កណ្តាល ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបញ្ជាក់ឱ្យកាន់តែច្បាស់ចំពោះថ្ងៃរំលឹកខួប ទិវានារីអន្តរជាតិ ៨ មីនា លើកទី១១១ ក្រោមប្រធានបទ “សមភាពយេនឌ័រ ថ្ងៃនេះ ដើម្បីចីរភាពនាពេលអនាគត” គឺរាជរដ្ឋាភិបាល ផ្ដោតការយកចិត្តទុកដាក់លើកកម្ពស់តម្លៃស្ត្រីនៅក្នុងកិច្ចការសង្គម និងការចូលរួមអភិវឌ្ឍប្រទេសជាតិ។

៨ មីនា ទិវានារីអន្តរជាតិក្នុងឆ្នាំនេះ ថ្ងៃនេះ មិនមែនមានន័យថា នារីមានសិទ្ធិសម្រាប់តែមួយថ្ងៃប៉ុណ្ណោះទេ តែគឺជាការរំលឹកអំពីតម្លៃនៃការទទួលបានរបស់ស្ត្រី ដែលបានមកពីការតស៊ូទាមទារ សិទ្ធិ សេរីភាព, តាមពិតទៅ គឺនារីមានសិទ្ធិគ្រប់ពេល ស្មើភាពគ្នាជាមួយបុរសចំពោះមុខច្បាប់, ស្មើភាពគ្នាជាមួយបុរសក្នុងកិច្ចការសង្គម, ស្មើភាពគ្នាជាមួយបុរសក្នុងការទទួលបានអត្ថប្រយោជន៍ ប្រាក់កម្រៃ ប្រាក់បៀវត្ស, ស្មើភាពគ្នាជាមួយបុរសក្នុងការជ្រើសរើស ទាមទារ ចូលរួម និងសម្រេច, ស្មើភាពគ្នាជាមួយបុរសក្នុងការចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ។
ការបញ្ជាក់ឲ្យកាន់តែច្បាស់បែបនេះ របស់ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច , និងជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ធ្វើឡើងក្នុងឱកាសលោកជំទាវអញ្ជើញអធិបតីក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ២០២២ ខួបទី ១១១ របស់សមាគមនារី និងក្រុមការងារចលនាស្ត្រីខេត្តកណ្តាល ក្រោមប្រធានបទ «សមភាពយេនឌ័រថ្ងៃនេះ ដើម្បីចីរភាពនាពេលអនាគត» នៅខេត្តកណ្តាល នាព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២។
ប្រធានបទ “សមភាពយេនឌ័រ ថ្ងៃនេះ ដើម្បីចីរភាពនាពេលអនាគត” គឺសំដៅទៅលើការឆ្លុះបញ្ចាំងអំពីវឌ្ឍនភាព សមិទ្ធផល បញ្ហាប្រឈម ការប្តេជ្ញាចិត្ត និងវិធានការជាវិជ្ជមាននានារបស់ស្ត្រី ដែលបានខំប្រឹងប្រែងជាប្រចាំ ប្រចាំថ្ងៃ ប្រចាំសប្តាហ៍ ប្រចាំខែ ប្រចាំឆ្នាំ រហូតទទួលបានសមិទ្ធផល និងអត្ថប្រយោជន៍ផ្សេងៗជូនប្រជាពលរដ្ឋ និងសង្គមជាតិ។

លោកជំទាវកិត្តិសង្គហបណ្ឌិត មានប្រសាសន៍ឲ្យដឹងផងដែរថា ជាងនេះទៅទៀត រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុនសែន តែងតែបានយកចិត្តទុកដាក់គាំពារសុខភាពស្ត្រី ជាពិសេស កម្មវិធីអភិវឌ្ឍន៍មាតា និងទារក, ការបញ្ជ្រាបស្ត្រីទៅក្នុងជួរថ្នាក់ដឹកនាំ ទាំងស្ថាប័នកំពូលៗ និងស្ថាប័នថ្នាក់ខេត្ត ហើយបានចាត់ទុកស្ត្រីដែលមិនត្រឹមជាមាតានៃពិភពលោកប៉ុណ្ណោះទេ គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច។
ទាំងនេះ គឺជាការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្រ្តី ដើម្បីបញ្ជាក់អំពីតម្លៃនៃការទទួលបាន នូវសមភាពរវាងស្រ្តី និងបុរសសម្រាប់ការអភិវឌ្ឍលើគ្រប់វិស័យ និងជំរុញឱ្យគ្រប់ដៃគូពាក់ព័ន្ធបន្តអនុវត្តវិធានការផ្នែកគោលនយោបាយ កម្មវិធី និងសកម្មភាពជាក់លាក់នានា ក្នុងរបៀបវារៈស្តារសេដ្ឋកិច្ច-សង្គមក្រោយវិបត្តិកូវីដ-១៩ និងការរស់នៅតាមបែបគន្លងប្រក្រតីភាពថ្មី ដូចមានកំណត់នៅក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ដើម្បីកំណើន ការងារ សមធម៌ និងប្រសិទ្ធភាព ក្នុងការកសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជានាឆ្នាំ២០៣០ និងឆ្នាំ២០៥០ ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ និងគោលដៅអភិវឌ្ឍ ប្រកបដោយចីរភាពកម្ពុជា ឆ្នាំ២០៣០ផងដែរ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN





