មិត្តភក្តិជិតស្និទ្ធរបស់ Tangmo Nida បានទទូចកាលពីថ្ងៃអង្គារ ម្សិលមិញនេះថា តារាសម្តែងស្រីដែលលង់ទឹកស្លាប់រូបនេះ មិនដែលប្រើប្រាស់គ្រឿងញៀនខុសច្បាប់ និងមិនដែលទទួលយកការបង់ប្រាក់សម្រាប់ “ផ្លូវកំសាន្ដ” ជាមួួយភ្ញៀវណាម្នាក់ឡើយ ខណៈដែលពេលនេះ ប៉ូលីសរំពឹងថា នឹងបញ្ចប់សំណុំរឿងនៅថ្ងៃសុក្រ។
Warinthorn Watsang ហៅ Anna TVpool និង Poodle Yuppadee ដែលគេស្គាល់ថា “Poodle TVpool” កាលពីថ្ងៃអង្គារ បានមកដល់ការិយាល័យប៉ូលីសខេត្ត ក្នុងទីក្រុងបាងកក ដើម្បីផ្តល់សេចក្តីថ្លែងការណ៍របស់ពួកគេទៅកាន់អ្នកស៊ើបអង្កេត។ អ្នកទាំងពីរជាមិត្តស្និទ្ធស្នាលរបស់តារាស្រី Tangmo។
Anna ដែលជាភេទទី៣ និងជាអ្នករាយការណ៍ព័ត៌មានកម្សាន្តបាននិយាយថា រូបនាងនឹងសហការយ៉ាងពេញលេញជាមួយប៉ូលិស ហើយមានជំនឿលើការដោះស្រាយករណីនេះ។
Anna បានបញ្ជាក់យ៉ាងច្បាស់ទៅកាន់អ្នកសារព័ត៌មានថា Tangmo មិនដែលប្រើប្រាស់គ្រឿងញៀនខុសច្បាប់ទេ។ នាងក៏មិនដែលទទួលយកការបង់ប្រាក់ដើម្បី “ផ្លូវកម្សាន្ត” ជាមួយភ្ញៀវណាម្នាក់ដែរ។ Anna បាននិយាយថា ប្រសិនបើនាងធ្វើបែបនេះ នោះនាងនឹងមិនមានបំណុលទេ។
នៅពេលសួរថាតើ Tangmo ត្រូវបានគេទាក់ទាញឱ្យជិះទូក ដើម្បីបម្រើ «ផ្លូវកម្សាន្ត» ជាមួយអ្នកណាម្នាក់នោះ Anna បាននិយាយថា មនុស្សម្នាក់ទៀតអាចផ្តល់ចម្លើយនេះបាន ដោយសារតែនាងទៅដោះស្រាយជាមួយការងារសម្តែងប៉ុណ្ណោះ។
Anna បាននិយាយថា Tangmo ជឿជាក់តែលើមនុស្សម្នាក់នេះ ហើយមិនដែលសួរព័ត៌មានលម្អិតពីអ្វីដែលនាងនឹងត្រូវធ្វើនោះទេ។
Anna មិនបានប្រាប់ឈ្មោះមនុស្សនោះជានរណាទេ ប៉ុន្តែគេយល់ច្បាស់ថា នាងកំពុងសំដៅទៅលើអ្នកគ្រប់គ្រងរបស់ Tangmo គឺនាង Idsarin Jathusaksawat ហៅ “Gatick” តែម្តង។
Anna បាននិយាយថា Tangmo ស្គាល់តែនាង Gatick ម្នាក់ប៉ុណ្ណោះ។ ក្រៅពីនេះ នាងមិនធ្លាប់ស្គាល់អ្នកផ្សេងទៀតនៅលើទូកលឿននោះទេ។ នាងបានស្នើឱ្យ “សង្គម” ពិនិត្យមើលថាហេតុអ្វីបានជារូបថតមួយចំនួននៅលើគណនី Instagram របស់តារាសម្តែងត្រូវបានដកចេញ ហើយតើអ្វីជាមតិយោបល់នៅក្រោមរូបថតទាំងនោះ។
ក្នុងកម្មវិធីសន្ទនាមតិរបស់ស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ៧ កាលពីសប្តាហ៍មុន អតីតមន្ត្រីប៉ូលិសសណ្តាប់ធ្នាប់ពិសេស Santhana Prayoonrat បាននិយាយថា លោកមិនជឿថា តារាស្រីរូបនេះបានទៅសម្រាកនៅខាងក្រោយទូកលឿនដូចការរាយការណ៍ទូទៅ ហើយធ្លាក់ចូលទៅក្នុងទន្លេនោះទេ។ គាត់បានដឹងថាប្រហែលជាមានអ្នកលេងម្នាក់ទៀតក្នុងករណីនេះ ហើយមានលោកធំដ៏មានអំណាចម្នាក់ ស្នាក់នៅសណ្ឋាគារប្រណិតមាត់ទន្លេនៅយប់នោះ។
ប្រភពពីប៉ូលីសបាននិយាយថា ក្រុមអ្នកស៊ើបអង្កេតនឹងធ្វើការសន្និដ្ឋានថា លោក Tanupat ហៅ “Por” ជាម្ចាស់ទូក និងលោក Phaiboon ហៅ “Robert” អ្នកបើកទូក បានប្រព្រឹត្តិដោយចេតនា និងបណ្តាលឲ្យតារាស្រីរូបនេះស្លាប់។ ប្រភពបាននិយាយថា ការស៊ើបអង្កេតត្រូវបានគេរំពឹងថានឹងបញ្ចប់នៅថ្ងៃសុក្រ។
ប្រព័ន្ធផ្សព្វផ្សាយថៃបានរាយការណ៍ថា ប៉ូលីសស៊ើបអង្កេតអាចពិចារណាលើការចោទប្រកាន់លើអ្នករួមដំណើរលើទូកម្នាក់ គឺលោក Nitas ហៅ “Job” ពីបទយកដបស្រាបោះចូលទៅក្នុងទន្លេចៅប្រាយ៉ា នៅយប់កើតហេតុនេះ។ វាអាចទៅរួចដែលសកម្មភាពរបស់គាត់ នឹងត្រូវបានមើលឃើញថាជាការជួយ ឬគាំទ្រអ្នកដ៏ទៃ ដើម្បីលាក់បាំងអំពើខុសឆ្គង។
ដោយឡែក នាង Wisapat ហៅ “Sand” ក៏អាចប្រឈមនឹងការចោទប្រកាន់ពីការមិនប្រុងប្រយ័ត្នស្រដៀងនឹងម្ចាស់ទូក និងអ្នកបើកទូកផងដែរ។
បើយោងតាមប្រព័ន្ធផ្សព្វផ្សាយថៃ នោះគឺក្នុងពេលសាកសួរ អ្នកទាំងប្រាំទំនងជាបានព្យាយាមបិទបាំងចំណុចមួយចំនួន។ អ្នកស៊ើបអង្កេតអាចទទួលយកទស្សនៈដែលពួកគេកំពុងផ្តល់សេចក្តីថ្លែងការណ៍មិនពិត៕ រក្សាសិទ្ធិដោយ៖ លឹម ហុង









