Monday, September 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នារី​អ៊ុយក្រែន​បាន​ប្តី​មកនៅវៀតណាម​ ស្លុ.តចិត្ត​ខ្លាំង ពេល​ឃើញ​ឪពុក​ម្តាយ​បងប្អូន កំពុង​រស់នៅ​ក្រោម​ដី ​ជាយក្រុង​គៀ​វ ដោយ​បានអធិស្ឋានថា…

ថ្ងៃមួយនៅដើមខែមីនា ឆ្នាំ២០២២ Sofia Phan (កើតក្នុងឆ្នាំ១៩៩៤ សញ្ជាតិអ៊ុយក្រែន) និងប្តីរបស់នាង Phan Vu Son (កើតក្នុងឆ្នាំ ១៩៩២ មកពី Nam Dinh) បាននាំកូនស្រីតូចរបស់ពួកគេឈ្មោះ Alice (អាយុ ១០ ខែ) ទៅស្ថានទូតអ៊ុយក្រែន​ក្នុងប្រទេសវៀតណាម​ដើម្បីចូលរួមក្នុងពិព័រណ៍សប្បុរសធម៌មួយ ដែលការបរិច្ចាគត្រូវបានទទួល​ដើម្បីជួយដល់ប្រជាជនអ៊ុយក្រែន​ក្នុងគ្រា​ដ៏លំបាកដូចពេលបច្ចុប្បន្នជាក់ស្តែងនេះ។

ជាមួយក្នុងដៃកាន់ភួងផ្ការំយោលពណ៌លឿង ដាក់យ៉ាងស្ងៀមស្ងាត់ នៅជើងប្រអប់បរិច្ចាគអំណោយ Sofia បាននិយាយទាំងទឹកភ្នែកថា “ថ្ងៃដំបូងនៃសង្រ្គាម ខ្ញុំតក់ស្លុតខ្លាំងណាស់ ខ្ញុំមិនជឿថារឿងនេះអាចកើតឡើងបានទេ នៅក្នុងសតវត្សទី២១ នេះ។ នៅ​ពេលយប់​ស្រុកកំណើតរបស់ខ្ញុំ​ចាប់ផ្ដើមត្រូវបានគេ​ទម្លាក់គ្រាប់បែក… ខ្ញុំខូចចិត្ត ពេលឃើញផ្លូវដែលធ្លាប់ស្គាល់ ហើយផ្ទះ​សម្បែងត្រូវបានបំផ្លាញ។

នាងបន្តថា កុមារ និងមនុស្សចាស់អង្គុយនៅក្នុងបន្ទប់ក្រោមដី គ្រូពេទ្យជួយសង្គ្រោះជីវិតពីគ្រាប់កាំភ្លើង ទារកត្រូវរងរបួស។ កន្លែងកើតហេតុពិតជាគួរឱ្យរន្ធត់ នេះមិនគួរមាននៅក្នុងពិភពសម័យទំនើបទេ។ ផ្ទះ និងផ្លូវ​អាចត្រូវបានស្ដារឡើងវិញបាន ប៉ុន្តែ ជីវិតមនុស្សមិនអាចយកមកវិញបានទេ»។

បច្ចុប្បន្ន គ្រួសាររបស់ Sofia ស្ថិតនៅជាយក្រុង Kiev ។ យោងតាមនាង នៅទីនោះ គឺកម្រឮសំឡេងគ្រាប់កាំភ្លើងទេ ប៉ុន្តែគ្រប់គ្នានៅតែស្ថិតក្នុងស្ថានភាពត្រៀមខ្លួន។ ប្រសិន​បើ​ស្ថានការណ៍នៅ​តែ​ដុនដាបទៅៗ អ្នកទាំងអស់​នឹងត្រូវចាកចេញទៅ​ជ្រកកោននៅ​ប្រទេសជិតខាងមួយចំនួន។

នាងនិយាយថា​៖ «​ប្រសិនបើ​ស្ថានភាពកាន់តែ​អាក្រក់ទៅៗ ម្តាយបងប្អូនខ្ញុំ​នឹងត្រូវទៅ​ដោយខ្លួនឯងពួកគាត់ ព្រោះ​ឪពុកខ្ញុំ​ត្រូវនៅ​ដើម្បីចូលរួមជាមួយកងកម្លាំងការពារទឹកដី​នៅពេលមានការដាក់ពង្រាយ​។ ប៉ុន្តែ​ការចាកចេញពីផ្ទះ គឺសោកស្តាយណាស់ ព្រោះគ្រួសារធ្លាក់ក្នុងការបែកគ្នា ខ្ញុំមិនដឹងថា​នឹងបានជួបគ្នា​ម្ដងទៀត​ឬ​អត់ទេ? គ្រាន់តែ​គិត​ក៏ធ្វើ​ឲ្យខ្ញុំភ័យខ្លាចដែរ»។

ក្នុងរយៈពេល ១០ ថ្ងៃកន្លងមកនេះ Sofia បានទូរស័ព្ទទៅស្រុកកំណើតជាបន្តបន្ទាប់ ជាច្រើនដងក្នុងមួយថ្ងៃ ឱ្យតែពួកគេមានអុីនធឺណេត។ ប៉ុន្តែទីក្រុងមួយចំនួនឥឡូវនេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់យោធារុស្ស៊ី ប៉មទូរទស្សន៍ ត្រូវបានបំផ្លាញទាំងស្រុងដោយគ្មានអុីនធឺណេត និងទំនាក់ទំនងតាមទូរស័ព្ទ។ Sofia លើកដៃអធិស្ឋានថា “ខ្ញុំសង្ឃឹមយ៉ាងខ្លាំងថា រឿងនេះនឹងមិនកើតឡើងនៅកន្លែងដែលឪពុកម្តាយ និងបងប្អូនរបស់ខ្ញុំរស់នៅនោះទេ”។

តាមរយៈការហៅទូរស័ព្ទ Sofia ត្រូវបានប្រាប់ដោយសាច់ញាតិថា មនុស្សជាច្រើនបានចាកចេញពីអ៊ុយក្រែនឥឡូវនេះហើយ ខណៈប្រទេសជិតខាងនៃសហភាពអឺរ៉ុបកំពុងព្យាយាមយ៉ាងខ្លាំង ក្នុងការជួយជនភៀសខ្លួនពីអ៊ុយក្រែន ដែលភាគច្រើនជាស្ត្រីដែលមានកូន។ ប៉ុន្តែ យុវជននៅ​តែ​បន្តការពារប្រទេស​ដោយពួកគេ​នឹងទទួលខុសត្រូវ​ក្នុងការចែកអាហារ​និងថ្នាំពេទ្យ​ខណៈអ្នកដទៃទៀត នឹងត្រូវជួយពលរដ្ឋភៀសខ្លួន។

ស្ត្រីវ័យក្មេងដែលរំជួលចិត្តរូបនេះ​បាននិយាយថា៖ «ប្រជាជនអ៊ុយក្រែន​រួបរួមគ្នា​មិនធ្លាប់មាន។ មិត្តភ័ក្តិរបស់ខ្ញុំជាច្រើននៅទីក្រុងគៀវ បានចុះឈ្មោះសម្រាប់អង្គភាពការពារខ្លួន ដើម្បីរក្សាសណ្តាប់ធ្នាប់នៅក្នុងទីក្រុង។ បើ​អ្នកទាំងអស់គ្នា​រត់ចេញ តើ​នរណា​នឹងការពារមាតុភូមិ?»។

និយាយដល់រឿងស្នេហាវិញ Sofia បាននិយាយថា ប្តីរបស់នាងឈ្មោះ Phan Vu Son កើត និងធំដឹងក្តីនៅអ៊ុយក្រែន។ អ្នកទាំងពីរបានជួបគ្នា​នៅ​សាកលវិទ្យាល័យ Kiev University និងបន្ទាប់មក Sofia រៀនភាសា​វៀតណាម ខណៈ Son បានរៀនមហាវិទ្យាល័យមួយទៀត។

ទើបតែ​បានជួបគ្នា​ជា​លើកដំបូង​ភ្លាមៗនោះ Son ត្រូវបានចាប់ចិត្តយ៉ាងខ្លាំងពីនារីបរទេសរូបនេះ។ ដោយដឹងថា Sofia កំពុងរៀនភាសា និងយល់អំពីវប្បធម៌វៀតណាម Son កាន់តែចាប់អារម្មណ៍ និងចង់ធ្វើជាមិត្តយូរអង្វែង។

Sofia ចែករំលែកថា៖ “បន្ទាប់ពីដឹងថា Son ជាជនជាតិវៀតណាម គាត់បានជួយខ្ញុំយ៉ាងច្រើនក្នុងជីវិត និងការយល់ដឹងអំពីវប្បធម៌ និងភាពសម្បូរបែបនៃភាសាវៀតណាម។ ពេលនៅ​ជាមួយគ្នា​កាន់តែច្រើន ខ្ញុំបានដឹងថា ​គាត់​និង​ខ្ញុំ មានភាពដូចគ្នា​ច្រើន។ យើងបានស្រឡាញ់គ្នា ហើយបានរៀបការ​បន្ទាប់ពីបានស្គាល់គ្នា​អស់រយៈ​ពេលបួនឆ្នាំ»។

រៀបការហើយ Sofia បានសម្រេចចិត្តតាមប្តី មករស់នៅប្រទេសវៀតណាម។ ពួកគេបានចាប់ផ្តើមជីវិតថ្មីនៅទីក្រុងហាណូយ ហើយបានស្វាគមន៍កូនស្រីដំបូងរបស់ពួកគេឈ្មោះ Alice។ ហើយពេលនេះ កូនស្រីរបស់ពួកគេមានអាយុ១០ខែហើយ។

ក្នុងនាមជាកូនក្រមុំនៅបរទេស វាពិបាកសម្រាប់ Sofia ក្នុងការជៀសវាងការភ្ញាក់ផ្អើល និងចម្លែក ប៉ុន្តែដោយសារស្វាមីចិត្តល្អរបស់នាង នាងងាយនឹងទទួលការអាណិត ទើបនាងសម្របខ្លួនទៅនឹងជីវិតនៅបរទេសយ៉ាងឆាប់រហ័ស។ Sofia ចាប់អារម្មណ៍លើទំនៀមទំលាប់ និងវប្បធម៌វៀតណាមទាំងអស់ នាងក៏រៀនធ្វើម្ហូបប្រពៃណីវៀតណាមជាបន្តបន្ទាប់។

បច្ចុប្បន្ន Sofia កំពុងសម្រាកពីការងារ ដើម្បីមើលថែកូនពេញម៉ោង។ ដោយទឹកចិត្តស្រលាញ់ប្រពន្ធ ព្រោះចាកចេញពីស្រុកកំណើត និងគ្រួសារ Son តែងតែព្យាយាមលើកទឹកចិត្ត និងជួយប្រពន្ធគ្រប់ផ្នែកក្នុងជីវិត។ ប្តីដ៏ល្អរូបនេះ ក៏ត្រៀមខ្លួនយ៉ាងប្រញាប់ ក្នុងការចូលផ្ទះបាយ​មើលការខុសត្រូវផ្ទះ ដើម្បីឲ្យប្រពន្ធមានពេលសម្រាកច្រើន៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×