Wednesday, December 24, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធាន គ.ជ.ប ជួបជាមួយអ្នករាយការណ៍ពិសេស ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្ស នៅកម្ពុជា ពាក់ព័ន្ធការបោះឆ្នោត

ភ្នំពេញ : ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានទទួលជួបប្រជុំពិភាក្សាតាមប្រព័ន្ធវីដេអូអនឡាញ ជាមួយលោក វិទិត មុនតាប៊ន(Mr. Vitit Muntarbhorn) អ្នករាយការណ៍ពិសេស ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា របស់អង្គការសហប្រជាជាតិ កាលពីរសៀលថ្ងៃព្រហស្បតិ៍ ទី១០ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ១៦:០០ នៅសាលប្រជុំ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។

បន្ទាប់ពីបានសម្ដែងការស្វាគមន៍ និងថ្លែងអំណរគុណចំពោះ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប រួចមក លោក វិទិត មុនតាប៊ន បានស្នើសុំការបកស្រាយពីភាគី គ.ជ.ប ទៅលើបញ្ហាចំនួនប្រាំចំណុចដូចខាងក្រោម ៖

  • គោលការណ៍តម្លាភាព ដែលធានាឱ្យការបោះឆ្នោតអាចទទួលយកបានពីគ្រប់ភាគីពាក់ព័ន្ធ
  • ការប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិកក្នុងដំណើរការរៀបចំការបោះឆ្នោត
  • ការចូលរួមរបស់អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិក្នុងដំណើរការរៀបចំការបោះឆ្នោត
  • ការទទួល និងដោះស្រាយបណ្ដឹងដោយតម្លាភាព
  • ការបង្កើតការិយាល័យបោះឆ្នោតនៅក្រៅប្រទេស ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅ និងធ្វើការនៅទីនោះបានបោះឆ្នោត។

ពាក់ព័ន្ធនឹងគោលការណ៍តម្លាភាព ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានឆ្លើយបញ្ជាក់ ដូចខាងក្រោម៖

  • ស្ថាប័ន គ.ជ.ប ត្រូវបំពេញបេសកកម្មរបស់ខ្លួនដោយគោរព និងអនុវត្តតាមរដ្ឋធម្មនុញ្ញ ច្បាប់ ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត និងបទបញ្ជាផ្ទៃក្នុងរបស់ គ.ជ.ប។
  • គ្រប់ភាគីពាក់ព័ន្ធ ដែលរួមមានគណបក្សនយោបាយ សមាគម អង្គការមិនមែនរដ្ឋាភិបាល និងអង្គភាពសារព័ត៌មាន ត្រូវបានលើកទឹកចិត្តឱ្យចូលរួមក្នុងដំណើរការរៀបចំការបោះឆ្នោត មានជាអាទិ៍៖
    • ការចូលរួមផ្ដល់យោបល់ ឬអនុសាសន៍លើសេចក្ដីព្រាងបទបញ្ជា និងនីតិវិធី សម្រាប់ ការបោះឆ្នោត
    • ការដាក់ភ្នាក់ងារគណបក្សនយោបាយ អ្នកសង្កេតការណ៍បោះឆ្នោត និងអ្នកសារព័ត៌មាន ដើម្បីចូលរួមតាមដាន និងសង្កេតមើលដំណើរការរៀបចំការបោះឆ្នោត ដែលក្នុងដំណើរការរៀបចំបញ្ជីបោះឆ្នោត មានគណបក្សនយោបាយចំនួន ៩ បានដាក់ភ្នាក់ងាររបស់ខ្លួនចំនួន ៥,៨៤០ នាក់ សមាគម អង្គការមិនមែនរដ្ឋាភិបាលចំនួន ១៦ បានដាក់អ្នកសង្កេតការណ៍បោះឆ្នោតចំនួន ៤,១៧៩ នាក់ ព្រមទាំងអ្នកសារព័ត៌មានក៏ចូលរួមយកព័ត៌មានអំពីដំណើរការនេះផ្សព្វផ្សាយជូនសាធារណជនផងដែរ។
    • ការពង្រឹងការងារអប់រំ និងបណ្ដុះបណ្ដាលធនធានមនុស្ស ការផ្សព្វផ្សាយព័ត៌មានអំពីការបោះឆ្នោត។
  • ក្នុងការប្រើប្រព័ន្ធអេឡិចត្រូនិកក្នុងដំណើរការរៀបចំការបោះឆ្នោត ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានឆ្លើយបញ្ជាក់ថា គ.ជ.ប នឹងដាក់ឱ្យដំណើរការនូវកម្មវិធីដូចខាងក្រោម៖
    • កម្មវិធីរៀបចំបញ្ជីបេក្ខជននៃគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងកម្មវិធីត្រួតពិនិត្យ ផ្ទៀងផ្ទាត់លក្ខខណ្ឌរបស់បេក្ខជន តាមប្រព័ន្ធកុំព្យូទ័រ
    • កម្មវិធីផ្ដល់ឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត
    • កម្មវិធីត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងបូកសរុបលទ្ធផលនៃការបោះឆ្នោតតាមប្រព័ន្ធកុំព្យូទ័រ។

ទាក់ទងទៅនឹងតម្លាភាពនៃការដោះស្រាយបណ្ដឹង ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានបញ្ជាក់ថា ក្នុងដំណើរការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ គ.ជ.ប មានយន្តការទទួល និងដោះស្រាយលើពាក្យបណ្ដឹងបីថ្នាក់ គឺនៅថ្នាក់គណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត ថ្នាក់គណៈកម្មការរាជធានី ខេត្ត រៀបចំការបោះឆ្នោត និងថ្នាក់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។

ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានមានប្រសាសន៍បញ្ជាក់ថា ច្បាប់តម្រូវឱ្យ គ.ជ.ប រៀបចំការិយាល័យបោះឆ្នោតនៅតាមឃុំ សង្កាត់ ក្នុងដែនដីនៃព្រះរាជាណាចក្រកម្ពុជា ហើយប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតនៃការិយាល័យបោះឆ្នោតក្នុងឃុំ សង្កាត់ណា ត្រូវអញ្ជើញទៅបោះឆ្នោតនៅការិយាល័យបោះឆ្នោតក្នុងឃុំ សង្កាត់នោះ។ គ.ជ.ប បានលើកទឹកចិត្តប្រជាពលរដ្ឋខ្មែរ ដែលធ្វើការនៅក្រៅប្រទេស ឱ្យអញ្ជើញមកបោះឆ្នោតនៅក្នុងប្រទេស ដោយធ្វើការផ្សព្វផ្សាយ តាមរយៈស្ថានទូត នៃព្រះរាជាណាចក្រកម្ពុជា៕ រក្សាសិទ្ធិដោយ : ចេស្តារ

×