Wednesday, December 24, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្កើតក្រុមការងារចម្រុះ CHARLIE21 ដើម្បីធ្វើការស៊ើបអង្កេត ករណីឃាត.កម្មទៅលើកុមារអាយុ ៧ឆ្នាំ នៅក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ ៖ អង្គភាពការពារកុមារ (CPU) នៅថ្ងៃទី១១ ខែមីនាឆ្នាំ២០២២នេះ បានឲ្យដឹងថា ក្រុមការងារចម្រុះ CHARLIE21 ត្រូវបានបង្កើតឡើង ដើម្បីធ្វើការស៊ើបអង្កេត ករណីឃាត.កម្មទៅលើកុមារអាយុ ៧ឆ្នាំ នៅក្រុងប៉ោយប៉ែត។

កាលពីថ្ងៃទី៩ ខែមីនា វេលាម៉ោង៦ និង៥០នាទីព្រឹក ក្មេងស្រីអាយុ ៧ឆ្នាំម្នាក់បានធ្វើដំណើរចេញពីផ្ទះ ឆ្ពោះទៅសាលារៀន។ នៅម៉ោង១១ និង៣០នាទីថ្ងៃត្រង់ ឪពុករបស់ក្មេងស្រីនេះ បានរាយការណ៍ថា មិនឃើញក្មេងស្រីនេះ ត្រឡប់មកផ្ទះវិញ។

មន្ត្រីនគរបាលមូលដ្ឋាន បានទៅពិនិត្យបញ្ជីវត្តមានរបស់ក្មេងស្រីរងគ្រោះនៅសាលា ហើយបានឃើញថា ក្មេងស្រីនេះមិនមានវត្តមានចូលរៀនទេ នៅពេលព្រឹក ក្នុងថ្ងៃកើតហេតុ។
មន្ត្រីនគរបាលមូលដ្ឋាន រួមជាមួយអ្នកភូមិបានចាប់ផ្តើម ស្វែងរកកុមាររងគ្រោះ។ នៅវេលាម៉ោង១០ និង៣០នាទីយប់ សាកសពរបស់ក្មេងស្រី ត្រូវបានគេរកឃើញ ដោយកត់សម្គាល់ថា មានការប៉ុន.ប៉ងក.ប់លាក់បាំងសាកសព។

អង្គភាពការពារកុមារ (CPU) បានទទួលដំណឹង ហើយបានបញ្ជូនក្រុមការងារស៊ើបអង្កេតបទល្មើសឃា.តកម្ម (HIT) និងក្រុមការងារបច្ចេកទេសវិទ្យាសាស្រ្ត (FST) ទៅកន្លែងកើតហេតុ។ ការពិនិត្យកោសល្យវិច័យ និងការពិនិត្យកន្លែងកើតហេតុត្រូវបានធ្វើឡើង ហើយជាលទ្ធផល ក្រុមការងារចម្រុះ CHARLIE22 ក៏ត្រូវបានបង្កើតឡើង ដោយមានកិច្ចសហប្រតិបត្តិការ រវាងអង្គភាពការពារកុមារ (CPU), ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ, អគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា, ក្រសួងមហាផ្ទៃ និងនាយកដ្ឋានបច្ចេកទេស និងវិទ្យាសាស្រ្ត។

ក្រុមការងារចម្រុះនេះ គឺថិតក្រោមការដឹកនាំរបស់ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ។ “ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានបំពេញភារកិច្ចបានយ៉ាងល្អត្រឹមត្រូវ ក្នុងការស៊ើបសួរពត៌មានបឋម និងការការពារកន្លែងកើតហេតុ ដូច្នេះធ្វើឲ្យមន្ត្រីជំនាញកោសល្យវិច័យ អាចប្រមូលភស្តុតាងសំខាន់ៗបានជាច្រើន។” លោក James McCabe នាយកប្រតិបត្តិ អង្គភាពការពារកុមារ (CPU) បានលើកឡើង។

បេសកកម្មនេះ នៅមានសំណួរជាច្រើន ដែលយើងមិនទាន់មានចម្លើយ ប៉ុន្តែខ្ញុំជឿជាក់ថាក្រុមការងារចម្រុះ នឹងស្វែងរកចម្លើយទាំងឡាយ ពាក់ព័ន្ធទៅនឹងសកម្មភាព ដែលបានកើតឡើង ទៅលើក្មេងស្រីរងគ្រោះនេះ។ ខ្ញុំសូមស្នើសុំដល់មហាជនទាំងអស់គ្នា ប្រសិនបើមានពត៌មាន ឬបានឃើញជនរងគ្រោះពេលកំពុងដើរទៅសាលា សូមផ្តល់ពត៌មាននេះ ទៅកាន់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ឬអង្គភាពការពារកុមារ (CPU)។

នៅវេលាម៉ោង១១និង៤៥នាទី ថ្ងៃទី១០ ខែមិនា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ កម្លាំងនគរបាលក្រុងប៉ោយប៉ែត ចុះធ្វើកោសល្យវិច័្ចយសព និងត្រួតពិនិត្យកន្លែងកើតហេតុ ករណីឃាតកម្មលើកុមារីឈ្មោះ លួត លីសា អាយុ៧ឆ្នាំ នៅក្រុងប៉ោយប៉ែត។

លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា កាលពីថ្ងៃទី ៩ ខែមីនា ឆ្នាំ ២០២២ ម៉ោង ១២និង៣០ នាទី លោកបានទទួលបណ្ដឹងពីពលរដ្ឋម្នាក់ឈ្មោះ សំ សាន្ត ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរជាកម្មករ រស់នៅភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត បានដឹងថា ពួកគាត់បានបាត់កូនស្រីម្នាក់ឈ្មោះ លួត លីហ្សា ភេទស្រី អាយុ៧ឆ្នាំ បានទៅរៀនម្នាក់ឯងនៅសាលាបឋមសិក្សាទំនប់ក៥ នៅម៉ោង១១ថ្ងៃត្រង់មិនឃើញកូនត្រឡប់មកពីរៀន ពួកគាត់បាននាំគ្នាទៅរកនៅសាលា ក៏មិនឃើញ បានឃើញតែកាបូបនិងស្បែកជើងនៅផ្លូវលំ១កន្លែង ទើបសម្រេចប្ដឹងសុំឲ្យនគរបាលជួយរក។ បន្ទាប់ពីទទួលបានបណ្តឹងពីក្រុមគ្រួសារជនរងគ្រោះ លោកបានដឹកនាំកម្លាំងនគរបាលក្រោមឱវាទ ចុះធ្វើការស្រាវជ្រាវ រហូតដល់ម៉ោង៩និង២០យប់ ទើបប្រទះឃើញសាកសពក្មេងស្រីត្រូវបានគេសម្លាប់ហើយយកទៅកប់ក្នុងដីឡូត៍មួយកន្លែង ភូមិក៥ ដោយមានសង្កត់ដុំថ្មនិងគ្រប់មេកឈើ ក្នុងស្ថានភាពអាក្រាតកាយ។

ពាក់ព័ន្ធករណីនេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានមានប្រសាសន៍ថា ក្រោយប្រទះឃើញសាកសពក្មេងស្រីរងគ្រោះ លួត លីសា លោកក៏បានបញ្ជាឲ្យកម្លាំងនគរបាលផែនជំនាញ សហការជាមួយកម្លាំងនគរបាលក្រុងប៉ោយប៉ែត ចុះត្រួតពិនិត្យកន្លែងកើតហេតុ ដើម្បីធ្វើកោសលវិច្ច័យសព ពេលនេះលោកកំពុងដឹកនាំកម្លាំង ចុះអនុវត្តនីតិវិធីដោយការយកចិត្តទុកដាក់បំផុត ដើម្បីឈានដល់ការចាប់ឃាត់ខ្លួន ជនល្មើសមកផ្តន្ទាទោសតាមច្បាប់៕រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×