ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តម៉ាក toyota prius មួយគ្រឿងក្នុងល្បឿនលឿន ដល់ផ្លូវបំបែកជាបួនខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលទៅបុកកង់កំពុងបើកឆ្លងផ្លូវ ចំពាក់កណ្ដាលយ៉ាងពេញទំហឹង ប៉ើងទៅផ្ទប់ជញ្ជាំងផ្ទះពលរដ្ឋ បណ្តាលឲ្យម្ចាស់កង់បីរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយ ដឹកយកទៅសង្រ្គោះបន្ទាន់ភ្លាមៗ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដែរ បានកើតឡើងកាលពីវេលាម៉ោង ១០និង៥០នាទីយប់ថ្ងៃទី ១១ខែមីនា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវ ២៦១ កែងនឹងផ្លូវ៤០២ ក្នុងសង្កាត់ទឹកល្អក់ទី ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

យោងតាមប្រភពពីពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា មុនកើតហេតុគេបានឃើញបុរសម្នាក់ បើកកង់បីឥណ្ឌាមួយគ្រឿង ពណ៌សពាក់ផ្លាកលេខ ភ្នំពេញ 1HM-9561 បើកបរតាមបណ្ដោយផ្លូវ ២៦១ ក្នុងទិសដៅពីត្បូងមកជើងក្នុងល្បឿនលឿនមធ្យម លុះមកដល់ចំណុចកើតហេតុ ផ្លូវបំបែកជា៤ ស្រាប់តែគេឃើញមានបុរសម្នាក់ បើករថយន្តបង្កម៉ាក toyota prius ពណ៌សពាក់ផ្លាកលេខភ្នំពេញ2BF-3900 បើកបរតាមបណ្ដោយផ្លូវ ៤០២ ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន មកដល់ចំណុចកើតហេតុ ក៏ជ្រុលទៅបុកកង់បីឥណ្ឌា ចំពាក់កណ្ដាលយ៉ាងពេញទំហឹងប៉ើងទៅផ្ទប់និងជញ្ជាំងផ្ទះពលរដ្ឋ បណ្ដាលឲ្យម្ចាស់កង់បី រងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយ ដឹកយកទៅសង្គ្រោះបន្ទាន់ភ្លាមៗ ចំណែកឯម្ចាស់រថយន្តបង្ក បានបើកទ្វាររត់គេចខ្លួនបាត់ស្រមោល។
ក្រោយកើតហេតុខាងលើសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកដល់រួចវាស់វែង និងធ្វើកំណត់ហេតុ យករថយន្តបង្កនិងម៉ូតូកង់បីរងគ្រោះ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក រងចាំឲ្យភាគីទាំងពីរដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត








