ភ្នំពេញ ៖ ជនសង្ស័យចំនួន ៥នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវបុកចូលបង្ក្រាប នៅចំណុចផ្ទះជួល ដែលជនសង្ស័យទាំងនេះ បានសម្ងំលាក់ខ្លួន ក្រោយធ្វើសកម្មភាពឆក់ទ្រព្យសម្បត្តិពីប្រជាពលរដ្ឋ រួចរត់ទៅសម្ងំលាក់ខ្លួន ពីសមត្ថកិច្ច។
សមត្ថកិច្ចបានបញ្ជាក់ប្រាប់ឲ្យដឹងថា ការបង្ក្រាបនេះ គឺធ្វើឡើងកាលពីវេលាម៉ោង ជាង១១ព្រឹក ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ ម្សិលមិញនេះ នៅចំណុចបន្ទប់ជួល ក្នុងភូមិសាស្ត្រ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលប្រតិបត្តិការនេះ ដឹកនាំកម្លាំងដោយ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការគ្នាជាមួយកម្លាំង នគរបាលព្រហ្មទណ្ឌខណ្ឌដង្កោ ក្រោមបទបញ្ជាពីថ្នាក់លើ ឲ្យបើកការស្រាវជ្រាវ បង្ក្រាបមុខសញ្ញាឆក់យ៉ាងសកម្មទាំងនេះ ។

សមត្ថកិច្ចបានបន្តថា ជនសង្ស័យ ដែលឃាត់ខ្លួនបាននាពេលនេះ គឺមានទាំងអស់ចំនួន៥នាក់ ដែលជាក្រុមចោរឆក់យ៉ាងសកម្ម ធ្លាប់បានធ្វើសកម្មភាពជាច្រើនលើក ក្នុងរាជធានីភ្នំពេញ ដោយមានទាំងអ្នកឆក់ និងអ្នកចាំបិទគូទថែមទៀតផង និងបានធ្វើការដកហូរបានម៉ូតូ២គ្រឿង បញ្ជូនទៅកាន់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕ រក្សាសិទ្ធិដោយ ៖ សួង សាម


