ភ្នំពេញ : ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វនស៊ិនប៉ិច បានមានព្រះបន្ទូលបានលើកទឹកចិត្តដល់បេក្ខភាពក្រុមប្រឹក្សាឃុំ-សង្កាត់ របស់គណបក្សហ៊្វុនស៊ិនប៉ិច ទាំងអស់ ដែលនឹងត្រូវចូលរួមបោះឆ្នោតខាងមុខនេះ ត្រូវនៅជាប់ជាមួយប្រជានុរាស្ត្រ រួមសុខទុក្ខ ការពារសមាជិកសមាជិកាជាម្ចាស់ឆ្នោត និងបំរើរាស្ត្រ ដោយភាពស្មោះត្រង់ គ្រប់ស្ថានការណ៍ ។
ការលើកទឹកចិត្តនេះ នៅក្នុងពិធីយាងសំណេះសំណាលជួបជុំ ជាថ្នាក់ដឹកនាំខេត្ត ស្រុក ឃុំ ជារចនាសម្ព័ន្ធគណបក្សហ៊្វុនស៊ិនប៉ិច ក្នុងខេត្តតាកែវ នៅរឹកថ្ងៃទី០៩ខែមីនា ឆ្នាំ២០២២ ។

ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ បានមានព្រះបន្ទូលបញ្ជាក់ថា គណបក្សហ៊្វុនស៊ិន នៅតែមានការគាំទ្រ ហើយបេក្ខភាពក្រុមប្រឹក្សាឃុំ សង្កាត់ យើងមានគ្រប់រាជធានី ខេត្ត យើងប្តេជ្ញា ធ្វើការរួមគ្នា ថែរក្សាស្ថេរភាពនយោបាយ សុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិដោយចីរភាព ។
ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ បានមានព្រះបន្ទូល កោតសរសើរចំពោះទឹកចិត្តអង់អាចមុះមុតរបស់សមាជិកសមាជិកា ថ្នាក់ដឹកនាំគ្រប់លំដាប់ជាន់ថ្នាក់ ដែលបានចូលរួមយ៉ាងសកម្មជាមួយគណបក្ស រាជានិយមហ៊្វុនស៊ិនប៉ិច ដោយប្រើប្រាស់គ្រប់មធ្យោបាយ ទាំងពេលវេលា ប្រាជ្ញា និងធនធាន និងសេចក្តីស្មោះត្រង់បំផុត។

ព្រះអង្គម្ចាស់ ព្រះប្រធាន គណបក្សហ៊្វុនស៊ិនប៉ិច បានព្រះបន្ទូលបន្ថែមថា យើងទាំងអស់គ្នានៅមានបេសកកម្មជាច្រើន ដើម្បីបន្តចូលរួមដោះស្រាយ និងចូលរួមចំណែកជាមួយប្រជារាស្ត្រខ្មែរយើង ឱ្យមានភាពសម្បូរសប្បាយ ជីវភាពធូរធារ ហើយព្រះរាជាណាចក្រកម្ពុជានៃយើង កាន់តែមានជឿនលឿន អភិវឌ្ឍទៅមុខជាលំដាប់ ។
ចំណែកលោកតា រ៉ ប្រធានគណៈកម្មាធិការប្រតិបត្តិខេត្តតាកែវ បានឡើងធ្វើការប្តេជ្ញាចិត្ត ក្នុងការប្រមែលប្រមូល សមាជិកសមាជិកា អ្នករាជានិយម សីហនុនិយម រណឫទ្ធិ អ្នកគាំទ្រនៅមូលដ្ឋានទាំងអស់គ្នាឱ្យមានភាពសាមគ្គីគ្នា រួបរួមគ្នា ហើយខិតខំបំពេញការងារជូនគណបក្សឱ្យ ទទួលបានជោគជ័យសារជាថ្មី ៕ រក្សាសិទ្ធិដោយ : ចេស្តារ



