ភ្នំពេញ ៖ ចោរដៃស្អិតម្នាក់ បានចេញមកធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃ ពីយុវតីម្នាក់ ទាំងកណ្តាលថ្ងៃ ដោយគ្មានការរំខានដល់សមត្ថកិច្ចខណ្ឌមានជ័យនោះឡើយ។
ហេតុការណ៍នេះ បានកើតឡើងកាលពី ៣និង៣០នាទីរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅចំណុចក្រោមស្ពានអាកាសស្ទឹងមានជ័យ ផ្លូវ២១៧ ភូមិមច្ឆា សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
យុវតីរងគ្រោះបានរៀបរាប់ទាំងទឹកភ្នែករលីងរលោង ប្រាប់ក្រុមអ្នកសារព័ត៌មានឲ្យដឹងថា មុនពេលកើតហេតុរូបនាង បានជិះម៉ូតូមួយគ្រឿងទិញសម្ភារ: ចេញមកពីផ្សារដើមគដើម្បីត្រឡប់ទៅផ្ទះវិញ លុះដល់ចំណុចក្រោស្ពានអាកាសស្ទឹងមានជ័យ រូបនាងក៏បានឈប់ម៉ូតូនិយាយទូរស័ព្ទ ជាមួយនិងម្តាយ ស្របពេលនោះ ក៏លេចមុខជនសង្ស័យម្នាក់ ដើរចេញមកពីម្តុំខាងក្រោយវត្តស្ទឹងមានជ័យ ប្លុកតំបន់មិនរៀបរយ បានដើរមកក្បែររូបនាង ហើយបានធ្វើសកម្មភាព ដណ្តើមឆក់យកទូរស័ព្ទ ពីដៃយុវតីរងគ្រោះ រត់គេចខ្លួនចូលសំបុករបស់ខ្លួន ដោយសុវត្ថិភាព ពេលនោះយុវតីរងគ្រោះខាងលើ ព្យាយាមទុកម៉ូតូចោល រត់ដេញតាមក្រោយជនសង្ស័យដែរ តែខ្លាចបាត់ម៉ូតូ របស់នាងទើបរូបនាងជិះទៅប្រាប់សមត្ថកិច្ចចរាចរណ៍ក្រុង ដែលកំពុងចុះអនុវត្តន៍ច្បាប់ចរាចរណ៍ជើងគោក នៅខាងក្រោមស្ពានអាកាសស្ទឹងមានជ័យ ឲ្យជួយអន្តរាគមន៍ ក្រោយពេលទទួលបានព័ត៌មានថា មានករណីឆក់ដណ្តើមយកទូរស័ព្ទដៃ របស់យុវតីរងគ្រោះខាងលើនេះ ភ្លាមនោះកម្លាំងនគរបាលចរាចរណ៍ក្រុង បានរាយការណ៍ទៅកម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី១ ឲ្យជួយស្វែងរកជនសង្ស័យដែរ តែជនសង្ស័យគេចខ្លួនបាត់
ហើយយុវតីរងគ្រោះខាងលើ ក៏មិនបានទៅដាក់ពាក្យបណ្តឹងនោះទេ។
មហាជនរងចាំមើលស្នាដៃលោកវរសេនីយទោអ៊ុក ប៊ូនីន ដែលថ្នាក់លើទើបតែតែងតាំង ជាអធិការនគរបាលខណ្ឌមានជ័យថ្មី តើលោកមានសមត្ថភាព បង្រ្កាបក្រុមចោរឆក់ចោរប្លន់ ចោរលួចដែលពួកគេ តែងតែធ្វើសភាពយ៉ាងសកម្ម នៅម្តុំខាងក្រោមស្ពាន និងខាងលើស្ពានអាកាសស្ទឹងមានជ័យ បានដែរឬយ៉ាងណា៕ រក្សាសិទ្ធិដោយ ៖ សួង សាម