី ប្រាក់ណាខន នៃព្រះរាជាណាចក្រថៃឡង់ដ៍ ដែលបានផ្តល់នូវសញ្ញាបត្របណ្ឌិតកិត្តិយសជូននាក្នុងឱកាសនេះ ដែលបង្ហាញពីកិច្ចខិតខំប្រឹងប្រែងក្នុងការស្វែងយល់ពីប្រទេសកម្ពុជា និងការស្វែងយល់ពីយើងទាំងអស់គ្នា ក្នុងការប្រឹងប្រែងកសាងនូវចំណេះជូនប្រជាពលរដ្ឋ ក៏ដូចជាការកសាង ចំណងមិត្តភាពរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃឡង់ដ៍។

ឯកឧត្តមបានបញ្ជាក់ថា សញ្ញាបត្របណ្ឌិតកិត្តិយស ដែលទទួលបាននាពេលនេះ ក៏ជាការចូលរួមប្រឹងប្រែងពីសហការីទាំងអស់ដែលកន្លងមកនេះ បានរួមសហការគ្នាក្នុងការចូលរួមកសាងជាតិ និងមាតុភូមិកម្ពុជា។
ចំណែកលោកបណ្ឌិត សាត ដារ៉ា អតីតនិស្សិតខ្មែររៀននៅសាកលវិទ្យាល័យ រ៉ាច្ចមុងឃុន តិចណូឡូជី ប្រាក់ណាខន ដែលបានធ្វើកិច្ចការងាររហូតបានសម្រេច ឈានដល់មានការប្រគល់ជូនសញ្ញាបត្របណ្ឌិតកិត្តិយសជូន ឯកឧត្តមខៀវ កាញារីទ្ធ ពីសាកលវិទ្យាល័យ នៅថ្ងៃនេះ ដោយភាគីថៃបានមើលឃើញនូវគុណសម្បត្តិសំខាន់ៗចំនួន ០៥ របស់ ឯកឧត្តម ខៀវ កាញារីទ្ធ មានដូចជាៈ
ទី១៖ មើលទៅលើសម្ព័ន្ធភាពក្នុងការចុះធ្វើការតស៊ូមតិ ដោះស្រាយបញ្ហារវាងកម្ពុជា-ថៃ នៅលើខ្សែបន្ទាត់ព្រំដែន នៅក្នុងជំនួបពិភាក្សាទាំងក្នុង និងក្រៅប្រទេស ។
ទី២៖ ការព្យាយាម ធ្វើទំនាក់ទំនងនូវរាល់វិបត្តិដែលកើតមានឡើងផ្នែកនយោបាយនៅក្នុងស្រុក ក៏ដូចជាមួយភាគីថៃ ដោយបានជួយកាត់បន្ថយ និងនាំឲ្យមានការឯកភាពគ្នា ។
ទី៣៖ ឯកឧត្តម ខៀវ កាញារីទ្ធ មានវីរភាពក្នុងកិច្ចការពង្រឹងខាងផ្នែកព័ត៌មាន និងផ្សព្វផ្សាយ ឱ្យមានលក្ខណៈល្អប្រសើរ ។
ទី៤៖ ឯកឧត្តមរដ្ឋមន្រ្តី ជាមនុស្សដែលត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជា មានទំនុកចិត្ត និងមើលឃើញពីកិច្ចខិតខំប្រឹងប្រែង បំពេញកិច្ចការងារនៅក្នុងក្រសួងព័ត៌មាន បានដោយរលូន និងមានលទ្ធផលល្អ ។
ទី៥៖ ឯកឧត្តមរដ្ឋមន្រ្តី ជាមនុស្សដែលមានចិត្តមេត្តាធម៌ តែងតែជួយចូលរួមដោះស្រាយរាល់ទុក្ខលំបាក ដល់ប្រជាពលរដ្ឋ ជាពិសេស ជនពិការ ជនក្រីក្រ និងប្រជាជនដែលជួបគ្រោះមហន្តរាយ រួមទាំងការជួយបរិច្ចាគ ជួយមន្ទីរពេទ្យរដ្ឋដែលនៅទីដាច់ស្រយ៉ាល និងដើម្បីជួយទ្រទ្រង់ព្រះពុទ្ធសាសនា ៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ





