Wednesday, December 24, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គយ បង្ក្រាបរថយន្តស៊េរីទំនើបអត់ពន្ធចំនួន៥គ្រឿង ជ្រកក្រោមផ្លាកលេខក្លែងក្លាយ ផ្លាកលេខ ន.ប និងខ.ម ក្នុងរាជធានីភ្នំពេញ

ភ្នំពេញ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅថ្ងៃទី៩-១០ ខែមីនា ឆ្នាំ២០២២ បានធ្វើការបង្ក្រាបរថយន្តស៊េរីទំនើប អត់ពន្ធចំនួន៥គ្រឿង ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលសុទ្ធសឹងជ្រកក្រោមផ្លាកលេខក្លែងក្លាយ ផ្លាកលេខ ន.ប និងខ.ម។

រថយន្តស៊េរីទំនើបទាំង៥គ្រឿងនោះរួមមាន៖ រថយន្តម៉ាក Lexus LX570 ចង្កូតឆ្វេង ពណ៌ស ឆ្នាំ២០០៨ ពាក់ផ្លាកលេខក្លែងក្លាយ, រថយន្តម៉ាក Lexus 570 ឆ្នាំ២០១៤ ចង្កូតឆ្វេង ពាក់ផ្លាកលេខ ខម, រថយន្តម៉ាក VENZA ឆ្នាំ២០១១ ចង្កូតឆ្វេងពាក់ផ្លាកលេខ នប, រថយន្តម៉ាក Lexus LX570 ចង្កូតឆ្វេង ពណ៌ខ្មៅ ឆ្នាំម៉ូឌែល ២០១១ ពាក់ផ្លាកលេខក្លែងក្លាយ, រថយន្តម៉ាក Ford Ranger XLT ចង្កូតឆ្វេង ពណ៌ខ្មៅ ឆ្នាំម៉ូឌែល២០១៨។

សូមជម្រាបថា ចាប់ពីខែកញ្ញា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានអនុញ្ញាតឲ្យរថយន្តអត់ពន្ធចង្កួតឆ្វេង និងរថយន្តចង្កួតស្តាំ (កែចង្កួតរួចបង់ពន្ធ) អាចចូលបង់ពន្ធបាន ជាមួយការអនុគ្រោះពន្ធ-អាករ ១០ភាគរយ។ ក្នុងរយៈពេលអនុគ្រោះនេះ មានរថយន្តជាង៥ពាន់គ្រឿង បានចូលមកបង់ពន្ធ ដោយទទួលបានទឹកប្រាក់ពន្ធជិត៥០លានដុល្លារ។

បណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ធ្លាប់បានអំពាវនាវដល់ម្ចាស់រថយន្ត គ្មានពន្ធជ្រកក្រោម ស្លាកលេខផ្សេងៗ សូមចូលមកបង់ពន្ធឲ្យបានគ្រប់ៗគ្នា និងទាន់ពេលវេលាកំណត់ ត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ប៉ុន្តែមិនទទួលបានការអនុគ្រោះ១០%ដូចមុនឡើយ។

ឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់ថា សម្រាប់រថយន្តចង្កូតឆ្វេង ម្ចាស់នៅតែអាចចូលមកបង់ពន្ធ បានរហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ប៉ុន្តែពុំទទួលបានការអនុគ្រោះពន្ធ ១០% ដូចមុនទៀតទេ។ សម្រាប់រថយន្តចង្កូតស្តាំ ម្ចាស់អាចមកតម្កល់ប្រាក់កក់ស្មើនឹងប្រាក់ពន្ធ-អាករដក១០% ហើយយករថយន្តរបស់ខ្លួន ទៅកែចង្កូតពីស្តាំមកឆ្វេង។ ឱសានវាទថ្ងៃបញ្ចប់យុទ្ធនាការប្រមូលពន្ធ និងអាករលើរថយន្តមានស្រាប់ក្នុងប្រទេស និងជ្រកក្រោមផ្លាកលេខផ្សេងៗ គឺថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×