ព្រះសីហនុ ៖ សម្តេចក្រឡាហោម ស ខេង មានប្រសាសន៍ លើកឡើងថា រាជរដ្ឋាភិបាលបានខិតខំ ជំរុញអភិវឌ្ឍខេត្តព្រះសីហនុ ដែលជាប៉ូលសេដ្ឋកិច្ចដ៏មានសក្តានុពល ឱ្យក្លាយជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណងសំដៅ ទាក់ទាញ ការវិនិយោគផ្ទាល់ពីបរទេស ដើម្បីជំរុញកំណើន សេដ្ឋកិច្ចជាតិប្រកបដោយចីរភាព។ អាស្រ័យ ដោយកិច្ចខិតខំប្រឹងប្រែងទាំងនេះ បានធ្វើឱ្យលំហូរជនបរទេសជាវិនិយោគិន អាជីវករ និងភ្ញៀវទេសចរណ៍មានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។
![](https://cen.com.kh/wp-content/uploads/2022/03/275557521_2922471958042880_5986387696467486715_n-1024x682.jpg)
នៅថ្ងៃពុធទី ៩ ខែមីនា ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលខេត្តព្រះសីហនុ នៅសណ្ឋាគារសុខា ក្រុងព្រះសីហនុ។
ថ្លែងក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង បានកោតសរសើរ និងការវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងមានសមត្ថកិច្ចនានា និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន គ្រប់លំដាប់ថ្នាក់នៃខេត្តព្រះសីហនុ ដែលបានខិតខំប្រឹងប្រែងរួមគ្នា យ៉ាងសកម្មក្នុងការបំពេញតួនាទីភារកិច្ចប្រកបដោយរស្មារតី ទទួលខុសត្រូវខ្ពស់ ចូលរួមថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ការខិតខំចូលរួមដោះស្រាយជីវភាព របស់ប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ពីវិបត្តិនៃជំងឺកូវី-១៩ ការដោះស្រាយសំណើសំណូមពរ និងបញ្ហាប្រឈមនៅមូលដ្ឋាន ការចូលរួមយ៉ាងសកម្មក្នុងការអនុវត្តវិធានការនានា របស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធការ ឆ្លងរីករាលដាលនៃជំងកូដ១៩ ព្រមទាំងចូលរួមជំរុញ និងគាំទ្រដល់ដំណើរការចាក់វ៉ាក់សាំង ជូនមន្ត្រីរាជការកងកម្លាំងមានសមត្ថកិច្ច និងប្រជាពលរដ្ឋទូទាំងខេត្តព្រះសីហនុ ផ្អែកតាមយុទ្ធសាស្ត្រចាក់វ៉ាក់សាំង របស់រាជរដ្ឋាភិបាល ដើម្បីបង្កើនភាពស៊ាំក្នុងសហគមន៍ បង្កលក្ខណៈសម្បត្តិ ដល់ការបើកប្រទេសដំណើរការពេញលេញលើគ្រប់វិស័យ ហើយក្រសួង ស្ថាប័ន និងរដ្ឋបាលសាធារណៈគ្រប់ថ្នាក់ក៏បានធ្វើសកម្មភាព ពេញលេញទៅតាមគន្លង ប្រក្រតីភាពថ្មី ចាប់តាំងពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ រហូតមកដល់បច្ចុប្បន្ននេះ។
![](https://cen.com.kh/wp-content/uploads/2022/03/275584216_2922471938042882_5718227820577266035_n-1024x766.jpg)
ដោយមានការកើនឡើងនូវបទល្មើសដូចជា ការចាប់ជំរិត ប្ល.ន់សម្លា.ប់ គ្រឿងញៀន និងចរាចរណ៍ជាដើម ជាមួយគ្នានេះ សម្តេចក្រឡាហោម បានគាំទ្រដល់ការដាក់ចេញនូវផែនការ និងវិធានការរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត អគ្គស្នងការនគរបាលជាតិ និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដោយយើងត្រូវប្តេជ្ញារួមគ្នាបញ្ចប់ឱ្យបានជាមូលដ្ឋាននូវឧក្រិដ្ឋកម្មដែលកើតមាននៅខេត្តព្រះសីហនុ។
សម្តេចក្រឡាហោម បានមានប្រសាសន៍លើកឡើងបន្តទៀត ខេត្តព្រះសីហនុ មានការអភិវឌ្ឍរីកចម្រើនលើវិស័យសំណង់ អចលនទ្រព្យ សេវាកម្ម និង ហេដ្ឋារចនាសម្ព័ន្ធនានា ដោយសារភាពអំណោយ ផលពីសុខសន្តិភាព និងស្ថិរភាពនយោបាយ។ រាជរដ្ឋាភិបាលបានធ្វើការវិនិយោគធនធាន ថវិកាជាច្រើនក្នុងការកសាង ហេដ្ឋារចនាសម្ព័ន្ធ ដូចជាកសាងផ្លូវ ស្ពាន ប្រព័ន្ធបណ្ដាញលូ ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ ចំណតរថយន្ត សួនច្បារ ទីលានសាធារណៈ ប្រឡាយ និងប្រព័ន្ធរំដោះទឹក។ល។ ដែលធ្វើឱ្យក្រុងព្រះសីហនុក្លាយជាទីក្រុងមួយទំនើប និងមានលក្ខណៈស្រស់បំព្រង អមដោយអគារខ្ពស់ៗ និងមានហេដ្ឋារចនាសម្ព័ន្ធ ទំនើបសមស្រប។
សម្តេចក្រឡាហោម បានមានប្រសាសន៍លើកឡើង ពីការអនុវត្តន៍កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដោយឆ្នាំ២០២២នេះ គឺជាឆ្នាំដំបូងនៃការអនុវត្តផែនការ៥ឆ្នាំ នៃកម្មវិធីជាតិរយៈពេល ១០ឆ្នាំ ដំណាក់កាលទី២ (២០២១- ២០៣០) ដែលមានចក្ខុវិស័យក្នុងការធ្វើឱ្យប្រជាពលរដ្ឋ ទទួលបានសេវាសាធារណៈ និងផលប្រយោជន៍ពីការអភិវឌ្ឍមូលដ្ឋានដែលផ្តល់ដោយ រដ្ឋបាលថ្នាក់ក្រោមជាតិប្រកបដោយបរិយាប័ន្ន និងសមធម៌ ដើម្បីរួម ចំណែកសម្រេចឱ្យបាននូវចក្ខុវិស័យ ដ៏ទូលំទូលាយក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ប្រែក្លាយប្រទេសកម្ពុជា ឱ្យក្លាយទៅជា ប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។ ហេតុនេះ រដ្ឋបាលគ្រប់ថ្នាក់នៃខេត្តព្រះសីហនុ ត្រូវបន្តយកចិត្តទុកដាក់រៀបចំផែនការសកម្មភាព និងថវិកាដើម្បីអនុវត្ត កំណែទម្រង់នេះប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ ដើម្បីសម្រេចបាននូវគោលបំណងនៃដំណើរការកំណែទម្រង់ខាងលើ ខេត្តព្រះសីហនុ ត្រូវយកចិត្តទុកដាក់លើការងារសំខាន់ៗមួយចំនួនក្នុងនោះ រដ្ឋបាលក្រុងស្រុកត្រូវពង្រឹង ភាពម្ចាស់ការ និងការទទួលខុសត្រូវក្នុងការអនុវត្តន៍មុខងារនិងធនធាននានា ដើម្បីលើកកម្ពស់ការផ្តល់សេវា និងការអភិវឌ្ឍន៍មូលដ្ឋាន សំដៅឆ្លើយតបសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋឱ្យកាន់តែល្អ ប្រសើរស្របតាមការវិវត្តរីកចម្រើនរបស់សង្គមជាតិ។ រដ្ឋបាលខេត្តព្រះសីហនុត្រូវពង្រឹងតួនាទីក្នុងការតាមដាន ត្រួតពិនិត្យ និងគាំទ្រដល់ រដ្ឋបាលឃុំ សង្កាត់ ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ ការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ ឱ្យបានត្រឹមត្រូវតាមគោលការណ៍ច្បាប់ និងនីតិវិធីដែលបានកំណត់ ព្រមទាំងការដោះស្រាយ បញ្ហាប្រឈម សំណើរសំណូមពររបស់ប្រជាពលរដ្ឋ និងធានានូវនិរន្តរភាពនៃការគ្រប់គ្រង រដ្ឋបាលឃុំ សង្កាត់ ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន រហូតដល់មានក្រុមប្រឹក្សាឃុំ សង្កាត់ថ្មីដែលកើតចេញពីការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី ៥ ចូលកាន់មុខតំណែង។
សម្តេចក្រឡាហោម ស ខេង សង្ឃឹម និងជឿជាក់ថា ក្រោមការដឹកនាំរបស់ រាជរដ្ឋាភិបាល និងការខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តព្រះសីហនុ ព្រមទាំងការគាំទ្រពីក្រសួងស្ថាប័នថ្នាក់ជាតិ ក៏ដូចជាការចូលរួមពីប្រជាពលរដ្ឋខេត្តព្រះសីហនុ គឺយើងអាចរួមគ្នាដោះស្រាយបាននូវបញ្ហាប្រឈមនានា ដែលកំពុងមាននាពេលបច្ចុប្បន្ន ហើយបន្តអភិវឌ្ឍន៍បំរើជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែល្អប្រសើរ៕រក្សាសិទ្ធិដោយ ៖ សុទ្ធ លី
![](https://cen.com.kh/wp-content/uploads/2022/03/275551602_2922471678042908_8979774015760915692_n-1024x682.jpg)
![](https://cen.com.kh/wp-content/uploads/2022/03/275561445_2922471838042892_5608851320579342947_n-1024x682.jpg)
![](https://cen.com.kh/wp-content/uploads/2022/03/275519914_2922471828042893_2897444996609070379_n-1024x682.jpg)
![](https://cen.com.kh/wp-content/uploads/2022/03/275522710_2922471684709574_8818437619247462044_n-1024x682.jpg)