ភ្នំពេញ ៖ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានផ្តល់ជំនួយហិរញ្ញប្បទានឥតសំណងចំនួន ៦,៣៥៥,៧២០ដុល្លារ តាមរយ:អង្គការNPA ជូនដល់អង្គភាពស៊ីម៉ាក់បោសសំអាត តំបន់រងផលប៉ះពាល់គ្រាប់បែកចង្កោម រយ:ពេល៤៥ខែ (១ មីនា ២០២២ – វិច្ឆិកា ២០២៥) ។

នៅថ្ងៃពុធ ទី៩ ខែមីនា ឆ្នាំ២០២២ នៅទីបញ្ជាការស៊ីម៉ាក់ភ្នំពេញ , ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ និងលោក Rune Dale Andresen ប្រធានអង្គការNPAប្រចាំកម្ពុជា បានចុះហត្ថលខាលើកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការ រវាង អង្គការNPA និងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា លើជំនួយហិរញ្ញប្បទានឥតសំណង របស់រដ្ឋាភិបាលសហរដ្ឋអាមេរិកចំនួន ៦,៣៥៥,៧២០ដុល្លារ តាមរយ:អង្គការNPA គាំទ្រអង្គភាពស៊ីម៉ាក់បោសសំអាតតំបន់រងផលប៉ះពាល់គ្រាប់បែកចង្កោម រយ:ពេល៤៥ខែ (១ មីនា ២០២២-វិច្ឆិកា ២០២៥) ។
ក្រសួងការបរទេស នៃរដ្ឋាភិបាលអាមេរិក បានសម្រេចផ្តល់ជំនួយហិរញ្ញប្បទានឥតសំណងចំនួន ៦,៣៥៥,៧២០ដុល្លារ សម្រាប់រយ:ពេល៤៥ខែ (០១ មីនា ២០២២ ដល់ថ្ងៃទី៣០ វិច្ឆិកា ២០២៥ ) ដោយផ្តល់តាមរយ:អង្គការNPA សម្រាប់គាំទ្រសកម្មភាពរបស់អង្គភាព ស៊ីម៉ាក់ បោសសំអាតតំបន់រងផលប៉ះពាល់ដោយសារគ្រាប់បែកចង្កោម នៅខេត្តស្វាយរៀង ព្រៃវែង កំពង់ចាម ត្បូងឃ្មុំ ក្រចេះ រតនគិរី និងខេត្តមណ្ឌលគិរី។ បរិមាណជំនួយនេះ មានបរិមាណដូចបណ្តាលឆ្នាំកន្លងមកដែរ គ្រាន់តែជំនួយលើកនេះ មានរយ:ពេលវែង ៤៥ខែ ដែលកន្លងមក ផ្តល់រយ:ពេលមួយឆ្នាំម្តងប៉ុណ្ណោះ។ ជំនួយនេះ ផ្តល់លទ្ធភាពឱ្យអង្គភាពស៊ីម៉ាក់ អាចពង្រាយកម្លាំងប្រតិបត្តិការចំនួនជាង ២០០នាក់ និងអាចរំដោះផ្ទៃដីតំបន់គ្រាប់បែកចង្កោមជាង ១៣,២០០ហិកតា។

ជាមួយនេះដែរ ក្រសួងការបរទេស Norway ក៏បានសម្រេចផ្តល់ថវិកាខ្នាតតូចចំនួន២គម្រោង គឺគម្រោងរំដោះខេត្តគ្មានគ្រាប់មីន ដែលកំពុងប្រតិបត្តិការ និងគម្រោងបោសសំអាតមីនតំបន់ព្រំដែនកម្ពុជា-ថៃ ដែលគម្រោងទាំង២មានថវិកាចំនួន ៨៩,០៧៧ដុល្លាររយ:ពេល៣ខែ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី










