ភ្នំពេញ : ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២នេះ បានបង្គាប់ឱ្យឃុំខ្លួន ជនត្រូវចោទជនជាតិថៃ ចំនួន៣នាក់ រួមមាន ប្រុស ២ នាក់ និងស្រីម្នាក់ និងបុរសសង្ស័យជនជាតិខ្មែរម្នាក់ និងបញ្ជូនពួកគេ ទៅឃុំខ្លួនបណ្ដោះអាសន្ននៅក្នុងពន្ធនាគារ ដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធនឹងការដឹកជញ្ជូន និងជួញដូរគ្រឿងញៀនជាង៦៣ គីឡូក្រាម ប្រព្រឹត្តនៅក្នុងរាជធានីភ្នំពេញ។

យោងតាមរបាយការណ៍ ដីការបស់តុលាការ បានអោយដឹងថា ជនត្រូវចោទទាំង៤នាក់នេះ មានឈ្មោះ ទី១-ឈ្មោះ ទិន ទី ភេទ ប្រុស អាយុ ៣១ឆ្នាំ ជនជាតិ ខ្មែរ, ទី២-ឈ្មោះ ដាវ ឌីឌឹន(DAV DE-DAN) ភេទស្រី អាយុ២២ឆ្នាំ ជនជាតិថៃ, ទី ៣-ឈ្មោះ វ៉ាន់ឆៃ លឿងផូត (VANCHAI LOEUNG PHOUCH) ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិថៃ, និងទី ៤-ឈ្មោះ មង្គល សុខហម (MONG SOKHORM) ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិថៃ។
ពួកគេត្រូវបានតំណាងអយ្យការ ចោទប្រកាន់ពីបទ: រក្សាទុក, ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់ នូវ សារធាតុញៀន និងការរក្សាទុកអាវុធ ដោយគ្មានការអនុញ្ញាត និង ប្រឈមមុខជាប់គុក អស់មួយជីវិតក្នុងម្នាក់ៗ។

ពួកគេត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២។ ក្រោយឃាត់ខ្លួន សមត្ថកិច្ចនគរបាលរឹបអូសបានថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ICE) ចំនួន ៤២គីឡូនិង៧៥៩.៨៤ក្រាម, ថ្នាំញៀន ប្រភេទ ហេរ៉ូអ៊ីន(HEROIN)ទម្ងន់ ២១គីឡូ និង១២០ក្រាម, រថយន្តចំនួន៣ គ្រឿង និង កាំភ្លើងចំនួន៣ដើម ព្រមទាំងសម្ភារៈពាក់ព័ន្ធ មួយចំនួនធំទៀត៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

