Wednesday, December 24, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ទីរសុខាភិបាលរាជធានីភ្នំពេញ ៖ ក្រុមបាតុករជាអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុន ណាហ្គា វើលដ៏ ១៨២នាក់ មានចេតនាពុំ ចូលរួមអនុវត្តវិធានសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដែលអាចនាំឱ្យមានហានិភ័យ ចំពោះសុខភាពសាធារណៈ

ភ្នំពេញ ៖ មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹង ដោយសម្តែងនូវការសោកស្តាយដែលក្រុមបាតុករជាអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុន ណាហ្គា វើលដ៏ ចំនួន ១៨២នាក់ ពុំព្រមផ្ដល់កិច្ចសហការ ជាមួយក្រុមគ្រូពេទ្យ ដោយពុំព្រមផ្ដល់ព័ត៌មានអំពីឈ្មោះ និងអត្តសញ្ញាណរបស់ខ្លួន ដើម្បីបំពេញបែប បទសម្រាប់ធ្វើតេស្តយកសំណាក បើទោះបីជាក្រុមគ្រូពេទ្យព្យាយាម ខិតខំពន្យល់ហេតុផល ព្រមទាំងមានការ សម្របសម្រួលពីអាជ្ញាធរ ដោយភាពអត់ធ្មត់យ៉ាងណាក៏ដោយ។

លោកបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូន សាធារណជន អ្នកសារព័ត៌មាន ជាតិ-អន្តរជាតិទាំងអស់ ឱ្យបានជ្រាបថា ចាប់ពីរសៀលថ្ងៃទី៧ រហូតដល់រសៀលថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២ ក្រុមគ្រូពេទ្យមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ ដែលប្រចាំការនៅមណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញ បានស្នើសុំកិច្ចសហការពីក្រុមបាតុករជាអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុន ណាហ្គា វើលដ៏ ចំនួន ១៨២នាក់ (ស្រី ១៦១នាក់) ដែលត្រូវបានអាជ្ញាធរមានសមត្ថកិច្ច អនុវត្តវិធានការច្បាប់អញ្ជើញ មកធ្វើតេស្តយកសំណាក ដើម្បីស្វែងរកមេរោគកូវីដ-១៩ កាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២។

លោក ប្រធានមន្ទីរសុខាភិបាល បានបន្ថែមទៀតថា អ្វីដែលគួរឱ្យសោកស្តាយបំផុតនោះ គឺរហូត ដល់ម៉ោង ១៧និង០០នាទីនៅរសៀលថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២នេះ ក្រុមបាតុករទាំងអស់ នៅតែពុំព្រមផ្ដល់កិច្ច សហការជាមួយក្រុមគ្រូពេទ្យ ដោយពុំព្រមផ្ដល់ព័ត៌មានអំពីឈ្មោះ និងអត្តសញ្ញាណរបស់ខ្លួន ដើម្បីបំពេញបែប បទសម្រាប់ធ្វើតេស្តយកសំណាក បើទោះបីជាក្រុមគ្រូពេទ្យព្យាយាមខិតខំពន្យល់ហេតុផល ព្រមទាំងមានការ សម្របសម្រួលពីអាជ្ញាធរដោយភាពអត់ធ្មត់យ៉ាងណាក៏ដោយ។

មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ ពិនិត្យឃើញថា ក្រុមបាតុករទាំង ១៨២នាក់ មានចេតនាពុំ ចូលរួមអនុវត្តវិធានសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដែលអាចនាំឱ្យមានហានិភ័យ ចំពោះសុខភាពសាធារណៈ ដោយបង្កការឆ្លងរាលដាលទៅអ្នកដទៃ ញាតិមិត្ត ក្រុមគ្រួសារ និងសហគមន៍។

ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩នៅក្នុងសហគមន៍កាន់តែធ្ងន់ធ្ងរ មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំសារជាថ្មី ដល់ក្រុមបាតុករទាំង ១៨២នាក់ មិនត្រូវធ្វើការប្រមូលផ្តុំ តាមទីសាធារណៈ ដោយហេតុថា ក្រុមបាតុករទាំងអស់នេះ ពុំបានយកសំណាក ដើម្បីស្វែងរកមេរោគកូវីដ-១៩ នៅឡើយ។ ក្នុងករណីក្រុមបាតុករណាម្នាក់ មានរោគសញ្ញា ក៏ដូចជាមានការសង្ស័យអំពីការឆ្លងជំងឺកូវីដ-១៩ សូមរួសរាន់ធ្វើតេស្តរហ័ស ឬទៅយកសំណាកនៅតាមគោលដៅ ដែលបានកំណត់នៅជិតផ្ទះបំផុត៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×