Ken Rhee ដែលជា YouTuber ដ៏មានប្រជាប្រិយ និងជាអតីតទាហានជើងទឹកកូរ៉េខាងត្បូង បាននិយាយថា គាត់បានចុះចតនៅប្រទេសអ៊ុយក្រែនរួចហើយ ដើម្បីប្រយុទ្ធក្នុងនាមជាទាហានស្ម័គ្រចិត្ត ទោះបីជារដ្ឋាភិបាលរបស់គាត់ហាមឃាត់ការធ្វើដំណើរ មកកាន់ប្រទេសនេះក៏ដោយ។
នៅលើគណនី Instagram របស់ខ្លួន បុរសអាយុ ៣៧ ឆ្នាំ រូបនេះ បាននិយាយនៅក្នុងការបង្ហោះកាលពីព្រឹកថ្ងៃច័ន្ទថា គាត់និងមិត្តរួមដំណើររបស់គាត់៣នាក់ បានពិចារណាដំបូងអំពីការចាកចេញទៅកាន់ប្រទេសកំពុងរងការឈ្លានពានពីរុស្សុីនេះ “តាមរយៈនីតិវិធីផ្លូវការ”។ លោកបន្តថា «ប៉ុន្តែយើងមានអារម្មណ៍ថាមានការប្រឆាំងយ៉ាងខ្លាំងពីរដ្ឋាភិបាលកូរ៉េ ហើយបានសម្គាល់ថា គាត់ត្រូវបាន “គំរាមកំហែង” និងត្រូវបានចាត់ទុកជាឧក្រិដ្ឋជន ប្រសិនបើគាត់មិនអើពើនឹងការហាមឃាត់ការធ្វើដំណើររបស់កូរ៉េ ទៅកាន់អ៊ុយក្រែន។
គាត់បាននិយាយបន្តនៅក្នុងការបង្ហោះដែលត្រូវបានចែករំលែកជាមួយនឹងរូបភាព១សន្លឹកឃើញតែខ្នងរួមដំណើរជាមួយមិត្តភក្តិបីនាក់ ថា «ប៉ុន្តែការដាក់ទណ្ឌកម្ម មិនអាចឲ្យយើងនៅស្ងៀម ក្នុងស្ថានភាពនេះ ដោយមិនជួយអ៊ុយក្រែននូវជំនាញ ចំណេះដឹង និងជំនាញដែលយើងមាននោះទេ។ ប្រសិនបើខ្ញុំរស់ឡើងវិញ នោះខ្ញុំនឹងទទួលខុសត្រូវគ្រប់យ៉ាង ហើយទទួលទណ្ឌកម្មដែលបានផ្តល់ឱ្យខ្ញុំ»។
តែទោះជាយ៉ាងណា គេមិនទាន់ដឹងច្បាស់ថា តើលោក Rhee បានចាកចេញពីប្រទេសកូរ៉េខាងត្បូងជាមួយនរណានោះទេ ដោយលោកមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយរបស់ Insider ទេ។
ក្រសួងការបរទេសកូរ៉េបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទថា ខ្លួនបានដឹងហើយថា “ប្រជាជនកូរ៉េ រួមទាំង Ken Rhee” បានចាកចេញពីប្រទេស ដើម្បីចូលរួមជាមួយកងទ័ពស្ម័គ្រចិត្តអ៊ុយក្រែន។ ប៉ុន្តែ ដើម្បីការពារអាយុជីវិត និងសុវត្ថិភាពរបស់ពលរដ្ឋ គិតត្រឹមថ្ងៃទី១៣ ខែកុម្ភៈ រដ្ឋាភិបាលបានចេញការព្រមានអំពីការធ្វើដំណើរកម្រិត ៤ នៅទូទាំងប្រទេសអ៊ុយក្រែន និងបានហាមឃាត់ពលរដ្ឋកូរ៉េ មិនឲ្យធ្វើដំណើរទៅកាន់ប្រទេសអ៊ុយក្រែនឡើយ។
ក្រសួងបានបន្ថែមថា អ្នកណាម្នាក់ដែលចូលអ៊ុយក្រែនដោយគ្មានការអនុញ្ញាត អាចនឹងត្រូវជាប់គុកមួយឆ្នាំ ឬពិន័យជាប្រាក់រហូតដល់ ១០ លានវ៉ុន (ប្រហែល ៨,១៥០ ដុល្លារ)។ ពួកគេក៏នឹងត្រូវបានតម្រូវឱ្យប្រគល់លិខិតឆ្លងដែនកូរ៉េរបស់ពួកគេវិញ ហើយអាចប្រឈមមុខនឹងការស្នើសុំផ្លាស់ប្តូរ។ ប៉ុន្តែ Rhee ហាក់ដូចជាមិនខ្វល់ខ្វាយពេកចំពោះការរឿងនេះនោះទេ។
នៅក្នុងការបង្ហោះ Instagram មួយផ្សេងទៀត ដែលផ្ញើទៅកាន់ក្រសួងការបរទេស គាត់បានសរសេរថា “ក្រុមរបស់ខ្ញុំបានទៅដល់អ៊ុយក្រែនដោយសុវត្ថិភាព។ ជាជាងខ្ជះខ្ជាយពេលវេលាក្នុងការស្វែងរកការធ្វើឱ្យលិខិតឆ្លងដែនរបស់យើងមិនមានសុពលភាព សូមគិតអំពីរបៀបដែលអ្នកអាចគាំទ្រផង”។
ក្រោយមក Rhee បានចែករំលែកការបង្ហោះជាច្រើនទៀតនៅលើវេទិកា រួមទាំងរូបភាពនៃតង់យោធាមួយ និងរូបគាត់ម្នាក់នៅក្នុងប្រដាប់ការពារអង្គុយក្បែរឆ្កែ។
លោកបានបន្តថា៖ «ក្នុងអំឡុងសង្គ្រាមកូរ៉េ ពិភពលោកបានជួយកូរ៉េ។ ឥឡូវនេះ យើងនឹងជួយអ៊ុយក្រែនវិញ។ យើងមិនអាចគ្រាន់តែឈរក្បែរ និងមើលមនុស្សស្លូតត្រង់ ត្រូវរបួស និងស្លាប់នោះទេ”៕ រក្សាសិទ្ធិដោយ៖ លឹម ហុង








