Wednesday, December 24, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងមហាផ្ទៃ ចេញសេចក្តីណែនាំស្តីពីការកំណត់លក្ខណៈសម្បត្តិ និងនីតិវិធីនៃការតែងតាំងមុខតំណែងមន្ត្រីនគរបាលជាតិ

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចេញសេចក្ដីណែនាំ ស្ដីពី ការកំណត់លក្ខណៈសម្បត្ដិ និងនីតិវិធីនៃការតែងតាំងមុខតំណែងមន្ដ្រីនគរបាលជាតិ។ នេះបើតាមសេចក្ដីណែនាំ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២។

កន្លងមក ក្រសួងមហាផ្ទៃ បានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ អនុវត្តកម្មវិធីកំណែទម្រង់កងកម្លាំងនគរបាល ជាតិជាបន្តបន្ទាប់ឲ្យបានស្រប តាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលទៅតាមដំណាក់កាលនីមួយៗ ដោយក្នុងនោះបានធ្វើទំនើបកម្មរចនាសម្ព័ន្ធ និងកែសម្រួលតួនាទីភារកិច្ច ព្រមទាំងបានកំណត់នូវ លក្ខណៈសម្បត្តិ និងណែនាំនូវនីតិវិធីសម្រាប់ការងារតែងតាំងមុខតំណែង មន្ត្រីនគរបាលជាតិជាបន្តបន្ទាប់ ។

ក្នុងស្ថានភាពបច្ចុប្បន្ននេះ ដើម្បីពង្រឹងការងារតែងតាំងមុខតំណែងមន្ត្រីនគរបាលជាតិ ឲ្យកាន់តែល្អប្រសើរថែមទៀត សំដៅបង្កើនប្រសិទ្ធភាពក្នុងកិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក្រសួងមហាផ្ទៃ ធ្វើការណែនាំអំពីការកំណត់លក្ខណៈសម្បត្តិ និងនីតិវិធីក្នុងការពិនិត្យវាយតម្លៃសម្រាប់ការស្នើសុំ តែងតាំងមុខតំណែងជូន ដល់មន្ត្រីនគរបាលជាតិទាំងពីរភេទ ដូចខាងក្រោម ៖

ក- លក្ខណៈសម្បត្តិសម្រាប់ពិនិត្យក្នុងការស្នើសុំតែងតាំងមុខតំណែង :

១- មានមនសិការស្នេហាជាតិ ស្មោះត្រង់ និងមានភក្តីភាពចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ ។

២- គោរព និងប្រតិបត្តិបានម៉ឺងម៉ាត់នូវរាល់បទបញ្ជាផ្ទៃក្នុង គោលនយោបាយ និងច្បាប់របស់រដ្ឋ ។

៣- មានគំនិតផ្តួចផ្តើមច្នៃប្រឌិត មុខជំនាញវិជ្ជាជីវៈច្បាស់លាស់ ឧស្សាហ៍ព្យាយាម សកម្មការងារ និង មានស្មារតីទទួលខុសត្រូវខ្ពស់ ព្រមទាំងមានបទពិសោធន៍ល្អ ។

៤- មានសីលធម៌រស់នៅស្អាតស្អំ មិនប្រព្រឹត្តអំពើដែលបណ្តាលឲ្យប៉ះពាល់ដល់កិត្យានុភាពអង្គភាព និងកិត្តិយសរបស់ជាតិ ។

៥- មានសាមគ្គីភាពល្អ ទំនាក់ទំនងទូលំទូលាយជាមួយមន្ត្រីរួមការងារ និងសមត្ថកិច្ចពាក់ព័ន្ធ ចេះ កៀរគរកម្លាំងសាធារណៈចូលរួមសហការបំពេញភារកិច្ចសម្រេចបានលទ្ធផលល្អ ។

៦- ជាសេវាបម្រើ ជាអ្នកការពារដ៏ស្មោះត្រង់ និងទទួលបានទំនុកចិត្តពីអង្គភាព និងប្រជាពលរដ្ឋ ។

៧- មានសមត្ថភាពគ្រប់គ្រងបញ្ហាដឹកនាំ និងបំពេញភារកិច្ចប្រកបដោយប្រសិទ្ធភាព មានការគាំទ្រគោរពស្រឡាញ់ជឿទុកចិត្តពីមន្ត្រីក្រោមឱវាទ និងប្រជាពលរដ្ឋ ។

៨- មានសុខភាពល្អ និងកាយសម្បទាមាំមួន ។

៩- បានឆ្លងកាត់វគ្គបណ្តុះបណ្តាលជំនាញនគរបាលជាតិយ៉ាងតិចពីរខែកន្លះឡើង ។

ខ- នីតិវិធីនៃការតែងតាំងមុខតំណែង

រាល់ការតែងតាំងមុខតំណែងមន្ត្រីនគរបាលជាតិ ត្រូវអនុវត្តឲ្យបានត្រឹមត្រូវតាមរបៀបរបបការងារ គោលការណ៍ លក្ខណៈសម្បត្តិនៃការតែងតាំង និងត្រូវបំពេញបែបបទដូចខាងក្រោម ៖

១- សំណើរបស់អគ្គនាយកនៃអគ្គនាយកដ្ឋានសាមី ថ្នាក់ប្រហាក់ប្រហែល ប្រធាននាយកដ្ឋាននិងស្នងការនៃស្នងការដ្ឋាននគរបាលរាជធានី ខេត្ត -អង្គភាព តាមឋានានុក្រម ។

២- កំណត់ហេតុប្រជុំពិភាក្សាវាយតម្លៃរបស់ថ្នាក់ដឹកនាំអង្គភាព ដែលមានសមត្ថកិច្ចទៅលើលក្ខណៈ សម្បត្តិដូចបានកំណត់ខាងលើ ។

៣- ប្រវត្តិរូបសង្ខេបរបស់មន្ត្រីនគរបាលជាតិ (បិទរូបថតឯកសណ្ឋាននគរបាលជាតិ) ។

៤- រាល់សំណើសុំតែងតាំងមុខតំណែង រួមទាំងសំណុំបែបបទត្រូវឆ្លងតាមរយៈ នាយកដ្ឋានបុគ្គលិក ដែលជាសេនាធិការធ្វើការពិនិត្យ និងរៀបចំបែបបទតាមនីតិវិធីក្នុង ការលើកយោបល់ជូនថ្នាក់ដឹកនាំ តាមឋានានុក្រម ដើម្បីលើកយោបល់ជូនរដ្ឋមន្ត្រីក្រសួងមហាផ្ទៃពិនិត្យសម្រេច ។

ទទួលបានសេចក្ដីណែនាំនេះ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន អគ្គស្នងការនៃអគ្គស្នងការដ្ឋាន នគរបាលជាតិ អគ្គាធិការនៃអគ្គាធិការដ្ឋាន អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ អគ្គនាយកនៃអគ្គនាយកដ្ឋាន អត្តសញ្ញាណកម្ម អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា អគ្គនាយកនៃអគ្គនាយកដ្ឋាននានា និងថ្នាក់ប្រហាក់ប្រហែល ប្រធាននាយកដ្ឋានបុគ្គលិក ប្រធាននាយកដ្ឋាន-អង្គភាព ពាក់ព័ន្ធ និងស្នងការនៃស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ត្រូវអនុវត្តតាមសេចក្ដីណែនាំនេះឲ្យមានប្រសិទ្ធភាព ខ្ពស់ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×