ភ្នំពេញ ៖ លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា និងជាប្រធានក្រុមសភាជាតិកម្ពុជានៃអ្នកនយោបាយសភាស្រ្តី បានអញ្ជើញចូលរួមជាវាគ្មិនពិសេសក្នុងសិក្ខាសាលារៀបចំដោយសភាសហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការអាស៊ាន (European Parliament in ASEAN) តាមប្រព័ន្ធនិម្មិត ដោយមានការផ្សាយផ្ទាល់តាមបណ្តាញសង្គម និងគេហទំព័រសភាសហភាពអឺរ៉ុប ពីទីក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្សិកនៅរសៀលថ្ងៃទី ៨ ខែមីនា ឆ្នាំ២០២២។

ការអញ្ជើញចូលរួមនាពេលនេះធ្វើឡើង តបតាមការអញ្ជើញរបស់សភាសហភាពអឺរ៉ុប ទទួលបន្ទុកកិច្ចការអាស៊ាន ក្នុងគោលបំណងពិភាក្សា ផ្លាស់ប្តូរយោបល់គ្នា ពាក់ព័ន្ធនឹងស្រ្តី និងយេនឌ័រ ស្របពេលដែលពិភពលោកកំពុងប្រារព្ធទិវាអន្តរជាតិនារី ៨ មីនា ក្រោមមូលបទរួម “សមភាពយេនឌ័រថ្ងៃនេះ ដើម្បីចីរភាពនាពេលអនាគត”។ ដោយឡែកសិក្ខាសាលានាពេលនេះបានផ្តោតលើប្រធានបទសំខាន់មួយគឺ “ធ្វើឱ្យសមភាពយេនឌ័រក្លាយជាការពិត”។
សិក្ខាសាលានាពេលនេះបានអញ្ជើញវាគ្មិនសំខាន់ៗ ដែលជាឥស្សរជនជាន់ខ្ពស់ស្រ្តី មកពីស្ថាប័ននីតិប្បញ្ញត្តិ គណបក្សនយោបាយ និងធុរកិច្ច រួមមាន លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា លោកជំទាវ Marina Kaljurand សមាជិកសភាសហភាពអឺរ៉ុប មកពីប្រទេសអេស្តូនី លោកជំទាវ Silvana Koch-Mehrin ប្រធាននិងជាស្ថាបនិកមេដឹកនាំនយោបាយស្រ្តី និងជាអតីតអនុប្រធានសភាសហភាពអឺរ៉ុប និងលោកជំទាវ Siti Rozaimeriyanty DSLJ Haji Abdul Rahman សមាជិកក្រុមប្រឹក្សានីតិប្បញ្ញត្តិប្រ៊ុយណេដារូសាឡឹម។

ថ្លែងក្នុងអង្គសិក្ខាសាលា លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី បានមានប្រសាសន៍ថា សហភាពអឺរ៉ុបគឺជាដៃគូសន្ទនាដ៏សំខាន់មួយ របស់អាស៊ាន ហើយភាពជាដៃគូសន្ទនានេះ ត្រូវបានលើកកំពស់ទៅជាភាព ជាដៃគូយុទ្ធសាស្ត្រកាលពីឆ្នាំ២០២០ ដែលនេះពិតជាឆ្លុះបញ្ចាំងពីភាពរីកចំរើននៃការប្តេជ្ញាចិត្ត និងផលប្រយោជន៍រួមគ្នារវាងតំបន់ទាំងពីរ ក្នុងការជំរុញប្រព័ន្ធពហុភាគី ប្រកបដោយភាពបើកចំហ បរិយាប័ន្ន ដោយផ្អែកលើច្បាប់ ព្រមជាមួយនឹងកិច្ចសហប្រតិបត្តិការ ដែលយកប្រជាជនជាស្នូល។
ឆ្លៀតក្នុងឱកាសនេះដែរ ក្នុងនាមលោកជំទាវជាប្រធានកិច្ចប្រជុំគណៈកម្មាធិការស្រ្តី (WAIPA)នៃមហាសន្និបាតអន្តរសភាអាស៊ានលើកទី ៤៣ លោកជំទាវបានជម្រាបជូនអង្គសិក្ខសាលាថា រាជរដ្ឋាភិបាលកម្ពុជា និងសភាកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បាននឹងកំពុងចូលរួមយ៉ាងសកម្មប្រកបដោយស្មារតីយកចិត្តទុកដាក់ខ្ពស់ក្នុងការជំរុញលើកកម្ពស់កិច្ចសន្ទនា និងការពិគ្រោះយោបល់ពហុភាគី ការជះឥទ្ធិពលលើគោលនយោបាយសាធារណៈ និងការរៀបចំសេចក្តីព្រាងសេចក្តីសម្រេច ស្តីពីការជំរុញលើកកម្ពស់សមភាពយេនឌ័រ និងការផ្តល់ភាពអង់អាចដល់ស្ត្រី និងក្មេងស្រី។

កិច្ចពិភាក្សាថ្ងៃនេះផ្តោតសំខាន់ទៅលើ វឌ្ឍនភាពនៃសមភាពយេនឌ័រ នៅក្នុងតំបន់អាស៊ាន និងអឺរ៉ុប ស្ថានភាពស្រ្តីនៅក្នុងភាពជាអ្នកដឹកនាំ និងផ្នត់គំនិតយេនឌ័រស្តីពីការគម្រាមកំហែងពីប្រព័ន្ធសុវត្ថិភាពក្នុងលំហរ។ ជាងនេះទៅទៀត យោងទៅតាមទិន្នន័យថ្មីៗនេះ នៅលើវិស័យចំនួន២៣បានបង្ហាញអំពីទស្សនៈខុសគ្នា រវាងស្រ្តីនិងបុរសចូលរួមនៅក្នុងសកម្មភាពនានាក្នុងសេដ្ឋកិច្ច និងសង្គម ជាពិសេសនៅក្នុងវិស័យនយោបាយ ដែលទស្សនៈនោះបានបង្ហាញថា មានការទទួលស្គាល់តិចតួចអំពីការចូលរួមរបស់ស្រ្តីនៅក្នុងតួនាទីដឹកនាំ ដែលធ្វើឱ្យមានគម្លាតយេនឌ័រកាន់តែធំ នៅក្នុងស្ថាប័នកំពូលក្នុងតំបន់អាស៊ាន និងអឺរ៉ុប។
ទោះបីជាការតំណាងរបស់ស្រ្តីមានការកើនឡើងនៅក្នុងតួនាទីនយោបាយ និងក្នុងតំណែងគ្រប់គ្រង ស្រ្តីនៅតែប្រឈមនឹងផ្នត់គំនិត នៃការបែងចែករវាងគំរូនិងការរើសអើងភេទ(Gender stereotype) ឧបសគ្គចំពោះកំណើនអាជីព ឬពិដានកញ្ចក់(glass ceiling) ផ្នត់គំនិតសង្គម និងអំពើហិង្សាលើស្រ្តី ដែលធ្វើឱ្យស្ត្រីមិនអាចចូលរួមដោយពេញលេញក្នុងនយោបាយ សេដ្ឋកិច្ច និងសង្គម។
ទន្ទឹមនឹងនេះ វាគ្មិនបានលើកឡើងផងដែរ អំពីបទពិសោធន៍ផ្ទាល់ខ្លួន ក៏ដូចជាគោលនយោបាយជាតិ ក្នុងការឆ្លើយតបទៅវិសមភាពយេនឌ័រ រាប់ចាប់តាំងពីវិស័យនយោបាយ ការប្រែប្រួលអាកាសធាតុ ការចូលរួមនៅក្នុងដំណើរការស្វែងរកសន្តិភាព ដែលបញ្ហាជម្លោះនៅភូមា និងអ៊ុយក្រែនត្រូវបានលើកឡើង។ ក្រៅពីនេះ បានលើកឡើងអំពីបញ្ហាវិបត្តិកូវីដ១៩ ដែលជះឥទ្ធិពលដល់សេដ្ឋកិច្ច និងសុខមាលភាពរបស់ស្រ្តី រហូតដល់ការទទួលបានការអប់រំដោយស្មើភាព។ ជាពិសេសក្នុងបរិបទរកូវីដ១៩ ប្រទេសទាំងអស់ត្រូវផ្តោតការគិតគូរកាន់តែខ្លាំង ទៅលើសមភាពយេនឌ័រ នៅក្នុងបរិការណ៍ដែលប្រទេសនីមួយៗ ខិតខំប្រឹងប្រែងកសាងភាពធន់នៃសង្គម និងសេដ្ឋកិច្ច ដើម្បីងើបចេញពីវិបត្តិកូវីដ១៩។
ជាចុងបញ្ចប់ វាគ្មិនចូលរួម បានបង្ហាញនូវចំណាប់អារម្មណ៍ និងការវាយតំលៃខ្ពស់ចំពោះសិក្ខាសាលានេះ ដោយបានគូសបញ្ជាក់ថា វាជាមធ្យោបាយជាក់ស្តែងមួយ ដើម្បីបង្កើតការសន្ទនា និងចំណាប់អារម្មណ៍ផ្សេងៗ ចំពោះប្រធានបទដែលជាក្តីកង្វល់រួមសម្រាប់អាស៊ាន និងសហភាពអឺរ៉ុប។ មានការរំពឹងយ៉ាងមុតមាំថាសិក្ខាសាលានេះ នឹងបន្តជួយកសាងទំនាក់ទំនងរវាងសមាជិកសភា និងអ្នកពាក់ព័ន្ធផ្សេងទៀត ក្នុងតំបន់ទាំងពីរ(អាស៊ាន-អឺរ៉ុប) ក៏ដូចជាជំរុញឱ្យអាស៊ាន និងសហភាពអឺរ៉ុបធ្វើសកម្មភាពរួមគ្នា បានកាន់តែប្រសើរឡើងលើបញ្ហា ដែលជាផលប្រយោជន៍ និងក្តីកង្វល់រួម៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី





